ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ អាលីយ៉ា ប្រកាសថាបណ្ដឹងធ្លាក់ដល់ដៃតុលាការ

យោងតាមការទម្លាយផ្លូវការ គឺពិធីការិនី និងតារាចម្រៀងឌីជេ អាលីយ៉ា បានដាក់បណ្ដឹង២ករណីទៅកាន់តុលាការក្រុងភ្នំពេញចោទប្រកាន់បុរស២នាក់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើនាង និង រឹបអូសទ្រព្យនាង ដោយមិនព្រមដោះស្រាយ។ ដំណឹងចុងក្រោយបានអះអាងថាបណ្ដឹងរបស់នាងដែលគ្មានលទ្ធផលអស់ជាង២ឆ្នាំនោះ ចាប់ផ្ដើមមានពន្លឺហើយ។

ប្រភពពីមន្ត្រីតុលាការបានព្រលយចេញថា គេបានប្រទះឃើញបណ្ដឹងរបស់នាងចូលដល់ដៃតុលាការរួចហើយកាលពីចុងឆ្នាំ២០១៦ ដោយទើបនឹងត្រូវព្រះរាជអាជ្ញារងម្នាក់ប្រកាសស៊ើរើ និងគ្រោងកោះហៅ វីជេ អាលីយ៉ា ឲ្យមកបំភ្លឺក្នុងពេលឆាប់ៗ។ ក្នុងបណ្ដឹងនោះនាងបានប្ដឹងបុរស២នាក់ ដោយម្នាក់ជាអតីតមិត្តប្រុសពីបទប្រើប្រាស់ហិង្សា និង មួយករណីទៀតគឺប្ដឹងថៅកែម្នាក់ពីបទរឹបអូសទ្រព្យសម្បត្តិរបស់នាងបំផ្លាញមុខជំនួញកុន និងជំនួញលក់សំលៀកបំពាក់របស់នាងដែលមានតម្លៃសរុបមិនក្រោម២០ទៅ៣០ម៉ឺនដុល្លារ។ រឿងរ៉ាវរបស់នាងត្រូវបានប្រកាសថាកើតឡើងយូរហើយតាំងពីឆ្នាំ២០១៤ម្ល៉េះ ប៉ុន្តែមកពីពេលនាងធ្លាក់ខ្លួនមិនមានលុយកាក់ស៊ូកប៉ាន់ ក៏ត្រូវគេរើសអើងបណ្ដឹងរបស់នាង។ នេះបើយើងតាមការបញ្ជាក់របស់នាង។

ឌីជេ អាលីយ៉ា បានទទួលស្គាល់ថានាងពិតជាមានបណ្ដឹងប្ដឹងបុរសទាំង២ដូចការលើកឡើងមែន ដោយបណ្ដឹងនេះគឺប្ដឹងយូរហើយ ប៉ុន្តែរាល់ពេលនាងប្ដឹងមន្ត្រីចេះតែរកលេសទារលុយកាក់នាង ហើយក្នុងពេលដែលនាងមិនមានថវិកាចំណាយក្នុងពេលធ្លាក់ខ្លួន ទើបបណ្ដឹងរបស់នាងត្រូវបានធីប។ អ្នកនាងថាបណ្ដឹងនេះទើបតែមានមេធាវីម្នាក់ឈ្មោះ ឯម សុជាតិ ចេញមុខជួយដោយមិនយកកម្រៃប៉ុណ្ណោះ ទើបពាក្យបណ្ដឹងរបស់នាងបានធ្លាក់ដល់ដៃក្រសួងមហាផ្ទៃ និងចុងក្រោយបានធ្លាក់ដល់ដៃតុលាការកាលពីខែធ្នូ ចុងឆ្នាំ២០១៦។ នាងថាបុរសដែលនាងដាក់ប្ដឹង គឺម្នាក់ជាខ្មែរសញ្ជាតិអាមេរិក ជាអតីតមិត្តប្រុសដែលឡើងចុះស្រុកខ្មែរមកបង្ហាត់ភ្លេង និងរបាំដល់កូនខ្មែរ និងម្នាក់ទៀតជាម្ចាស់ជំនួញធំមួយនៅប្រទេសកម្ពុជាដែលជាបុរសខ្មែរសញ្ជតិម៉ាឡេស៊ី។ នាងថាកាលពីថ្ងៃទី១៤ កុម្ភ: ក្នុងឆ្នាំ២០១៤ នាង និងមិត្តប្រុសឈ្លោះគ្នាហើយបុរសនោះបានទះតប់នាង និងច្របាច់ករនាងបណ្ដាលឲ្យសន្លប់ឈឹង និងរបួសធ្ងន់ ហើយរត់គេចខ្លួន ដោយពេលដាក់បណ្ដឹងខាងមន្ត្រីអាជ្ញាធរ គឺមន្ត្រីទាំងនោះមិនធ្វើការដោះស្រាយនោះឡើយ។ បន្តបន្ទាប់មកម្ចាស់ផ្ទះដែលនាងជួលបើកហាងស្ទីឌីយោ និងស្ដុកសំលៀកបំពាក់ក្រោយរើហាងលក់ខោអាវ ក៏បិទទ្វាររឹបអូសយកឥវ៉ាន់ទាំងនោះរបស់នាងតែម្ដង ដោយយកលេសថាអតីតមិត្តប្រុសរបស់នាងរត់គេចហើយនៅជំពាក់ថ្លៃផ្ទះចំនួន២០០ដុល្លារ។

ឌីជេ អាលីយ៉ា បន្តថា ម្ចាស់ផ្ទះនោះមានចេតនាប្លន់យកទ្រព្យរបស់នាងតែម្ដង ទើបប្រើតែពាក្យមួយម៉ាត់ថា បើចង់បានរបស់វិញ ត្រូវហៅអតីមិត្តប្រុសឲ្យមកជួបលោកវិញទើបព្រមប្រគល់ឲ្យ ដោយសូម្បីតែនាងប្រកាសចេញសងនូវរាល់បំណុលដែលជំពាក់ជំពិន។ នាងនិយាយថា«មុនមានរឿងហ្នឹង! ខ្ញុំមានហាងសំលៀកបំពាក់ផង មានក្រុមហ៊ុនផលិតកុនផង តែថៅកែហ្នឹងគាត់បិទទ្វារយកទ្រព្យរបស់ខ្ញុំតែម្ដង ខ្ញុំអត់ដឹងថាថីបានគាត់ធ្វើដល់ថ្នាក់ហ្នឹងទេ! មកដល់រាល់ថ្ងៃ ជីវិតដូចស្លាប់ទាំងរស់ចឹង ស្អីក៏អត់ លុយក៏គ្មាន!»។ អ្នកនាងថាថៅកែនោះជាមនុស្សមានលុយ មានអំណាច ហើយមិនខ្វល់នឹងរឿងបណ្ដឹងរបស់នាងនោះទេ ទើបធ្វើឲ្យនាងទទួលរងអយុត្តិធម៌ក្រោយពេលនាងដាក់បណ្ដឹងហើយត្រូវមន្ត្រីអាជ្ញាធរច្រានចោល។ នាងចាត់ទុកថាតុលាការទទួលបានបណ្ដឹងរបស់នាងកាលពីខែធ្នូ ក្នុងឆ្នាំ២០១៦ គឺជាសញ្ញាណវិជ្ជមានដ៏កម្រ បើទោះជាយុត្តិធម៌មិនទាន់នឹងមានលទ្ធផល៕

មតិយោបល់