ខុសពីម្ដាយដែលមានទេពកោសល្យលើផ្នែកពិធីការិនី ប្អូនស្រី យុគ ដាពេជ្រ ហៅអម កូនស្រីរបស់អ្នកនាង យុគ ចិន្តា បែរជាមានសមត្ថភាពលើអាជីពចម្រៀងរហូតត្រូវបាននាយកសាលាស្រណោះតន្ត្រីជ្រើសឲ្យចេញប្រកួតលើឆាកអន្តរជាតិនោះផង។ កូនស្រីអ្នកនាងនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២២ កក្កដា ទៅប្រកួតច្រៀងកម្រិតអាស៊ាននៅសិង្ហបុរី ក្រោយពីអ្នកនាងយុគ ចិន្តា បដិសេធមិនឲ្យចូលប្រលង The Voice Kid ដែលរៀបចំដោយទូរទស្សន៍ហង្សមាស។
អ្នកនាងយុគ ចិន្តា និយាយថា ដោយសារតែកូនអមរបស់អ្នកនាង មានចំណូលចិត្តលើតន្ត្រី និងច្រៀងរាំ ទើបអ្នកនាងសម្រេចឲ្យកូនស្រីរៀនផ្នែកព្យាណូកាលពី៤ឆ្នាំមុន និងឲ្យបន្តសិក្សាផ្នែកច្រៀងនៅសាលាស្រណោះតន្ត្រីតាមការចូលចិត្ត។
អ្នកនាងថាកូនស្រីមានទឹកដមសំឡេងល្អ ដោយបានទាំងសុំអ្នកនាងចូលប្រកួតប្រជែងក្នុងកម្មវិធី The Voice Kid របស់ហង្សមាសនោះផង តែអ្នកនាងមិនព្រមឲ្យប្រលងដោយអះអាងចង់ឲ្យកូនស្រីពង្រឹងសមត្ថភាពឲ្យបានល្អសិន។ អ្នកនាងនិយាយថា កូនស្រីសុំប្រលងកម្មវិធី The Voice Kid Cambodia តាំងពីមានការប្រកាសភ្លាមៗ តែអ្នកនាងមិនអនុញ្ញាតដោយសារតែអ្នកនាងមិនចង់ឲ្យកូនខកចិត្ត នៅពេលលទ្ធផលមិនដូចបំណង។ យ៉ាងណាមិញ អ្នកនាងបានលើកទឹកចិត្ត បន្ទាប់ពីបានដឹងថា កូនស្រីរបស់ខ្លួនត្រូវបាននាយកសាលាស្រណោះតន្ត្រី ជ្រើសឲ្យក្លាយជាបេក្ខភាពមួយរូបទៅប្រកួតប្រលងចម្រៀងក្នុងកម្មវិធី Asian Art Festival 2017 នៅក្នុងប្រទេសសិង្ហបុរី ដែលមានតំណាង១១ប្រទេសនៅអាស៊ានចូលរួមនោះ។
អ្នកនាងថាសម្រាប់ការប្រកួត The Voice Kid គឺអ្នកនាងយល់ថាវាលើសពីសមត្ថភាពរបស់កូនស្រី តែបើការចេញប្រកួតនៅក្នុងប្រទេសសិង្ហបុរីគឺអ្នកនាងយល់ថា ជាឱកាសធំមួយ ដើម្បីស្ទាបស្ទង់សមត្ថភាព។ អ្នកនាងបានសម្រេចដាក់ច្បាប់ទៅតាមកូនស្រី ដោយនឹងចេញដំណើរជាមួយថ្ងៃទី២២ កក្កដា ដើម្បីលើកទឹកចិត្តកូនស្រី ដែលត្រូវប្រកួតនៅថ្ងៃទី២៤ កក្កដា នៅសិង្ហបុរី។
បើទោះជាលោកសូ ស្រណោះ បញ្ជាក់ថាកូនស្រីអ្នកនាងមានទឹកដមសំឡេងល្អ ដែលអាចទទួលបានមេដាយមាសពីការប្រកួតដែលត្រូវបញ្ជូននោះ ក៏អ្នកនាងនៅតែប្រកាសថាខ្លួនអត់សង្ឃឹមខ្ពស់ដល់ម្លឹងទេ។ អ្នកនាងថា ឱកាសចេញប្រកួតរបស់កូនស្រី គឺរំពឹងត្រឹមថាទទួលបានបទពិសោធន៍ត្រឡប់មកវិញប៉ុណ្ណោះ ចំណែករឿងទទួលបានមេដាយ ឬមិនទទួលគឺអ្នកនាងមិនខ្វល់។ អ្នកនាងថាបំណាច់ឃាត់កូនមិនឲ្យទៅប្រកួត The Voice Kid តាមការទាមទារទៅហើយ គឺអ្នកនាងមិនអាចមិនបណ្ដោយឲ្យកូនស្រីទៅប្រលងចម្រៀងនៅសិង្ហបុរីតែម្នាក់ឯងទៀតឡើយ។
លោក សូ ស្រណោះ និយាយថា ការប្រកួតនេះលោកបានបញ្ជូនបេក្ខភាពជាក្មេងៗ២១រូបឲ្យចេញប្រកួត ដោយក្នុងនោះមានកូនស្រី អ្នកនាងយុគ ចិន្តា ម្នាក់ដែរ។ លោកថា កូនស្រីអ្នកនាង ជំនាញទាំងព្យាណូ និងច្រៀង ប៉ុន្តែមកពីនាងច្រៀងរំពឹងឈ្នះមេដាយច្រើនជាង ទើបលោកសម្រេចឲ្យប្រលងចម្រៀងក្នុងព្រឹត្តិការណ៍កម្រិតអាស៊ាននោះ៕
https://youtu.be/cSLpRrPTEmE
https://youtu.be/pCn8BAx7Li8
មតិយោបល់