ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង គីង សូរិយា ត្រលប់មករស់នៅកម្ពុជាស្ងាត់ៗ

មានការភ្ញាក់ផ្អើលគួរសម ខណៈដែលតារាចម្រៀងបាត់មុខឈឹងពីប្រទេសកម្ពុជា អ្នកនាងគីង សូរិយា ស្រាប់តែលេចមុខក្រឡឺមក្នុងពិធីខួបកំណើតរបស់លោកចាន់ រដ្ឋា ជាអតីតហ្វ្រេស៊ី និងជាអ្នកគ្រប់គ្រងហាងវីហ្វ្រេន កាលពីយប់ថ្ងៃទី២៥ មករា។

អ្នកនាងបានបង្ហាញខ្លួន ក្រោមការអញ្ជើញរបស់លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដោយលោកប្រាប់ថាបានជួបជជែកគ្នានៅអាមេរិក។ អ្វីដែលគេមិននឹកស្មានដល់ គឺអ្នកនាងបញ្ជាក់ប្រាប់ថា នឹងត្រលប់មករស់នៅកម្ពុជា ដូចដើមវិញហើយ បន្ទាប់ពីបានចំណាយពេលជិតពាក់កណ្ដាលជីវិត នៅលើទឹកដីអាមេរិក។

អ្នកនាងគីង សូរិយា បានអះអាងថាក្រោយពីបានចាកចេញពីប្រទេសកម្ពុជា ប្រមាណ១៦ឆ្នាំ អ្នកនាងប្រកាសសម្រេចចិត្តត្រលប់មករស់នៅជាប់លាប់នៅលើប្រទេសកំណើតវិញហើយ ដោយសារតែមើលឃើញថាវិថីសិល្បៈនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន។ អ្នកនាងថាត្រលប់មករស់នៅតែម្នាក់ឯងប៉ុណ្ណោះ ដោយទើបមកដល់កាលពីថ្ងៃទី១៩ មករា ចំណែកកូនរបស់អ្នកនាង២នាក់ទៀត មិនមកនោះទេដោយសារតែម្នាក់ៗសុទ្ធតែជាប់ធ្វើការ និងជាប់រៀន។ ក្នុងនោះអ្នកនាងក៏គម្រោងនឹងឡើងចុះៗ អាមេរិកម្ដងម្កាលផងដែរ ដោយសារតែអ្នកនាងក៏មានសញ្ជាតិដែលអាចរស់នៅស្រុកខ្មែរដូចដើម ក៏មិនភ័យរឿងត្រលប់ចូលអាមេរិកលែងបាន។ អ្នកនាងបានចាកចេញពីកម្ពុជា កាលពីដើមឆ្នាំ២០០១ ខណៈដែលអ្នកនាងត្រលប់មករស់នៅកម្ពុជាលើកនេះ គឺអ្នកនាងរស់នៅជាមួយប្អូនស្រី និងគម្រោងទិញផ្ទះផ្ទាល់ខ្លួនឆាប់ៗ។ អ្នកនាងប្រកាសឡើងច្រៀង និងវាយលុកទីផ្សារចម្រៀងចាប់ពីពេលនេះតទៅ ដើម្បីអោយមហាជនបានស្គាល់អ្នកនាងឡើងវិញ។ អ្នកនាងថាដោយសារតែលោកអ៉ិន ដែលអ្នកនាងបានជួបនៅអាមេរិកធ្លាប់បានសន្យាថាបើអ្នកនាងមកដល់អោយខលមកលោក ហើយគាប់ជួនជាលោកក៏មានបំណងបង្ហាញអោយមហាជន បានឃើញពីវត្តមានរបស់អ្នកនាងជាសាធារណៈផង ទើបអ្នកនាងសម្រេចចិត្តមកចូលរួម ក្នុងខួបកំណើតរបស់លោកចាន់ រដ្ឋាដែរ។

ខាងក្រោមនេះ ជាបទសម្ភាសន៍ផ្ទាល់របស់អ្នកនាងគីង សូរិយ៉ា ក្រោយពីបានមកដល់ស្រុកទើបតែបានប៉ុន្មានថ្ងៃ៖

https://www.youtube.com/watch?v=Lto4bfZES1Y&feature=youtu.be

មតិយោបល់