ភ្នំពេញ: កាលពីយប់ថ្ងៃទី៨ ឧសភា សមាគមសិល្បករខ្មែរ បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការប្រគំតន្ត្រីលក់សំបុត្រ នៅសាលចតុមុខ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ពិធីនេះ ក្រៅពីមានអ្នកទិញសំបុត្រចូលទស្សនាកកកុញ ក៏មានការចូលរួមដោយមន្ត្រីតំណាងមកពីក្រសួង និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន។
តារាចម្រៀង តារាសម្ដែង និងតារាកំប្លែងជាច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងវេទិកានោះ។ ការសម្ដែងរបាំជូនពរ ដែលរាំដោយMiss Global លេខ២ មកពីសហរដ្ឋអាមេរិកជាសញ្ជាតិខ្មែរ បានបើកឆាកមុនគេ ដោយបន្តបន្ទាប់មកក៏មានការសម្ដែងរបាំ ការរាំគោះជើងរបស់Miss Global ចំណាត់ថ្នាក់លេខ៣ មកពីប្រទេសអៀរឡង់ ការបកស្រាយចម្រៀងបណ្ដាក់គ្នារបស់លោក អ៊ុក ណារីម, អ្នកនាង ឆោម ឆពុំ, អ្នកនាង ម៉េង កែវពេជ្ជតា, លោក រ័ត្ន មករា, អ្នកនាង ហ៊ឹម ស៊ីវន, លោក ហួរ ឡាវី និងកញ្ញា មាស សុខសោភា ជាដើម។
ក្នុងនោះក៏មានឈុតឆាកកំប្លែង របស់ក្រុមនាយកុយ និងសកម្មភាពដើរម៉ូដរបស់ក្រុម Sun Super Model អមដោយសកម្មភាពដើរម៉ូដរបស់ Miss Global ទាំង៣នៅវគ្គចុងក្រោយផងដែរ។ យ៉ាងណាមិញ គេនៅមិនបានដឹងពីតួលេខប្រាក់ចំណូលសរុប ដែលទទួលបានពីកម្មវិធីនេះនៅឡើយ ដោយសារតែសប្បុរសជន នៅតែបណ្ដាក់គ្នាបរិច្ចាគនៅក្រោយពេលបញ្ចប់។
ខាងក្រោមនេះជាសកម្មភាពមួយចំនួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅចតុមុខ ដែលត្រូវគេមើលឃើញថាទទួលបានជោគជ័យក្នុងការរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៖
មតិយោបល់