យោងតាមការបញ្ជាក់របស់កញ្ញាឌួង ហ្សូរីដា គឺម្ដាយរបស់តារាសម្ដែងនាងសោម ស្រីនាថ បានកើតជំងឺមហារីកសុដន់ដល់ដំណាក់កាលចុងក្រោយ មិនអាចធ្វើការវះកាត់បានដូចគ្នា នឹងភរិយារបស់លោករិន សាវ៉េត។ យ៉ាងណាមិញ កញ្ញាថាសោម ស្រីនាថ ទទួលសម្ពាធធំជាងលោករិន សាវ៉េត ដោយសារតែជំងឺរបស់ម្ដាយនាង ក្រៅពីមានសភាពធ្ងន់ហើយ ក៏ត្រូវចំណាយលុយច្រើនលើការព្យាបាលផងដែរ ដែលខុសគ្នាពី រិន សាវ៉េត មានឱកាសជ្រោមជ្រែងពីក្រុមគ្រូពេទ្យនោះ។
កញ្ញាឌួង ហ្សូរីដា បានអះអាងថា ម្ដាយរបស់តារាសម្ដែងនាងសោម ស្រីនាថ មានឈ្មោះថាឆឹង វណ្ណា អាយុ៥២ឆ្នាំ ដោយអ្នកស្រីកើតជំងឺមហារីកសុដន់ច្រើនឆ្នាំមកហើយ ដោយគ្រាន់តែការធ្វើទុក្ខធ្ងន់ ទើបតែធ្ងន់នៅប៉ុន្មានថ្ងៃចុងក្រោយ។ អ្នកស្រីស្ថិតក្នុងការសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរូស្ស៊ី ដោយខាងគ្រូពេទ្យបញ្ជាក់ថា ជាជំងឺស្ថិតក្នុងដំណាក់កាលចុងក្រោយ ដោយសារតែមេរោគមហារីកបានរីករាលដាល ហើយមិនអាចធ្វើការវះកាត់បាន ដោយរំពឹងតែមួយមុខគឺបាញ់ថ្នាំគីមីសម្លាប់មេរោគរាលដាល ដោយចំពោះលទ្ធផលក៏មិនទាន់ដឹងនៅឡើយ។ កញ្ញាថាដុំសាច់កាចរបស់ម្ដាយសោម ស្រីនាថ មានសភាពធ្ងន់ធ្ងរ ដោយមានតែមធ្យោបាយមួយគត់គឺបាញ់ថ្នាំគីមីដូចគ្នានឹងភរិយារបស់លោក រិន សាវ៉េត។ កញ្ញាថា ការព្យាបាលតម្រូវអោយកញ្ញាសោម ស្រីនាថ ប្រឈមកង្វះខាតយ៉ាងខ្លាំង ខណៈដែលនាងក៏អស់សង្ឃឹមនឹងជំងឺរបស់ម្ដាយដូចគ្នា ដោយសារតែជំងឺនោះត្រូវបានគ្រូពេទ្យបញ្ជាក់ថាជាដំណាក់កាលធ្ងន់ធ្ងររបស់ជំងឺមហារីក។ ឌួង ហ្សូរីដា និយាយថា«អានាថគ្នាអត់មានលុយទេ ម្ដាយឈឺចឹងមិនដឹងមិចម៉ាទេ បើគ្រាន់តែបាញ់ថ្នាំគីមីម្ដងឡើង៤-៥០០(ដុល្លារ)ហើយហ្នឹង ហើយមិនមែនបាញ់ម្ដងណាឮថាបាញ់ច្រើនដឹងទៀត ចុះនៅថ្លៃពេទ្យ ថ្លៃអីទៀតខ្ញុំអាណិតគ្នាតើ! ម្ដាយគ្នានឹងពេទ្យថាដំណាក់កាលចុងក្រោយហើយ»។ កញ្ញាបានដឹកនាំតារាសិល្បៈមួយក្រុមទៅសួរសុខទុក្ខម្ដាយរបស់នាងកាលពីល្ងាចថ្ងៃទី១ កុម្ភៈ នៅពេទ្យរូស្ស៊ី ដោយកញ្ញាក៏បានប្រមែប្រមូលថវិកាជួយដល់នាងក្នុងនាមជាមិត្តរួមអាជីពផងដែរ បើទោះថវិកាទាំងនោះមិនច្រើនដល់កម្រិតដែលអាចអោយសោម ស្រីនាថ ដោះស្រាយរឿងម្ដាយសម្រាកព្យាបាលជំងឺមហារីកនាពេលបន្តបន្ទាប់បាន។ កញ្ញាថាកញ្ញាសោម ស្រីនាថ ដ្បិតថាទទួលបានភាពលេចធ្លោរលើការងារសម្ដែង និងថតម៉ូដ ប៉ុន្តែលុយកាក់មិនសូវមានទេ ទើបបណ្ដោយអោយមហារីករបស់ម្ដាយឈានដល់ដំណាក់ធ្ងន់ធ្ងរមុនពេលដឹកមកដល់មន្ទីរពេទ្យ៕
មតិយោបល់