ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ជិតផុតកំណត់ លេបថ្នាំពន្យារជីវិត

ដំណឹងចុងក្រោយដែលទើបទទួលបានពីប្រទេសថៃ គឺតារាសម្ដែងកញ្ញាពេជ្រ ចរណៃ មិនមានលទ្ធភាពធ្វើការវះកាត់បេះដូងតាមការទាមទាររបស់គ្រូពេទ្យជំនាញនោះទេ ដោយសារតែពេទ្យបេះដូងនៅក្នុងទីក្រុងបាងកក បានកំណត់តម្លៃវះកាត់ជួសជុលសរសៃប្រើសបេះដូងរបស់នាង និងព្យាបាលជំងឺបេះដូងប្រហោងផងរហូតដល់ជិតនឹង៤ម៉ឺនដុល្លារ ដែលមិនទាន់មានសប្បុរសជនណាមួយហ៊ានចេញមុខជួយ។

នាងត្រូវបានម្ដាយបញ្ជាក់ថាបានចាកចេញពីមន្ទីរពេទ្យធំនៅទីក្រុងបាងកក ហើយសម្ងំរស់នៅក្នុងកន្លែងជួលមួយកន្លែងស្ថិតនៅជាយក្រុង ដោយទទួលយកថ្នាំដើម្បីពន្យារជីវិតសិន ដើម្បីរង់ចាំដំណឹងពីខាងផលិតកររបស់ផលិតកម្មទេពនិករ ដែលនាងថតកុនឲ្យមិនទាន់ចប់ ហើយបានប្រកាសថានឹងរកអ្នកមានលុយជួយនាងឲ្យបានវះកាត់នោះ។

អ្នកស្រីសុជាតា ម្ដាយរបស់ពេជ្រ ចរណៃ និយាយថាកូនស្រីរបស់អ្នកមិនអាចបន្តស្នាក់នៅក្នុងពេទ្យធំបេះដូងរបស់ប្រទេសថៃបានទៀតទេ ដោយសារតែការស្នាក់នៅ និងការចំណាយគឺមានចំនួនច្រើន មិនអាចនឹងទប់ទល់បាន។ គ្រាន់តែចូលពិនិត្យ និងប្រឹក្សាជាមួយពេទ្យជំនាញគឺអស់ប្រមាណជាង១ពាន់ដុល្លារ ដែលទទួលបានពីសប្បុរសជនដែលនាងបានទទួលមុនពេលចាកចេញទៅថៃបាត់ទៅហើយ ទើបនាង និងម្ដាយសម្រេចចិត្តសុំថ្នាំលេបពន្យាជិវិតសិនក្នុងពេលដំណឹងលុយវះកាត់គឺមិនមាន។

អ្នកស្រីនិយាយថាផលិតកម្មទេពនិករ ដែលបានជម្រុញឲ្យអ្នកស្រីយកកូនទៅដល់ថៃសិន នឹងផ្ញើលុយពីសប្បុរសជនទៅជួយលើការវះកាត់នោះ នៅមិនទាន់អាចរកសប្បុរសជនណាមួយមកជួយកូនស្រីសម្រាប់ការវះកាត់នោះទេ ទើបអ្នកស្រី និងកូនស្រីកាន់តែអស់សង្ឃឹម។

អ្នកស្រីនិយាយថាគ្រូពេទ្យតម្រូវឲ្យលេបថ្នាំពន្យារស្ថានភាពជំងឺមួយរយៈពេលខ្លី តែបើលេបដល់កំណត់ហើយនៅតែគ្មានប្រាក់កាសវះកាត់ទៀតគឺមិនខុសពីអស់សង្ឃឹមនោះទេ ក្នុងពេលដែលគ្រួសារអ្នកស្រីមិនមានលទ្ធភាពស្វែងរកប្រមាណជា៤ម៉ឺនដុល្លារមកចំណាយលើការវះកាត់នោះបាន។ អ្នកស្រីមានក្ដីរំពឹងតែមួយគត់ គឺនឹងទទួលបានថវិកាជំនួយពីការស្វះស្វែងរបស់ម្ចាស់ផលិតកម្មទេពនិករ តែបើគ្មាននោះទេ គឺមិនដឹងថាស្ថានភាពលេបថ្នាំពន្យារជីវិតនឹងអាចបន្តដល់ពេលណាទេ។

គួរបញ្ជាក់ថាមកទល់ពេលនេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានត្រឹមតែទទួលជំនួយតិចតួចៗពីសប្បុរសជនប៉ុណ្ណោះដែលថវិកាទាំងនោះ គឺបានជួយឲ្យនាងបានចេញទៅព្យាបាលដោយលេបថ្នាំនៅក្នុងប្រទេសថៃ ហើយធូរស្រាលស្ថានភាពចុក និងថប់ដង្ហើមដែលរាល់ពេលធ្វើទុក្ខ គឺស្ទើរតែធ្វើឲ្យនាងដាច់ខ្យល់។ ក្នុងនោះគ្រួសារតារាកម្ពុជាបានប្រមែប្រមូលកម្លាំងសប្បុរសធម៌ជួយនាងបានប្រមាណជាជិត២ពាន់ដុល្លារ ដោយលើកទី១ប្រគល់ឲ្យម្ដាយរបស់នាងមុនចេញទៅថៃ បានចំនួន១១៤០ដុល្លារ និង១៥ម៉ឺនរៀល និងលើកទី២ដែលមិនទាន់ប្រគល់ឲ្យនៅឡើយមានចំនួន ៦៤៥ដុល្លារ និង២៨ម៉ឺនរៀល ដែលថវិកាទាំងនោះបានត្រឹមតែទប់ក្នុងការចំណាយរបស់នាងនៅក្នុងប្រទេសថៃប៉ុណ្ណោះ៕

មតិយោបល់