ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្អូនស្រី ឯក ស៊ីដេ សារភាពរឿងអស់បង្អែកពីប្រុសស្នេហ៍

វត្តមានបង្ហាញមុខថ្មីរបស់តារាសម្ដែងនាងឯក សុវណ្ណារ័ត្ន ដែលអ្នកណាក៏ស្គាល់ថាជាប្អូនស្រីជីដូនមួយបង្កើតរបស់តារាចម្រៀងលោក ឯក ស៊ីដេ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលមុនបាត់មុខអ្នកណាក៏ដឹងថានាងបានទទួលបានបង្អែកពីបុរសសំបូរទ្រព្យម្នាក់ ហើយជីវភាពរបស់នាងក្នុងពេលឈប់សម្ដែងក៏ហ៊ឺហារឡូយឆាយ។ ក្នុងជំនួបក្រោយបញ្ចប់ពិធីខួបកំណើតរបស់តារាសម្ដែងនាងទេព កញ្ញា តារាសម្ដែងរូបនេះបានសារភាពថានាងពិតជាបែកបាក់នឹងបុរសម្នាក់នោះ តែថាមិនមែនធ្លាក់ខ្លួនទើបត្រលប់មកបង្ហាញខ្លួនក្នុងសិល្បៈឡើយ។

តារាសម្ដែង ឯក សុណ្ណារ័ត្ន ដែលមានឈ្មោះក្នុងសិល្បៈថា តារារត័្ន បានសារភាពថាដោយសារតែមានការមិនចុះចម្រុងក្រោយការរួមរស់ ទើបរវាងនាង និង បុរសសំបូរទ្រព្យម្នាក់នោះ បែកគ្នា ដែលនាងយល់ថាជាឱកាសអោយនាងអាចត្រលប់មកកាន់ការសម្ដែងជាថ្មី។ នាងថាអតីត គូស្នេហ៍របស់ខ្លួន បិទសិទ្ធិមិនអោយនាងឡូកឡាក់ការសម្ដែងនោះទេ តែលោកបានផ្ចុងផ្ដើមអោយនាងមានហាងសាឡន និងមានជីវភាពមិនខ្វះចាយក្នុងពេលចាប់ដៃគ្នា។

នាងបដិសេធទាំងស្រុងថាហេតុផលបែកគ្នា មិនមែនដោយសារតែភរិយាដើម ឬកំណាន់ចិត្តណាម្នាក់របស់អតីតគូស្នេហ៍អុកឡុកស្នេហានោះទេ ដោយសារតែក្នុងពេលរួមរស់ គឺអតីតសង្សាររបស់នាងជាបុរសនៅលីវ បើទោះជាលោកមានវ័យ៣០ក្រាស់នៅក្នុងពេលនោះ។

នាងថាហេតុផលបែកគ្នា អាចបណ្ដាលមកពីនាងសុំទទួលការសម្ដែងដូចដើម និងបញ្ហាមិនចុះសម្រុងមួយចំនួនដែលបានកើតឡើងចុងក្រោយទើបរវាងនាង និងអតីតសង្សារត្រូវបែកខ្ញែកគ្នា។ នាងថាក្រោយពេលអស់បង្អែកនាងនៅតែបានដំណើរការហាងសាឡនធំដុំរបស់ខ្លួននៅម្ដុំផ្សារហេងលីដូចដើម ប៉ុន្តែមកពីនាងនៅស្ដាយការងារសិល្បៈ ទើបសម្រេចត្រលប់មកកាន់ការសម្ដែងជាថ្មី ដោយសម្អាងថាមុនពេលបាត់មុខនាងក៏មានទំនាក់ទំនងរាប់អានជាមួយផលិតករច្រើនដែរ ជាពិសេសតាមរយៈកេរ្តិ៍ឈ្មោះរបស់បងជីដូនមួយនាងគឺលោកឯក ស៊ីដេ ដែលជាតារាចម្រៀង។

មកទល់ពេលនេះមិនទាន់មានការទាក់ទងអោយនាងបានសម្ដែងជាថ្មីនោះទេ ដោយនាងយល់ថាអាចបណ្ដាលមកពីបណ្ដាផលិតករស្មានថានឹងឈប់ទទួលសម្ដែងដូចមុន។ នាងថាការត្រលប់មកជាថ្មីមិនទាន់ហួសពេលនោះទេ ដោយនាងប្រកាសសម្ដែងគ្រប់ទម្រង់ មិនថាតួម្ដាយ ឬតួចំណាស់ដោយមិនប្រកាន់ខ្លួន បើទោះជាឱកាសទទួលបានតួឯកដូចអតីតកាល និងស្របគ្នាដែលនាងក៏មមាញឹកជាមួយហាងសាឡន និងការនាំចូលផលិតផលថែរក្សារសម្រស់មកពីម៉ាឡេនាពេលនេះ៕

មតិយោបល់