ព័ត៌មានសិល្បៈ និងកម្សាន្ត

សោកស្ដាយ ក្រោយ Miss Global Cambodia បានត្រឹមតំណែងជាកញ្ញាឯកតំណាងឲ្យគ្រឿងស្រវឹង

ការប្រកួត Miss Global International កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានធ្វើឲ្យអ្នកគាំទ្រកញ្ញាឯកកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង ដោយសារតែនាងមិនទទួលបានតំណែងកិត្តិយសណាមួយ ដែលជាចំណាត់ថ្នាក់ដែលធ្លាប់ផ្ដល់ដោយកម្មវិធី Miss Global International ក្នុងពេលធ្វើឡើង នៅក្នុងប្រទេសដទៃនោះទេ ប៉ុន្តែបែរជាបានតំណែងជា Miss Ganzberg ដែលតំណាងឲ្យផលិតផល គ្រឿងស្រវឹងទៅវិញ។ នាងត្រូវបានអ្នកលេងហ្វេសប៊ុកថា គួរតែបានតំណែងជាកិត្តិយសមួយបន្ថែមពីលើទៀត បើទោះមិនបានចំណាត់ថ្នាក់ ក្នុងចំណោម៥រូប ឬមិនគួរនឹងមានតំណែងកញ្ញាឯកតំណាងគ្រឿងស្រវឹងនេះតែម្ដង ដើម្បីកុំឲ្យមានការរិះគន់។

នៅក្នុងការប្រកួតវគ្គបញ្ចប់កាលពីយប់មិញ គេឃើញស្រីស្អាតៗ តំណាងឲ្យប្រទេសច្រើនណាស់ បានទទួលចំណាត់ថ្នាក់ល្អៗ ដែលងារស្រីស្អាតក្រោមការរៀបចំ ដោយគណកម្មការ Miss Global International ខណៈដែលស្រីស្អាតខ្លះ គឺបានតំណែងពីរនោះផង លើកលែងតែកញ្ញាឯកកម្ពុជា ដែលទទួលបានតែតំណែង កញ្ញាឯកចំណាត់ថ្នាក់លេខ១ជ្រើសរើសដោយក្រុមហ៊ុនជាអ្នកឧបត្ថម្ភកម្ពុជា ដោយត្រូវបានគេហៅឈ្មោះថា Miss Ganzberg ដែលជាការតំណាងឲ្យផលិតផលគ្រឿងស្រវឹង។

តំណែងរបស់នាងត្រូវបានគេមើលឃើញថា មិនជះកិត្តិយសជាវិជ្ជមាននោះទេ ក្នុងពេលដែលខ្លឹមសាររបស់បវរកញ្ញា Miss Global គឺត្រូវផ្សព្វផ្សាយពីទេសចរណ៍ វប្បធម៌ ចំណេះដឹង ការចែករំលែកក្ដីស្រឡាញ់ដល់កុមារកំព្រា និងជនពិការជាដើម ប៉ុន្តែសម្រាប់តំណែងរបស់បវរកញ្ញាតំណាងឲ្យកម្ពុជា គឺគ្រាន់តែស្ដាប់ឈ្មោះ ក៏មានន័យបំផុសពីគ្រឿងស្រវឹងរួចបាត់ទៅហើយ។ ប្រសិនបើតំណែងមួយនេះ ត្រូវបានក្រុមហ៊ុនដែលជ្រើសរើសឲ្យឡើងអង្គុយកៅអី ជំរុញឲ្យធ្វើសកម្មភាពផ្សព្វផ្សាយពីផលិតផលនេះ ក្រោយការបញ្ចប់ការប្រកួតទៀត គឺពិតជាមានការរិះគន់ទៀតហើយ ដែលកញ្ញាឯកដែលមានឈ្មោះថា Miss Global International តំណាងឲ្យកម្ពុជាមួយទាំងមូល បានក្លាយជាអ្នកលើកទឹកចិត្តឲ្យគាំទ្រគ្រឿងស្រវឹង ទៅកាន់ទូទាំងកម្ពុជា និងពិភពលោក។

ការប្រកួតដែលបានធ្វើឡើងយប់នេះ ក៏ត្រូវបានគេកត់សម្គាល់ខុសពីទម្រង់រៀបចំរបស់ព្រឹត្តិការណ៍ Miss Grand ដែលជាព្រឹត្តិការណ៍ បវរកញ្ញាពិភពលោក ដូចគ្នាដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមមុននេះផងដែរ ដោយសារតែក្នុងពេលផ្សាយបន្តផ្ទាល់ គឺទោះជាគេបានផ្សាយពាណិជ្ជកម្មរបស់ក្រុម ដែលបានឧបត្ថម្ភក៏ពិតមែន ប៉ុន្តែគេបានដាក់បញ្ចូលនូវឃ្លីបស្ដីពីតំបន់ទេសចរណ៍ល្អៗ របស់លោកគ្រប់ម៉ោងសម្រាក ដើម្បីផ្សព្វផ្សាយតំបន់ធម្មជាតិ វប្បធម៌ និងតំបន់ទេសចរណ៍កែច្នៃទាំងនោះ ឲ្យពិភពលោកបានស្គាល់។ ប៉ុន្តែក្រឡេកមើលការប្រកួតបវរកញ្ញាអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ គឺអត់មានការផលិតវីដេអូស្ដីពីការផ្សព្វផ្សាយ នូវតំបន់ទេសចរណ៍កន្លែងនេះកន្លែងនោះ ដើម្បីដាក់ផ្សាយក្នុងម៉ោងពាណិជ្ជកម្មនោះទេ គឺម៉ោងពាណិជ្ជកម្មផ្សាយសុទ្ធសាធតែផលិតផលស្រាប៊ៀ ដោយផ្សាយសារចុះសាឡើងម្ដងៗចង់កន្លះម៉ោង ដែលមិនខុសពីការបំផុសឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ពីផលិតផល ដែលនាំមុខគេនៅកម្ពុជាទៅវិញ។

អ្នកគាំទ្រកម្មវិធីជាច្រើន បានបង្ហាញពេញចិត្តនឹងកម្មវិធីនេះ ប៉ុន្តែក៏ជារឿងគួរឲ្យស្ដាយផងដែរ ដែលកម្មវិធីទាំងមូល បានកំណត់ឲ្យកញ្ញាឯករបស់កម្ពុជា ដែលត្រូវគេស្គាល់ថាតំណាងឲ្យព្រះរាជាអច្ឆរិយៈ បានក្លាយជាកញ្ញាឯកតំណាងឲ្យផលិតផលគ្រឿងស្រវឹង និងមិនមានការផលិតវីដេអូស្ដីពីតំបន់ទេសចរណ៍សំខាន់ៗ ដាក់ផ្សាយក្នុងម៉ោងសម្រាកដូចគ្នា នឹងការរៀបចំដែលគេធ្លាប់ឃើញ បណ្ដាប្រទេសផ្សេងៗរៀបចំ។ យ៉ាងណាមិញ មន្ត្រីមួយរូបរបស់ហង្សមាស បានអះអាងថា នេះជាការតម្រូវរបស់អ្នកឧបត្ថម្ភកម្មវិធី សម្រាប់ការផ្សាយផ្ទាល់ បើទោះជាកម្មវិធីលំដាប់ពិភពលោកមួយនេះ ត្រូវគេដឹងមានការសហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ នៅកម្ពុជា៕

មតិយោបល់