« អ្នកអាចមិនស្គាល់ខ្ញុំ តែសូមដឹងម្យ៉ាងកីឡាជាជីវិតខ្ញុំ» ជាសម្តីដែលអតីតប្រធានកីឡាស្ថានីយ៍ទូរទស្សន៍ CTN លោក ម៉ា សេរី តែងតែនិយាយទៅកាន់មនុស្សដែលនៅជុំវិញខ្លួន។
កាលដែលនៅមានជិវិត ប្រជាប្រិយភាពរបស់លោកបានសាយភាយយ៉ាងក្រាស់ក្រែលទៅកាន់សាធារណៈជន។ ប្រការនេះធ្វើអោយអ្នកគាំទ្រមួយចំនួនតែងតាមស្វែងយល់ពីលោក រហូតដល់ពេលខ្លះលោកប្រាប់ទៅវិញតែម្តង « តាមស្គាល់មនុស្សវាពិបាក ប៉ុន្តែបើចង់ស្គាល់ខ្ញុំដឹងតែម្យ៉ាងទៅ ស្រលាញ់កីឡា កីឡាជាជិវិតរបស់ខ្ញុំ» ។
លោក ម៉ា សេរី ជាស្ថាបនិកកម្មវិធីកីឡាដ៏ឆ្នើម ពិសេសផ្នែកប្រដាល់ដែលក្រៅពីការរៀបចំប្រដាល់ជាង១០ឆ្នាំ លោកធ្លាប់ទាំងត្រួសត្រាយអោយកីឡាករខ្មែរមានឱកាសប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោក ISKA ទៀតផង។ មិនត្រឹមប៉ុណ្ណោះលោកធ្លាប់បង្កើតកម្មវិធីប្រកួតល្បុកត្តោ និងគុណ MMA ដ៏ល្អឥតខ្ចោះថែមទៀត។
លោក ម៉ា សេរី ទទួលបានការអាណិតស្រលាញ់ពីអ្នកប្រដាល់ស្ទើរគ្រប់ទាំងអស់ តាមរយៈសកម្មភាពជួយអស់ពីចិត្ត។ កន្លងមកអ្នកប្រដាល់ដែលវាយនៅ CTN បើមានរបួសប៉ុស្តិ៍ជួយ ៥០% ហើយពេលខ្លះលោកបន្ថែមថវិការផ្ទាល់ខ្លួនជួយទាំងស្រុងក៏មាន។
យ៉ាងណាក្តីគ្រប់យ៉ាងសល់តែអតីតកាល ព្រឹទ្ធាចារ្យកីឡាឯករូបនេះ បានលាចាកលោកកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះទៅហើយ ដោយសារជម្ងឺមហារីកថ្លើម។
មតិយោបល់