ប្រភពច្រើនឡើងបានអះអាងថាស្វាមីរបស់អ្នកនាងស្វែង សុជាតា ក្រៅពីប្រើហិង្សាច្រើនលើកដោយលើកចុងក្រោយបណ្ដាលអោយអ្នកនាងហើមមុខហើយ ស្វាមីក្មេងជាគ្រូឱសថបុរាណម្នាក់នេះ ក៏ជាបុរសកាន់លុយ ដោយប្រមូលយកលុយពីអ្នកនាងអស់ៗ និងចិត្តមិនសូវបានជាមួយកូនប្ដីមុនរបស់អ្នកនាងផងដែរ។ ការលើកឡើងនេះ ត្រូវបានអ្នកនាងស្វែង សុជាតា ទទួលស្គាល់ និងថាការពិត។
ប្រភពដែលជិតស្និទ្ធមួយបានអះអាងថា អ្នកនាងស្វែង សុជាតា បើទោះជាមានឱកាសថតរឿងបានតម្លៃខ្លួនខ្ពស់ ប៉ុន្តែអ្នកនាងមិនសូវបានកាន់លុយទាំងនោះសម្រាប់ចាត់ចែងតម្រូវការផ្ទាល់ខ្លួននោះទេដោយត្រូវប្ដីក្មេងទារកាន់អស់ៗ។ មកពីអ្នកនាងមិនចង់ចម្រូងចម្រាស់ជាមួយប្ដីក្មេងផង ទើបសម្រេចចិត្តអោយប្ដីទុកដាក់លុយកាក់ ហើយការចាយវាយផ្សេងៗគឺស្វាមីជាអ្នកចាត់ចែងអោយវិញ។ ប្រភពនោះបន្តថាប្ដីក្មេងរមែងផ្ទុះជម្លោះបើអ្នកនាងលួចលុយជួយកូនមុន ឬទៅកំដរកូនមុនក្នុងអំឡុងញឹកញាប់ ដោយបានដៀលត្មិះថាអោយអ្នកនាងដោយសម្ដីធ្ងន់ៗនោះផង។ អ៊ីចឹងហើយទើបអ្នកនាងស្វែង សុជាតា ត្រូវគេឃើញកាន់តែស្គមស្គាំងទៅៗ ដោយសារតែអ្នកនាងប្រឈមនឹងរឿងវិបត្តិផ្លូវចិត្ត ហើយមិនចង់អោយមានដំណឹងបាក់បែកជាថ្មីដូចជាមួយស្វាមីមុន។ អ្នកនាងត្រូវអ្នកទម្លាយបោះពាក្យអាណិត ដោយអះអាងថាអ្នកនាងអភ័ព្វស្នេហ៍ និងជួបតែបុរសដែលមិនផ្ដល់តម្លៃអោយអ្នកនាងសរុបទាំងស្វាមីក្រោយនេះផង។ ប្រភពនោះបន្តថា អ្នកនាងស្វែង សុជាតា រមែងថ្ងួចថ្ងូរពីទំហំទុក្ខរបស់ខ្លួនដោយភាពលាក់លៀម ដោយសារតែអ្នកនាងមិនចង់អោយគេមាក់ងាយស្វាមី ជាពិសេសក្នុងពេលដែលអ្នកនាងជាប់ចំណងជំពាក់គុណហើយសុខចិត្តយកប្ដីក្មេងជាស្វាមី ដោយមិនចង់មានពាក្យបែកបាក់ទៅវិញ។
អ្នកនាងស្វែង សុជាតា បានទទួលស្គាល់ថាអ្វីដែលបានលើកឡើងគឺមានការពិត ប៉ុន្តែអ្នកនាងថាក្រោយពេលដែលលោកបានប្រើហិង្សាបណ្ដាលអោយអ្នកនាងរងរបួស គឺស្វាមីនេះបានផ្លាស់ប្ដូរច្រើនហើយ ជាមួយនឹងកិច្ចសន្យាមិនធ្វើបាបចិត្តអ្នកនាងជាថ្មី។ អ្នកនាងថាក្រោយផ្ទុះរឿងអ្នកនាងសម្រេចចិត្តប្ដឹងប៉ូលិសក្រោយទទួលរបួសស្នាម ប្ដីក្មេងរបស់ខ្លួននឹងត្រូវប្រឈមចាប់ខ្លួនគ្រប់ពេល បើនៅតែធ្វើរឿងរ៉ាវណាមួយ បណ្ដាលអោយអ្នកនាងអត់ទ្រាំមិនបានជាថ្មី។ អ្នកនាងនិយាយថា«រឿងហ្នឹងវាចឹងមែនហើយ ប៉ុន្តែលូវគាត់អត់ចឹងទេ សូម្បីតែសម្ដីធំដាក់ខ្ញុំដូចមុនក៏អត់ដែរ ទើបខ្ញុំថាចាំមើលសិន បើគាត់មិនដូចមុនទេ គឺខ្ញុំមិនចង់១ជា២ទៀតទេ»។ អ្នកនាងថាស្វាមីក្មេងចាប់ផ្ដើមចេះផឹកក្រោយពេលសេពគប់ជាមួយក្មេងៗប៉ុន្មាននាក់ជាមិត្តភ័ក្ត្រ ចំណែករឿងលុយកាក់អ្នកនាងក៏បានទាមទារបានកាន់ក្នុងដៃខុសពីមុនវិញដែរ ក្រោយពីមានរឿងជម្លោះធំដុំលើកក្រោយ៕
មតិយោបល់