ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទាំង​៨០ក្បាល កាន់លិខិតឆ្លងដែន​ជិះយន្តហោះ​ជាមួយព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត

រូបភាព​សត្វ​ស្ទាំង​ជាច្រើន​ក្បាល​នៅលើ​កៅអី​យន្ដហោះ​ត្រូវបាន​បង្ហោះ​លើ​វេបសាយ​ល្បី Reddit និង​ត្រូវបាន​ចូលមើល​រាប់ពាន់នាក់​ក្រោយពី​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត បានទិញ​សំបុត្រ​យន្ដហោះ ៨០ កៅអី​សម្រាប់​បក្សី​ចិញ្ចឹម​អាចធ្វើ​ដំណើរ​តាម​យន្ដហោះ​ដោយ​សុវត្ថិភាព។

អ្នកដំណើរ​លើ​យន្ដហោះ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ពួកគេ​ឡើងដល់​យន្ដហោះ និងបាន​ឃើញ​កៅអី​ពាក់កណ្ដាល​យន្ដហោះ​ផ្នែក​កណ្ដាល​សុទ្ធតែជា​កន្លែង​របស់​បក្សីជិត​មួយរយ​ក្បាល។ ស្ទាំង ជាពូជ​បក្សី​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ប្រមាញ់​ក្នុងប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ស្ទាំងទាំងនោះត្រូវបានបិទបាំង របាំង​ភ្នែក​ឲ្យមាន​អារម្មណ៍​ត្រជាក់​ចិត្ដ កុំឲ្យ​ឆ្លេឆ្លា ពេញយន្តហោះ ។ អ្នកប្រើប្រាស់​អ៊ីនធឺណិត​ម្នាក់​បាន​សរសេរ​លើបណ្តាញ​សង្គម​​បែប​លេងសើច​ថា «ពិតជា​គួរឲ្យ​អាម៉ាស់​ណាស់ ពួកគេ​អត់​ឱកាស​បានជិះ​ជាមួយ​ហ្វូង​តារា​ទាំងនេះ»។

ដោយឡែកយោងតាមគេហទំព័រ playbuzz បានចុះផ្សាយឲ្យដឹងថា អ្វីដែលចម្លែក​នឹកស្មានមិនដល់នោះ ស្ទាំង​ព្រះអង្គម្ចាស់​ អារ៉ាប៊ី សាអ៊ូឌីត មាន​ លិខិត​ឆ្លង​ដែន មួយៗផ្ទាល់តែម្តង​។

នៅចន្លោះ​ឆ្នាំ ២០០២ និង ២០១៣ នៅ អារ៉ាប៊ី សាអ៊ូឌីត បានចេញ​លិខិត​ឆ្លងដែន ឲ្យសត្វស្ទាំង​ចំនួន ២៨០០០ ក្បាល ។​ ការ​ចេញលិខិត​ឆ្លងដែន​ឲ្យ​សត្វ​ស្ទាំងនេះ ក្នុងគោលបំណង​ប្រយុទ្ធប្រឆាំង និងការលក់ខុស​ច្បាប់ និងការធ្វើពាណិជ្ជកម្មលើសត្វទាំងនេះ ដែលកំពុងប្រឈមនឹងផុតពូជ ៕​



មតិយោបល់