ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ អាលីយ៉ា ត្រូវគេចោទថាបែកថ្នាំ

ខណ:ដែលតារាចម្រៀង និងជាពិធីការិនីនាងឌីជេអាលីយ៉ា នៅតែប្រកាសសុំជំនួយមិនថា១ដុល្លារ ២ដុល្លារ ឬ១ម៉ឺនរៀលនៅលើហ្វេសប៊ុកនៅឡើយ កាន់តែមានការរិះគន់ខ្លាំងឡើងថាដោយម្នាក់ៗមានការលើកឡើងថានាងបែកថ្នាំ ទើបមិនខ្មាស់ក្នុងការប្រកាសសុំលុយ ហើយមិនខ្វល់ពីការទៅរកការងារធ្វើនោះផង។ យ៉ាងណាមិញ តារាស្រីរូបនេះប្រកាសថាមិនខឹង ប៉ុន្តែនាងបានទទូចឲ្យអ្នកកថានាងបែកថ្នាំ ពិចារណាលើស្ថានភាពរបស់នាង។

ឌីជេអាលីយ៉ា បានអះអាងថាតាំងពីនាងប្រកាសសុំលុយនៅលើហ្វេសប៊ុក មិនមែនមានតែអ្នកលេងហ្វេសប៊ុកប៉ុណ្ណោះទេ ថានាងបែកថ្នាំ គឺសូម្បីតែមិត្តភ័ក្ត្រ និងសាច់ញាតិនាងដែលឃើញនាងលែងខ្មាស់ ក្នុងការសុំលុយក៏យល់បែបនោះដូចគ្នា។ នាងទទួលស្គាល់ថាខ្លួនមិនខុសពីមនុស្សម្នាក់ថ្មី ប៉ុន្តែមិនមែនដោយសារតែលេងថ្នាំនោះទេ តែបណ្ដាលមកពីសម្ពាធផ្លូវចិត្តទាំងអស់។ នាងសួរច្រាសមកវិញថា មនុស្សរកកន្លែងរស់នៅសមរម្យមិនបានដូចនាង និងខ្វះសូម្បីតែអាហារបីពេល តែនាងមានលទ្ធភាពទេទៅលេងថ្នាំដូចអ្វីដែលគេបង្ខូចឈ្នោះ។ នាងថាបើខ្លួនបែកថ្នាំប្រហែលជាធ្វើអ្វីផ្ដេសផ្ដាសលែងស្គាល់ល្អអាក្រក់ទៅហើយ ប៉ុន្តែមកពីនាងនៅមានសតិសប្បញ្ញ: ទើបនាងមិនលួចរបស់គេ មិនប្លន់ទ្រព្យគេ មិនឡូឡាដាក់គេ និងមិនយកប្ដីគេ ដោយសុខចិត្តប្រកាសលែងខ្មាសដើម្បីសុំលុយមួយរស់ៗនៅលើហ្វេសប៊ុក។ នាងថាមនុស្សច្រើនណាស់បានចោទថានាងលេងថ្នាំ ហើយបែកសតិអារម្មណ៍ ទើបលែងចង់ធ្វើការ ហើយគិតតែចង់សុំលុយដោយមិនខ្វល់ពីភាពអាម៉ាស់។ នាងនិយាយថា«ខ្ញុំរាល់ថ្ងៃអត់មានលុយជិះម៉ូតូឌុបផង អត់មានលុយហូបបាយឲ្យគ្រប់គ្រាន់ផង តើខ្ញុំទៅមានលុយណាលេងថ្នាំ ហើយបើខ្ញុំបែកថ្នាំ តើខ្ញុំអាចបកស្រាយឲ្យអ្នកខលមកខ្ញុំ ជួយលុយជួយកាក់ខ្ញុំបានទេ!»។ នាងថាអ្នកបែកថ្នាំ និងអ្នកមានបញ្ហាទ័លច្រកក្នុងជីវិត គ្រាន់តែមើលការនិយាយ និងទង្វើក៏អាចដឹងដែរ។ នាងនៅតែប្រកាន់ជំហរមិនឈប់ប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកដើម្បីសុំទាននោះទេ ដោយបានប្រកាសថាអត់ខ្វល់រឿងអ្នកថាបែកថ្នាំ ដោយសារតែអ្នកទាំងនោះបានតែថាតែមិនផ្ដល់មួយសេនជួយដល់នាងឡើយ។ ប៉ុន្តែនាងក៏ប្រកាសទទួលការងារផងដែរ ប្រសិនបើការងារត្រូវចំជំនាញនាង ហើយផ្ដល់ឱកាសឲ្យនាងបម្រើការក្រោយពេលនាង មានលុយកាក់ជាប់ខ្លួនរៀងមានសង្ឃឹមក្នុងជីវិតបន្តិច៕

មតិយោបល់