បើទោះជាខំលាក់បាំង មិនទទួលស្គាល់ការពិតក្រោយចេញពីហង្សមាសក៍ដោយ ក៍ដំណឹងផ្លូវការនៅតែលាក់មិនជិត ជុំវិញការបោះជំហានចូលផលិតកម្មថោន របស់តារាចម្រៀង យក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា។ អ្នកទាំងពីរត្រូវបានគេឃើញ បង្ហាញខ្លួនថតបទចូលឆ្នាំរបស់ផលិតកម្មនេះ នៅថ្ងៃទី១៣ កុម្ភៈនេះ នៅជាប់ជើងភ្នំបាសិត។
ប្រភពពីតារាសិល្បៈ បានអះអាងថា តារាចម្រៀងយក់ ឋិតរដ្ឋា និង ឈិត សុវណ្ណបញ្ញា បានក្លាយជាតារាផ្លូវការរបស់ផលិតកម្មថោនហើយ ដោយក្នុងម្នាក់ៗ នឹងមានច្រើនបទដើម្បីចេញថតយប់នេះ នៅក្នុងផលិតកម្មថោននោះផង។ យ៉ាងណាមិញ កិច្ចសម្ភាសន៍ជាមួយតារាទាំងពីរ ហាក់ត្រូវបានខ្ទាស់ ដោយសារតែខាងផលិតកម្មមិនទាន់ចង់អោយបញ្ចេញព័ត៌មាន ខណៈដែលយក់ ឋិតរដ្ឋា មកទល់នឹងម៉ោង៦ល្ងាចថ្ងៃទី១៣ កុម្ភៈនេះ នៅមិនទាន់បង្ហាញខ្លួនអោយអ្នកសារព័ត៌មានដែលស្កាត់ទៅថតបានឃើញនៅឡើយ ដោយគ្រាន់តែមានរបាយការណ៍ថា អ្នកនាង នឹងមានច្រើនបទសម្រាប់ថតនៅថោន ដូចគ្នានឹងតារាចម្រៀងចាស់វស្សារបស់ថោនផ្សេងទៀត សម្រាប់វ៉ុលចូលឆ្នាំ។ ឈិត សុវណ្ណបញ្ញា ប្រកាសថាខ្លួនមានច្រើនបទ ចំណែកយក់ ឋិតរដ្ឋា ត្រូវបានផលិតករបង្ហើបថា រៀបអោយច្រៀងសុទ្ធតែបទចង្វាក់ល្អៗ ដើម្បីទាក់ទាញមហាជននោះផង។
មតិយោបល់