ភ្នំពេញៈ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោក លី សុខឡេង ចៅក្រមស៊ើបសួរសាលាដំបូងបានសម្រេចឃុំខ្លួនជនជាប់ចោទឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ជាបណ្ដោះអាសន្នដើម្បីរង់ចាំបន្តនីតិវិធីនាពេលក្រោយ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម Telegram ថា៖ លោក ងិន ពេជ ជាព្រះរាជអាជ្ញារងបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះ ពៅ វុទ្ធី បានរឹតកសម្លាប់ជនរងគ្រោះឈ្មោះ ពៅ សុភក្តិ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រំ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពរឹតកសម្លាប់ ប្លន់យកលុយខាងលើនេះ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ៕
https://youtu.be/gN1hp5hjdrw
មតិយោបល់