ក្រោយការត្រលប់មកកាន់ពិភពសិល្បៈជាថ្មី គេកត់សម្គាល់ឃើញតារាសម្ដែងអ្នកនាងម៉ី ហ្ស៊ីនយ៉ា មមាញឹកនឹងការងារសម្ដែងរឿងមិនចាញ់តារាក្មេងៗនោះទេ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺអ្នកនាងមានជំហរខុសគេ ដោយសារតែអ្នកនាងហាក់សង្វាតរឿងការងារអត់លុយច្រើនជាងបានលុយ ដោយមិនខ្វល់រឿងល្បីៗ ឬមិនល្បី។
យោងតាមអ្នករៀបចំកម្មវិធីសប្បុរសធម៌ដែលបានធ្វើការជាមួយអ្នកនាងម៉ី ហ្ស៊ីនយ៉ា សុទ្ធតែបាននិយាយថាតារាសម្ដែងរូបនេះ ស្រឡាញ់ការងារអត់លុយច្រើនជាងការងារបានលុយ ជាពិសេសរាល់ពេលអ្នកនាងទទួលធ្វើសកម្មភាពសប្បុរសធម៌ម្ដងៗ អ្នកណាអោយថ្លៃប៉ុន្មានក៏មិនទទួលនោះដែរ អោយតែថ្ងៃចូលរួមក្នុងសប្បុរសធម៌ និងការងារសម្ដែងនោះជាន់ថ្ងៃគ្នា។ អ្នកនាងជាតារាដែលគេកម្រឃើញ ដោយសារតែតារាភាគច្រើនគឺបន់អោយតែមានការងារទម្លាក់មក អង្អាលបោះចោលការងារសប្បុរសធម៌អត់លុយ តែសម្រាប់អ្នកនាងសម្រាប់ផលិតករដែលចង់បានអ្នកនាងអោយសម្ដែង ហើយចំថ្ងៃអ្នកនាងទទួលច្រៀងរាំក្នុងកម្មវិធីសប្បុរសណាហើយគឺសុខចិត្តបោះកញ្ចប់លុយចោល។ បន្ថែមពីលើការងារច្រៀងរាំមិនគិតកម្រៃដោយមិនដែលបាត់មុខរាល់ពេលទទួលហើយ តារាស្រីរូបនេះ ក៏ត្រូវគេឃើញចំណាយធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាពសប្បុរសធម៌ទាំងនោះផង ខណៈដែលអ្នកនាងក៏មិនសូវប្រកាន់ច្រើនដូចតារា ដែលមានឈ្មោះបោះសំឡេងមួយចំនួនរឿងអោយចេញមុខតិចឬច្រើន ក្នុងកម្មវិធីសប្បុរសធម៌។ អ្នកនាងត្រូវបានផលិតករមួយរូបសរសើរថាសុខចិត្តមិនទទួលថតអោយខ្លួន ដោយសារតែអ្នកនាងជាប់មាត់ទទួលការងារសប្បុរសធម៌មុនរួចទៅហើយ។ អ្នកនាងទទូចអោយគេលើកថ្ងៃ ដោយខាងផលិតករមិនអាចតម្រូវបាន ក៏សុខចិត្តចោល ដោយមិនខ្វល់រឿងបានសម្ដែងប្លង់នោះ ឬឈុតនោះ នឹងល្បីក្នុងសិល្បៈ។ អ្នកនាងម៉ី ហ្ស៊ីនយ៉ា បានអះអាងថា អ្នកនាងហក់ចូលសិល្បៈជាថ្មី មិនមែនដើម្បីលុយកាក់ ឬចង់ល្បីល្បាញដូចដើមនោះទេ គឺអ្នកនាងគ្រាន់តែចង់បន្សល់ទុកនូវស្នាដៃមួយមុនពេលអ្នកនាងសម្ដែងលែងកើតប៉ុណ្ណោះ។ អ៊ីចឹងហើយទើបអ្នកនាងសម្រេចចិត្តបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សប្បុរសធម៌ច្រើនជាងការសម្ដែងដែលតម្រូវដោយផលិតករដែលជាន់ថ្ងៃគ្នា។ អ្នកនាងថាខ្លួនមិនមានលទ្ធភាពជួយដល់សង្គមណាមួយ ដូច្នេះអ្នកនាងមិនអាចទទួលសម្ដែងអោយកម្មវិធីសប្បុរសធម៌ណាមួយហើយ លុះមានការងារបានលុយរត់មកក៏បោះចោល ព្រោះតែលុយ និងមុខមាត់មួយឈុតនោះទេ។ អ្នកនាងថាមានការសម្ដែងខ្លះ អ្នកនាងសុខចិត្តអង្វរអោយផលិតករលើកថ្ងៃ ដើម្បីបានចូលរួមច្រៀងរាំក្នុងសកម្មភាពសប្បុរសធម៌។ អ្នកនាងទទូចសុំទោសដល់ក្រុមផលិតករដែរដែលបានហៅនាងចំថ្ងៃអ្នកនាងសម្ដែងក្នុងកម្មវិធីសប្បុរសធម៌ តែអ្នកនាងក៏បានបញ្ជាក់ថាបើខ្លួនបានទទួលពាក្យរបស់ផលិតករជាមុន ក៏អ្នកនាងសុខចិត្តមិនទទួលពាក្យពីកម្មវិធីសប្បុរសធម៌ណាមួយដែរ៕
មតិយោបល់