ដើម្បីទទួលបានភាពស្រស់ស្អាត មានភាពទាក់ទាញ សុភាពនារីទាំងឡាយតែងតែប្រើក្រែមម្សៅលាបមុខដើម្បីបិតបាំងបញ្ហាមួយចំនួន មុននឹងចេញទៅណាមកណាម្តងៗ។ ក៏ប៉ុន្តែ ប្រសិនបើសុភាពនារីទាំងឡាយគោរពតាមគោលការណ៍ថែរក្សាសម្រស់ទាំង៥យ៉ាងនេះ ពួកគេនឹងមានភាពស្រស់ស្អាត ទោះអត់តែងខ្លួនក៏ដោយ។ ខាងក្រោមនេះ គឺជាគន្លឹះដែលអាចធ្វើឲ្យអ្នកមើលទៅស្រស់ស្អាតជានិច្ច៖
១.ទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ការទទួលទានទឹកក្នុងបរិមាណគ្រប់គ្រាន់ គឺជាឱសថដ៏អស្ចារ្យដែលអាចជំនួយដល់ស្បែករបស់អ្នក។ ចំណែកឯទឹកតែ ក៏ជាតម្រូវការចាំបាច់សម្រាប់ជំនួយស្បែកផងដែរ។ អ្នកគួរតែទទួលទានទឹកក្នុងមួយថ្ងៃឲ្យបាន ៧ ទៅ ៨កែវជាប្រចាំ ស្បែករបស់អ្នកនឹងមានសំណើមជានិច្ច។
២.ទម្លាប់ថែរក្សាស្បែកឲ្យបានល្អ
អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការថែរក្សាស្បែក តាមរយៈការសម្អាតស្បែកជាមួយនឹងសាប៊ូមួយថ្ងៃឲ្យបានពីរដង ឬប្រើផលិតផលដែលអាចជម្រះបាក់តេរីចេញពីស្បែកបានល្អ។
៣.រក្សាសក់ឲ្យស្អាតជានិច្ច
សូមប្រើសាប៊ូដែលមានគុណភាពល្អ ដើម្បីកម្ចាត់ជាតិខ្លាញ់ឲ្យអស់ពីស្បែកក្បាល។ មិនតែប៉ុណ្ណោះ អ្នកត្រូវឧស្សាហ៍ប្រើម្រាមដៃធ្វើការម៉ាស្បាស្បែកក្បាលដោយខ្លួនឯង និងប្រើប្រាស់វីតាមីនជំនួយសក់ផងដែរ។ មួយវិញទៀតអ្នកក៏អាចប្រើប្រាស់ផលិតផលធម្មជាតិ ដែលអាចជួយការពារស្បែកក្បាល ប្រឆាំងនឹងបញ្ហាដូចជា ការជ្រុសសក់ សក់ខូច សក់បែកចុង និងការឆ្លងមេរោគស្បែកក្បាលជាដើម។
៤.ឈប់ប៉ះពាល់មុខ
កុំយកដៃរបស់អ្នកប៉ះពាល់ផ្ទៃមុខឲ្យសោះ ជាពិសេសនៅពេលដែលអ្នកចេញទៅខាងក្រៅ។ ការញិចមុនដោយមិនមានសម្អាតដៃឲ្យបានស្អាត ក៏ជាកត្តាដែលធ្វើឲ្យមេរោគរីករាលដាល និងកើតមានស្លាកស្នាមនៅលើផ្ទៃមុខដែរ។ ម្យ៉ាងទៀតកុំយកដៃត្រដុសត្រង់តំបន់ភ្នែកច្រើនពេក ព្រោះវាអាចធ្វើឲ្យស្បែកយារ ឬមានភាពជ្រីវជ្រួញនៅកន្ទុយភ្នែក។ ចូរចង់ចាំថា ដើម្បីឲ្យស្បែកមុខមានភាពស្រស់ស្អាត ចូររក្សាដៃកខ្វក់នៅឲ្យឆ្ងាយពីមុខ។
៥. យកចិត្តទុកដាក់ចំពោះភ្នែក
ភ្នែកក៏ជាផ្នែកមួយដែលជួយធ្វើឲ្យសម្រស់កាន់តែមានភាពស្រស់ស្អាតបានមួយកម្រិតដែរ។ ដូច្នេះហើយអ្នកគួរតែយកចិត្តទុកដាក់តំបន់ជុំវិញភ្នែកឲ្យបានល្អ មិនថាតែរោមភ្នែក ឬក៏រោមចិញ្ចែមនោះឡើយ។
ប្រសិនបើផ្ទៃមុខ ស្បែក សក់ និងភ្នែក របស់អ្នកស្អាតហើយ ទោះបីជាអ្នកអត់តុបតែងខ្លួនក៏មើលទៅឃើញស្អាត គួរឲ្យដែរ៕
មតិយោបល់