ភ្នំពេញ: បោះជំហានពីអាជីពជាពិធីករប្រចាំនៅទូរទស្សន៍អប្សរា និងប៉ុស្ដិ៍លេខ៣ ចុងក្រោយនេះ គេកត់សម្គាល់បុរសសង្ហារលោកទេព រិទ្ធីនី ចាប់ផ្ដើមលេចធ្លោគួរឲ្យកត់សម្គាល់នៅក្នុងអាជីពសម្ដែង។ បើទោះមិនបានតំណែងតួឯក ក៏តារារូបនេះត្រូវគេឃើញដើរតួ ក្នុងរឿងជាច្រើននាពេលចុងក្រោយ បើធៀប និងតារារួមជំនាន់ផ្សេងទៀត ដែលមិនទាន់រកឃើញឱកាសលេចធ្លោនៅក្នុងសិល្បៈនៅឡើយ។
តារាដែលបានហក់ចូលសិល្បៈ កាលពីឆ្នាំ២០១២តាមរយៈការប្រកួតក្នុងកម្មវិធីបង្ហាញសម្រស់ «ខ្មែរ Super Model» រូបនេះ បានអះអាងថា ការងារសិល្បៈរបស់លោក ចាប់ផ្ដើមស្ទុះឡើងយ៉ាងខ្លាំងបើធៀបនឹងដើមឆ្នាំ២០១៥ និងអំឡុងឆ្នាំដំបូងៗដែលទើបនឹងហក់ចូលសិល្ប។ ក្នុងនោះមិនថាឱកាសដើរម៉ូដ ថតស្ពត ពិធីករ និងជាពិសេសគឺការសម្ដែងគឺសុទ្ធតែបានស្ទុះឡើងព្រមគ្នា។
យ៉ាងណាមិញលោកថា ការងារដែលខ្លួនលោកកញ្ឆក់បាន ហើយធ្វើឲ្យលោកលេចធ្លោនាពេលចុងក្រោយ ច្រើនតែជាការសម្ដែងរឿងប៉ុណ្ណោះ ដោយរួមមានទាំងការសម្ដែងក្នុងរឿងភាគទូរទស្សន៍ និងរឿងសម្រាប់ដាក់បញ្ចាំងក្នុងកុន។
លោកត្រូវបានគេស្គាល់ច្រើនក្នុងរឿង «លាក់ស្នេហ៍ក្នុងបេះដូង» និងបន្តបន្ទាប់មកមានរឿងជាច្រើនទៀត ចាប់តាំងពីលោកបានបោះជំហាន ធ្វើជាពិធីករចាប់ដៃគូជាមួយកញ្ញា ព្រះ កាយច័ន្ទ នៅប៉ុស្ដិ៍លេខ១១ និងជាមួយកញ្ញាកែវ ផល្លិការ នៅប៉ុស្ដិ៍លេខ៣សព្វថ្ងៃ។ លោកហាក់រំពឹងយ៉ាងខ្លាំងថាឆ្នាំ២០១៦ នឹងក្លាយជាឆ្នាំលេចធ្លោរបស់ខ្លួន សម្រាប់ការងារសិល្បៈ ដោយសារតែមានផលិតករជាច្រើនបានទាក់ទងឲ្យលោកសម្ដែង ហើយសុទ្ធតែផ្ដល់ឲ្យតំណែងល្អៗក្នុងរឿង ដែលធ្វើឲ្យលោកទទួលបាននូវបទពិសោធន៍មិនអន់ជាងតួឯក។
លោកថាតាមរយៈខ្សែរឿង ដែលខ្លួនសម្ងំថតរួមមានរឿង «ឡប់៨» រឿង «វិថីនារី» និងរឿងមួយចំនួនទៀតដូចជារឿង «ផ្ការីកក្នុងចិត្ត» ជាដើម ដែលត្រៀមនឹងដំណើរការ សុទ្ធតែជារឿងដែលធ្វើឲ្យលោករំពឹងខ្លាំងទាំងអស់សម្រាប់ការសម្ដែង។ លោកថាអាជីពសម្ដែង និងពិធីករគឺជាជំនាញដែលខ្លួនចូលចិត្ត ហើយលោកក៏នឹងធ្វើឲ្យការងារទាំងពីរជោគជ័យព្រមគ្នាផងដែរ តាមរយៈការពង្រឹងសមត្ថភាព និងឱកាសទទួលសម្ដែង និងទទួលការងារកាន់ក្បាលមេក្រូ លើឆាកឲ្យបានច្រើនដោយសុខចិត្តទុកពេលមមាញឹកផ្សេងទៀតមួយឡែកសិន។
យ៉ាងណាមិញ លោកភ័យបារម្ភនឹងការជំពប់នូវរឿងអាស្រូវ ធ្វើឲ្យប៉ះពាល់ដល់ការងារសិល្បៈផងដែរ ដោយសារតែភាពជាក់ស្ដែង គឺតារាឲ្យចាប់ផ្ដើមល្បី ក៏មានរឿងប្រឡូសប្រឡាក់ទន្ទឹមគ្នាដោយជៀសមិនផុត៕
មតិយោបល់