បើទោះជាបានប្រកាសថានឹងឆ្លៀតទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាក្នុងដំណើរចុះមកច្រៀងយ៉ាងណាក៏ដោយ ក៏សមាជិកទាំង៥រូបរបស់ក្រុមចម្រៀងកូរ៉េ Million K-Pop នៅតែខកមិនបានឆ្ពោះទៅកាន់តំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនោះទេ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។ តំណាងក្រុមបានបង្ហាញពីការសោកស្ដាយដែលបានមកដល់កម្ពុជាដោយកម្រ ប៉ុន្តែបែរជាឆ្លៀតហោះហើរទៅកម្សាន្តមិនបានរហូតដល់ថ្ងៃត្រលប់ទៅវិញ។
តារាចម្រៀងជាក្រុមដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកូរ៉េនេះ បានប្រកាសពីការសោកស្ដាយលើឆាកដែលផ្សាយបន្តផ្ទាល់នៅទូរទស្សន៍NTV ថា ពួកនាងចុះមកសម្ដែងនៅក្នុងកម្ពុជាគឺមានបំណងតែមួយគត់ គឺចង់បានឃើញអង្គរមុនពេលត្រលប់ទៅវិញ។ ពួកនាងបានចុះមកមុនការសម្ដែងរហូតដល់៣ថ្ងៃដោយរំពឹងថានឹងមានឱកាសបានទៅប្រាសាទអង្គរ ប៉ុន្តែចុងក្រោយដោយសារតែមិនអាចឆ្លៀតបានទើបត្រូវខកខាន។ សមាជិកទាំង៥រូបប្រកាសថានឹងត្រូវចាកចេញពីប្រទេសកម្ពុជាក្រោយការសម្ដែងចប់ ដោយមិនទាន់ដឹងថានឹងមានគម្រោងចុះមកកាន់កម្ពុជាជាលើកទី២នោះដែរ។ ក្រុមកញ្ញាបានបកស្រាយចម្រៀងច្រើនបទ និងបានប្រកាសថាដំណើរមកកាន់តំបន់អាស៊ានមិនមែនជាលើកទី១ទេ ប៉ុន្តែសម្រាប់ទឹកដីកម្ពុជាគឺជាលើកដំបូង ទើបពួកនាងសោកស្ដាយដែលមិនបានទៅឃើញប្រាសាទអង្គរដែលពួកនាងចង់ឃើញផ្ទាល់ភ្នែក។
នៅយប់ថ្ងៃទី១៩ កុម្ភៈនោះ គេឃើញតារាចម្រៀង Million K-Pop ទទួលបានការគាំទ្រខ្លាំងក្លាក្នុងការបង្ហាញខ្លួន។ នេះជាវេទិកាប្រគំតន្ត្រីរ៉ៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធ បុប្ផា ដែលរៀបចំដោយក្រុមផលិតករកូរ៉េ និងទូរទស្សន៍NTV ដោយក្រៅពីប្រកូកប្រកាសអោយមហាជនអ្នកទស្សនាបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធ បុប្ផា លោកសាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍ NTV ដែលជាអ្នករៀបចំខាងកម្ពុជាក៏បានបើកយុទ្ធនាការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ និងលុបបំបាត់គ្រឿងញៀននៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
https://www.youtube.com/watch?v=TS_7_6m1q8c
មតិយោបល់