ព័ត៌មានជាតិ

ហុងដាសេ១២៥ សាកកម្លាំងជាមួយរថយន្តតាក់ស៊ី បុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ខណ:ពេលដែលជិះម៉ូតូ ហុងដាឌ្រីមសេ១២៥ មួយគ្រឿង ទៅបុកជាមួយរថយន្ដតាក់ស៊ីដែលព្យាយាមបត់ឆ្វេង បណ្តាលឲ្យបុកយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចស្ពាននាគវត្តភ្នំ តាមបណ្ដោយផ្លូវ ព្រះនរោត្ដម កែងនឹងផ្លូវ លេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-1651 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើង ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវបែកជា៤ ក៏បានបុកជាមួយរថយន្ដតាក់ស៊ីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AM-1480 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ដែលព្យាយាមបត់ឆ្វេងទៅផ្លូវ១០៨ ភ្លាមៗនោះភាគីទាំងសងខាងបុកគ្នា យ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីបុរសដែលជិះម៉ូតូ ហោះបោកនឹងរថយន្ត ទៅនឹងថ្នល់រងរបួសធ្ងន់។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវរថយន្ដសាមុយបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកម៉ូតូនិងរថយន្ដ ត្រូវសមត្ថកិច្ច ធ្វើការវាស់វែង និងយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់