ក្នុងពិធីក្រុងពាលីរឿង«នាវាជីវិត»របស់ទូរទស្សន៍អប្សរាកាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ក្រោមការដឹកនាំរបស់លោកគាំ ចន្ធី ដែលជាអ្នកផលិតកម្មវិធីកម្សាន្តថ្មីប្រចាំស្ថាប័ននេះ គេឃើញវត្តមានតារាសម្ដែងជើងចាស់ អ្នកនាង ឯក អមរា បង្ហាញខ្លួនគួរអោយភ្ញាក់ផ្អើល។
យ៉ាងណាមិញ អ្នកនាងបដិសេធមិនផ្ដល់សម្ភាសន៍ និងបានប្រកាសថាអ្នកនាងមិនទទួលថតរឿងទៀតទេ បើទោះជាអ្នកនាងនៅមានអ្នកហៅអោយថតរឿង។
អ្នកនាងឯក អមរា ដែលអ្នកណាក៏ស្គាល់ថាល្បីល្បាញតាំងពីជំនាន់អ្នកនាងអម្ពរទេវី និងអ្នកនាងនារី រ័ត្នគន្ធា នោះបានអះអាងថា អ្នកនាងមកអបអរលោកគាំ ចន្ធី ដែលបានទទួលតំណែងជាអ្នកផលិតកម្មវិធីប្រចាំនៅទូរទស្សន៍អប្សរាប៉ុណ្ណោះទើបអ្នកនាងមកលេង ហើយក៏នៅ ចូលរួមក្នុងពិធីក្រុងពាលីថតរឿង ដើម្បីបានជួបជុំតារាសិល្បៈចាស់ក្មេងនាថ្ងៃនោះទៅ។
អ្នកនាងមិនផ្ដល់សម្ភាសន៍ណាមួយនោះទេ ដោយសារតែអ្នកនាងប្រកាសថាខ្លួនមិនមែនមកថតកុន និងមិនចង់អោយមានការចេញផ្សាយណាមួយ ក្នុងពេលដែលអ្នកនាងគ្រាន់តែមកលេងលោកគាំ ចន្ធី។ អ្នកនាងបញ្ជាក់យ៉ាងខ្លីថាអ្នកនាងនៅស្រុកខ្មែរយូរឆ្នាំមកហើយ ហើយក៏មិនមែនមែនបាត់មុខព្រោះតែនៅក្រៅស្រុកនោះដែរ ប៉ុន្តែពីអត់សម្ដែងទើបមិនដឹងចេញមុខទៅណា។
គួរបញ្ជាក់ថាអ្នកនាង ឯក អមរា គឺជាអតីតបវរកញ្ញាមួយរូប និងបានល្បីល្បាញយ៉ាងខ្លាំងតាមរយៈខ្សែរឿងរាប់មិនអស់នាពេលអតីតកាល ក្នុងជំនាន់លោកសម តារា និងលោកហង្ស ផល្លីមធុរ៉ាជាដើមឡើងកូដខ្លាំង។ អ្នកនាងត្រូវបានបាត់ឈ្មោះក្រោយពីមានប្ដីសី ដោយសម្រេចចិត្ត បោះបង់ការសម្ដែងទាំងស្រុង លែងនឹកនាតែម្ដង ខុសពីអ្នកនាងអម្ពរ ទេវី អ្នកនាងនារី រ័ត្នគន្ធា អ្នកនាងសុខ ស្រីមុំ អ្នកនាងចាន់ សុផានី និងលោកយស បូវណ្ណៈ ជាដើម ដែលត្រលប់មកលឹប-លអោយមហាជនបានឃើញ និងខ្លះត្រលប់មកប្រឡូកសិល្បៈជាថ្មី៕
មតិយោបល់