ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា លួចទិញយកក្រុមហ៊ុនបច្ចេកវិជ្ជាមួយពីប្រទេសអ៊ីស្រាអែល

សេចក្តីរាយការណ៍ថ្មីមួយបង្ហាញថា ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនបច្ចេកវិជ្ជាមួយស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល មានឈ្មោះថា RealFace ជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីស្កេនផ្ទៃមុខ អាចធ្វើការសម្គាល់មុខមាត់អ្នកប្រើប្រាស់ មកជំនួសលេខកូដសម្ងាត់ ឬការស្កេនក្រយៅដៃ ដើម្បីដោះសោកម្មវិធី ឬប្រព័ន្ធប្រើប្រាស់។

យោងតាមប្រភពសារព័ត៌មាន Calcalist នៅក្នុងប្រទេសអ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុន Apple បានចាយលុយអស់ខ្ទង់ ៣ លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន RealFace។

ភ្លាមៗនេះក្រុមហ៊ុន ​​Apple ពុំទាន់បានឆ្លើយតបចំពោះសំណើរសុំការទទួលស្គាល់ និងអធិប្បាយនៅឡើយទេ។ ប៉ុន្តែសមាគមន៍បច្ចេកវិជ្ជា Startup Nation Central នៃប្រទេសអ៊ីស្រាអែល បានថ្លែងថាក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន RealFace រួចហើយនៅក្នុងខែនេះ។ ដោយសារគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន RealFace មិនអាចបើកចូលបានទេចាប់តាំងពីព្រឹកថ្ងៃអាទិត្យម្សិលមិញមក ហើយថែមទាំងមិនអាចធ្វើការទំនាក់ទំនងបានផងដែរ។

ការទិញយករបស់ក្រុមហ៊ុន Apple ពេលនេះអាចជាលើកទី ៤ ហើយក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិជ្ជាដែលស្ថិតក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមប្រភពសារព័ត៌មានដដែល។ កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុន Anobit ដែលជាក្រុមហ៊ុនផលិត Flash Storage ក្នុងតម្លៃ ៤០០ ទៅ ៥០០ លានដុល្លារ។ នៅក្នុងឆ្នាំ ២០១៣ ក៏បានទិញយកក្រុមហ៊ុន PrimeSense ដែលជាក្រុមហ៊ុនផលិត 3D Sensor ក្នុងតម្លៃ ៣៤៥ លានដុល្លារ។ ហើយនៅក្នុងឆ្នាំ ២០១៥ ថែមទាំងបានទិញយកក្រុមហ៊ុន LinX ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាកាមេរ៉ា ក្នុងតម្លៃ ២០ លានដុល្លារផងដែរ។

ប្រភពព័ត៌មាន៖ CNET.COM

មតិយោបល់