ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានឲ្យដឹងថា ខ្លួននឹងផ្អាកការនាំចូលធ្យូងថ្មទាំងអស់ មកពីប្រទេសកូរ៉េខាងជើង ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយពេលមានភាពតានតឹង កំពុងកើនឡើង នៅក្នុងឧបទ្វីបកូរ៉េ បន្ទាប់ពីមានការធ្វើតេស្តមីស៊ីលថ្មីបំផុត របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីជូនដំណឹងជាសាធារណៈមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តលើការផ្អាកការនាំចូលធ្យូងថ្មទាំងអស់មកពីប្រទេសកូរ៉េខាងជើង ដើម្បីគោរពតាមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលចិនបានធ្វើសេចក្តីព្រាង និងអនុម័តកាលពីខែវិច្ឆិកា។ភាគច្រើនការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តសំខាន់ របស់កូរ៉េខាងជើងនៅលើពិភពលោក។
យោងតាមអ្នកវិភាគអាស៊ី បានឲ្យដឹងថា ទោះបីកូរ៉េខាងជើង មិនស្តាប់ចិនយ៉ាងណាក្តី ក៍ចិននៅគាំទ្រកូរ៉េខាងជើងដែរ ព្រោះចិនបានទទួលប្រយោជន៍ច្រើនណាស់ ពីកូរ៉េខាងជើង។ ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងពីសំណាក់ចិន គឺដោយសារក្រុងប៉េកាំង ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
មតិយោបល់