ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានផុសញូ តារាសម្ដែងនាងឌី សូនីតា បានប្រកាសយ៉ាងក្ដែងៗថានាងមិនបានអន់ចិត្តរឿងផលិតករអ្នកនាងអែនជី លីណាជោលី កាត់ប្លង់សម្ដែងរបស់នាងក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»នោះទេ។ នាងថានោះជាការបំផ្លើសការលើកឡើងរបស់នាង និងជាការបំផុសមិនពិតដែលមិនខុសពីធ្វើអោយនាងបិទផ្លូវសម្រាប់ផលិតករបរទេស។
កញ្ញានិយាយថា បើទោះជាផលិតករហូលីវូដ អ្នកនាងអែនជីលីណា អាចមិនចាប់អារម្មណ៍ចំពោះការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ តែវាច្បាស់ណាស់ថាដំណឹងដែលបានលើកឡើងនឹងធ្លាក់ដល់ត្រចៀករបស់ផលិតករ ដោយសារតែនៅស្រុកខ្មែរសុទ្ធតែមានក្រុមការងារដែលផលិតរឿងនោះ។ នាងថាខ្លួនមិនអាចទៅនិយាយដូចអ្វីដែលបានសរសេរបំផ្លើសនេះទេ តែនាងបានទទួលស្គាល់ថាបាននិយាយថាបើប្លង់ដែលនាងបានសម្ដែងមិនត្រូវបានបាត់។ ឌី សូនីតា និយាយថា នាងមិនអាចទទួលយកបាននោះទេ នៅពេលដែលនាងមិនបាននិយាយសោះ ហើយបែរជាមានការចុះបំផ្លើស ដែលនាងយល់ថាជាអត្ថន័យធ្វើអោយផលិតករនឹងឆេះដុំជាមួយនាង ហើយអាចនឹងបិទផ្លូវនាងសម្រាប់ការផលិតរឿងលើកក្រោយៗ។ នាងនិយាយថាខ្សែរឿងហូលីវូដ ទោះជាបានមួយប្លង់ឬ២ប្លង់ក៏មានមោទនភាពដែរ ហើយនាងសុំបដិសេធដាច់ខាតតែអ្វីដែលបានចុះផ្សាយថានាងអន់ចិត្តនឹងអែនជីលីណា ឬផលិតកររឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ជាអ្វីដែលនាងមិនបាននិយាយ។ នាងថាបើឈុតសម្ដែងទាំងអស់ត្រូវត្រូវបានជ្រើសដាក់ក្នុងរឿង នោះនាងនឹងសប្បាយចិត្តខ្លាំង ប៉ុន្តែនាងមិនបានបញ្ជាក់ថាខ្លួនអន់ចិត្តក្នុងវិធានការនោះទេ ដោយសារតែការបានសម្ដែងក្នុងរឿងគឺវាមានន័យធ្វើអោយនាងសប្បាយចិត្តណាស់ទៅហើយ។ ជាមួយគ្នានោះនាងក៏ទទូចសុំអោយមហាជនបញ្ចប់ការយល់ច្រលំចំពោះអ្វីដែលនាងអះអាងថាមិនបាននិយាយនោះដែរ។
https://www.youtube.com/watch?v=LJ8FnE5rs54
មតិយោបល់