ព័ត៌មានសិល្បៈ និងកម្សាន្ត

បណ្ដឹងតារាស្រី៣រូប បន្តជាប់គាំង

យោងតាមការបញ្ជាក់ចុងក្រោយ បណ្ដឹងរបស់តារាចម្រៀងវ៉ានីឡា តារាចម្រៀង Phleng Record បណ្ដឹងរបស់តារាសម្ដែងនាងពេជ្រ អាវីហ្សា និងបណ្ដឹងរបស់ឌីជេអាលីយ៉ា ដែលបានធ្លាក់ដល់ដៃតុលាការនោះ គឺមិនមានលទ្ធផលនៅឡើយទេ។ ស្ថានភាពបណ្ដឹងនៅតែបន្តជាប់គាំង បើទោះជាមានបណ្ដាញសារព័ត៌មានជួយជម្រុញ។

គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងនាវ៉ានីឡា បានដាក់បណ្ដឹងប្ដឹងអតីតសង្សាររបស់ខ្លួនដែលជាកូនប្រុសមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃពីបទបង្ហោះរូបអាក្រាត និងគំរាមកំហែងទៅកាន់សាលាដំបូងរាជធានីភ្នំពេញច្រើនខែមកហើយ។ ប៉ុន្តែមកទល់ពេលនេះ គេមិនឃើញមានការកាត់ក្ដីណាមួយឡើយ។ ស្វាមីខ្លួនជាម្ចាស់បណ្ដឹងបានត្រឹមតែអះអាងថាតុលាការនឹងបន្តនិតិវិធី ប៉ុន្តែនៅពេលសួរថាតើរហូតដល់ពេលណាទើបនិតិវិធីឈានដល់ការកាត់ក្ដីនៅរង្វង់ក្រចកសេះ គឺមិនមាន។

កញ្ញាវ៉ានីឡា បានបង្ហាញភាពអស់សង្ឃឹមពីការរង់ចាំ ខណ:ដែលលោកសុខ ជំនោរ មុននេះក៏បានវាយប្រហារពីការរើសអើងចំពោះបណ្ដឹងប្អូនខ្លួន ដោយថាព្រោះតែប្ដឹងអ្នកមានខ្នងធំទើបមិនមានលទ្ធផល។
កញ្ញាពេជ្រ អាវីហ្សា ដែលប្ដឹងលោកហ៊ាហេង ជាអតីតសង្សារ និងជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រី ភាពពីបទប្រើអំពើហឹង្សាធ្ងន់ធ្ងរ ក៏មិនត្រូវបានតុលាការខេត្តព្រះសីហនុចាត់ការនោះដែរ។

បណ្ដឹងនាងបានត្រឹមតែកោះហៅសួរនាំម្ដងប៉ុណ្ណោះ បន្ទាប់មកក៏មានដំណឹងថាលោកហ៊ាហេងត្រូវបានគេធានាឲ្យនៅក្រៅឃុំ ដែលហាក់ស្ងប់ស្ងាត់តែម្ដង។ សមីខ្លួនបញ្ជាក់ថាតុលាការខេត្តព្រះសីហនុ មិនឃើញកោះហៅកាត់ក្ដីនោះទេ ក្នុងពេលដែលនាងក៏បានប្រកាសថាលែងចង់ដឹងឮរឿងបណ្ដឹងមួយនេះ កុំឲ្យតែលោកហ៊ាហេងតាមរករឿង។
មិនខុសគ្នាដែរ តារាចម្រៀងយ៉េយ៉េដែលគេស្គាល់ថាជាឌីជេនាងអាលីយ៉ា ក៏ទើបនឹងបានទម្លាយថាបណ្ដឹងរបស់នាងប្ដឹងអតីតសង្សារប្រើហឹង្សា និងប្ដឹងថៅកែផ្ទះជួលរឹបអូសមុខជំនាញនៅសាលាដំបូងរាជធានីភ្នំពេញក៏មិនមានដំណឹងផងដែរ។ នាងថាដាក់បណ្ដឹងចូល២ឆ្នាំហើយ ទើបតែមានមេធាវីចិត្តធម៌ជួយឲ្យមានការស៊ើរើបានម្ដងប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែអត់លុយ អត់ខ្នងក៏ស្ងាត់ជាថ្មីមកទល់ពេលនេះ។

ករណីបណ្ដឹងរបស់តារាទាំង៣ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ជាពីសេសនៅពេលប្រៀបធៀបនឹងបណ្ដឹងរបស់អ្នកមានឥទ្ធិពលដែលត្រូវគេដោះស្រាយភ្លាមៗដូចភ្លែកបន្ទោរនោះ៕



មតិយោបល់