ភ្នំពេញ: នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១២ ឧសភា នេះ Miss Global ៤រូប ដែលមកទស្សនកិច្ចនៅលើទឹកដីប្រាសាទអង្គរ នឹងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីទស្សនកិច្ច និងទៅធ្វើជាគណកម្មការផ្ដល់ពិន្ទុ ក្នុងការប្រកួតបវរកញ្ញាមួយនៅទីនោះ។ នេះបើយោងតាមការអះអាងរបស់គណប្រតិភូដែលបានដឹកនាំដំណើរកម្សាន្ត និងដំណើរចុះសួរសុខទុក្ខរបស់នាងនៅក្នុងមណ្ឌលកុមារកំព្រានៅខេត្តសៀមរាប។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា នៅព្រឹកថ្ងៃទី១២ ឧសភា នេះ បរវកញ្ញាទាំង៤ នឹងបញ្ចប់ដំណើរកម្សាន្ត នៅលើទឹកដីអង្គរហើយ ដោយពួកនាងក៏បានមកដល់ភ្នំពេញកាលពីយប់ថ្ងៃទី១១ ឧសភា ដើម្បីត្រៀមខ្លួនឡើងយន្តហោះ ចេញពីភ្នំពេញទៅកាន់ប្រទេសវៀតណាម ដើម្បីប្រញាប់ទៅធ្វើជាគណកម្មការការប្រកួតបវរកញ្ញា នៅទីនោះ ដែលតម្រូវឲ្យនាងទៅធ្វើជាអ្នកផ្ដល់ពិន្ទុ។
លោកមិនច្បាស់ថា Miss Global ទាំង៤ទៅកាន់ប្រទេសវៀតណាម រយៈពេលប៉ុន្មាននោះទេ ប៉ុន្តែអាចមានរយៈពេលយូរជាងកម្ពុជា ឬអាចប្រហាក់ប្រហែលគ្នាដោយសារតែនៅទីនោះ គេមានការប្រកួតបវរកញ្ញា ហើយពួកនាងគឺជាអ្នកផ្ដល់ពិន្ទុសម្រាប់ការប្រលងបវរកញ្ញា នៅក្នុងប្រទេសវៀតណាម។ លោកនិយាយថា «ថ្ងៃហ្នឹង(១២ ឧសភា) ពួកគាត់ឡើងទៅវៀតណាមហើយ គឺទៅធ្វើគណកម្មការការប្រលងបវរកញ្ញានៅវៀតណាម ប៉ុន្តែខ្ញុំអត់ទាន់ដឹងច្បាស់ពីគម្រោងរបស់ពួកគាត់នៅវៀតណាមទេ!»។ យោងតាមការបញ្ជាក់នេះ គឺមានន័យថានបេសកកម្មបន្ទាប់ពីកម្ពុជារបស់Miss Global ទាំង៤ គឺប្រទេសវៀតណាម ដែលនៅទៅនោះក្រៅពីដើរទស្សនកិច្ច ពួកនាងក៏ជាគណកម្មការផ្ដល់ពិន្ទុក្នុងកម្មវិធីប្រលងបវរកញ្ញាមួយផងដែរ។
គួរបញ្ជាក់ផងដែរថា Miss Global ២០១៥ ចំនួន៣រូប រួមមានចំណាត់ថ្នាក់១ មកពីអូស្រ្តាលី លេខ២ មកសហរដ្ឋអាមេរិកជាសញ្ជាតិដើមខ្មែរ និងលេខ៣ មកពីអៀរឡង់ បានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ឧសភា ដោយពួកនាងក៏បានចូលរួម ក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ នៅចតុមុខកាលពីថ្ងៃទី៨ ឧសភានោះផង។ ដោយឡែកMiss Global ចំណាត់ថ្នាក់លេខ៤ មកពី ប៊ុលការី ទើបតែបានដល់កាលពីថ្ងៃទី១០ ឧសភា ប៉ុណ្ណោះ ប៉ុន្តែនៅព្រឹកថ្ងៃទី១២ ឧសភានេះ ពួកនាងត្រលប់ទៅកាន់វៀតណាមព្រមគ្នា៕
មតិយោបល់