ព័ត៌មានសិល្បៈ និងកម្សាន្ត

ញឹម ចាន់ថន ឈប់ធ្វើខួបកំណើត

ក្នុងពិធីខួបកំណើតគម្រប់វ័យ៣៦ឆ្នាំ កាលពីយប់ថ្ងៃទី១៣ មីនា តារាសម្ដែង និងជាតារាចម្រៀង កញ្ញា ញឹម ចាន់ថន បានអះអាងថានាងមានពិធីមួយនេះទៀតហើយ ដោយចាត់ទុកយប់ថ្ងៃខួបដែលនាងបានធ្វើជាពិធីចុងក្រោយ។ នាងថាក្នុងពេលខាងមុខ នាងអាចនឹងមានតែពិធីអាពាហ៏ពិពាហ៍ ឬពិធីឡើងផ្ទះប៉ុណ្ណោះ តែបើគ្មានគឺធានាថាមិនមានពិធីណាមួយទៀតទេ។

ញឹម ចាន់ថន និយាយថានាងមិនចង់ធ្វើខួបនៅយប់ថ្ងៃ១៣ មីនា នោះទេ តែបណ្ដាលមកពីមិត្តភ័ក្ត្រជំរុញខ្លាំងពេកទើបនាងសម្រេចចិត្តរៀបចំដោយធ្វើប្រមាណជាជាង១០តុ ហើយក៏មានតារាកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ នាងថាពិធីដែលបានធ្វើ មានការរៀបចំជួយពីសំណាក់បងធម៌ មិត្តភ័ក្ត្រ និងម្ចាស់ហាងដែលនាងទទួលច្រៀងរាល់យប់ ទើបនាងហ៊ានធ្វើ ហើយធ្វើជាទ្រង់ទ្រាយធំតែម្ដង។ យ៉ាងណាមិញ នាងថាមិនចង់រំខានមិត្តភ័ក្ត្រ និងអ្នករាប់អានទៀតទេ ទើបសម្រេចផ្លុំនំជាលើកចុងក្រោយ និងបានប្រកាសថាពិធីខួបវ័យ៣៦ឆ្នាំនឹងក្លាយជាការរៀបចំចុងក្រោយសម្រាប់ជីវិតសិល្បៈរបស់នាង។ នាងថាពិធីខួបកំណើតរៀបចំម្ដងៗចំណាយពេលក៏ច្រើន ហើយបោះចោលការងារក៏ច្រើន ទើបនាងប្រកាសថានឹងលែងហើយ បើទោះជាចំណេញពីការរៀបចំ។ នាងថាបណ្ដាលមកពីគ្រូចិនសែតម្រូវអោយនាងធ្វើគ្រោះមុនចូលឆ្នាំ ដោយសូត្រមន្តលើករាសី និងធ្វើពិធីកាត់ចង្រៃ ទើបសម្រេចចិត្តប្រារព្ធពិធីជួបជុំតារាសិល្បៈជាទ្រង់ទ្រាយធំ ដើម្បីអោយពិធីខួបលើកចុងក្រោយសប្បាយផ្ដាំចាស់។

នៅក្នុងពិធីខួបនោះកញ្ញា ញឹម ចាន់ថន ត្រូវគេឃើញតែងខ្លួនស៊ិចស៊ីទាក់ភ្នែកយ៉ាងខ្លាំង ជាមួយនឹងការបញ្ចេញដើមទ្រូង ដោយនាងប្រកាសថាគឺទោះជាដើមទ្រូងមិនកែកុន ក៏អាចទាក់ភ្នែកមិនគួរលាក់។ យ៉ាងណាមិញ នាងថាមិនចង់ប្រកាន់ទម្លាប់ស៊ិចស៊ីតាមលំនាំអ្នកចូលចិត្តចំហរល្វែងលើដោយមិនញញើតក្រសែភ្នែករបស់មហាជនដូចតារាមួយចំនួននោះទេ ទើបនាងនិយាយថាបើកុំតែក្នុងថ្ងៃខួបក៏មិនលែងខ្លួនដល់ម្ល៉ឹង។ ក្នុងពិធីរបស់នាងត្រូវគេឃើញវត្តមានតារាសិល្បៈល្បីៗចូលរួមយ៉ាងច្រើនកុះករ ជាពិសេសគឺតារាជាមិត្តភ័ក្ត្ររបស់នាងដែលបាត់មុខហើយ។ នៅក្នុងពិធីនោះក៏មានទិដ្ឋភាពសប្បាយរីករាយដោយសារតែតារាច្រើនដួងឡើងកូលើឆាកផងដែរ។

សូទស្សនាទិដ្ឋភាព និងបទសម្ភាសន៍របស់ញឹម ចាន់ថន៖

https://www.youtube.com/watch?v=QiPTTo4IjpM&feature=youtu.be

មតិយោបល់