តួកគីៈ សង្រ្គាមពាក្យសម្ដីរវាងប្រទេសតួកគី ជាមួយប្រទេសហូឡង់ កាន់តែអាក្រក់ខ្លាំងឡើង ក្រោយពីប្រធានាធិបតីតួកគី បានចោទប្រកាន់ប្រទេសហូឡង់ ក្រោមបទប្រល័យពូជសាសន៍ ក្នុងការសម្លាប់រង្គាលនៅទីក្រុង Srebrenica ក្នុងឆ្នាំ ១៩៩៥។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
លោក Erdogan លើកទ្បើងថា កងកម្លាំង Bosnian Serb ស្ថិតនៅពីក្រោយការសម្លាប់យ៉ាងរង្គាលទៅលើមនុស្សប្រុស និងកុមារាម៉ូស្លីមចំនួន ៨០០០នាក់ ក្នុងរណ្ដៅពិឃាត ប៉ុន្តែកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃប្រទេសហូឡង់ បានបរាជ័យក្នុងការការពារជនរងគ្រោះទាំងនោះ។
លោក Recep Tayyip Erdogan បាននិយាយថា ការបរាជ័យនេះ បានបង្ហាញពីអាកប្បកិរិយា មិនត្រឹមត្រូវរបស់ហូឡង់។
ពាក់ព័ន្ធនឹងការលើកទ្បើងខាងលើ នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានហៅការថ្លែងនេះថា «ជាក្លែងបន្លំ និងសាងភាពអប្រិយ»។
លោក Mark Rutte បានប្រាប់ភ្នាក់ងារ BBC ថា «លោក Erdogan កំពុងមានអារម្មណ៍ខឹងច្រទ្បោតហើយមើលទៅ ខ្ញុំចង់ឲ្យគាត់……ធ្វើចិត្តឲ្យត្រជាក់»។
គួរបញ្ជាក់ដែរថា បានផ្ទុះកំហឹងនឹងរដ្ឋាភិបាលហូទ្បង់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសារតែប្រទេសនេះ បានបដិសេធមិនអនុញ្ញាតរដ្ឋមន្ត្រីការបរទេសតួកគីចូលក្នុងទឹកដីរបស់ខ្លួន និងបានបណ្ដេញរដ្ឋមន្ត្រីមួយរូបផ្សេងទៀត ក្នុងគោលបំណងដើម្បីរារាំងអ្នកទាំងនោះមិនឲ្យរៀបចំការជួបជុំជាមួយនឹងជនអន្តោប្រវេសន៍តួកគីនៅក្នុងប្រទេសទាំងនោះ៕

មតិយោបល់