ព័ត៌មានបច្ចេកវិទ្យា

ទោះឋិតក្រោមចម្រឹងដែក ទាយាទ Samsung នៅតែអាចដឹកនាំក្រុមហ៊ុនបានដដែល

ប្រមុខក្រុមហ៊ុន Samsung គ្រុប លោក Lee Jae-yong បើទោះបីជាត្រូវជាប់ក្នុងមន្ទីរឃុំឃាំងក៏ដោយ ក៏លោកប្រហែល​នៅតែអាចដើរតួនាទីសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តដឹកនាំក្រុមហ៊ុនបានដដែល គឺដោយ​សារតែរូបលោកត្រូវបានបើកឱ្យមានការចូលសួរសុខទុក្ខយ៉ាងទូលំទូលាយ។ លើសពីនេះ លោកក៏ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែកយ៉ាងល្អប្រសើរពីទណ្ឌិតផ្សេងៗផងដែរ នៅឯមជ្ឈមមណ្ឌលកែប្រែទីក្រុងសេអ៊ុល។

យោងតាមក្រមច្បាប់នៃសាធារណរដ្ឋកូរ៉េ លោក Lee ដែលកំពុងឋិតក្រោមដំណើរការនិតិវិធីតុលាការនៅឡើយនោះ អាចជួបជាមួយក្រុមមេធាវីរបស់លោករូបណា ពេលណា ឬញឹកញាប់ប៉ុណ្ណាក៏បាន នៅក្នុងអំឡុងម៉ោងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។

ម្យ៉ាងទៀត អគ្គនាយករងក្រុមហ៊ុនយក្សរូបនេះ ក៏ដូចជាជនជាប់ឃុំឃាំងដទៃផ្សេងទៀត ដែលកំពុងរង់ចាំការប្រកាសសាលក្រមរបស់តុលាការអីចឹងដែរ គឺមានសិទ្ធិទទួលបានការណាត់ជួបសួរសុខទុក្ខរយៈពេល ៣០ នាទីម្តង ឬ ២៤ ម៉ោងក្នុងមួយសប្តាហ៍ ពីនរណាម្នាក់ក៏បាន រាប់បញ្ចូលទាំងបណ្តានាយកប្រតិបត្តិមកពីក្រុមហ៊ុនសាខាណាមួយរបស់ Samsung។

មួយវិញទៀត ស្ថិតក្រោម​ការវិនិច្ឆ័យ​របស់ឆ្មាំនៃមន្ទីរឃុំឃាំង លោកក៏អាចបើកកិច្ចប្រជុំពិសេសបន្ថែមផ្សេងៗ នៅក្នុងបន្ទប់សួរសុខទុក្ខដែលគ្មានរបាំងខណ្ឌចែក ដែលអនុញ្ញាតឱ្យលោកអាចត្រួតពិនិត្យឯកសារផ្សេងៗ និងទទួលការហៅទូរសព្ទចូលផងដែរ។

ទោះយ៉ាងណា ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអធិប្បាយទៅលើការចូលរួមរបស់លោក Lee ក្នុងកិច្ចការគ្រប់គ្រងរបស់ក្រុមហ៊ុន ក្នុងកម្រិតណាមួយនោះទេ ចាប់តាំងពីលោកត្រូវបានចាប់ឃុំឃាំង។ ប៉ុន្តែ ក្រុមហ៊ុនបាននិយាយថា គាត់មានការជួបប្រជុំជាទៀងទាត់ជាមួយក្រុមមេធាវីការពារក្តី។

មេធាវីម្នាក់របស់លោកបានប្រាប់ថា «លោក Lee បដិសេធរាល់បទចោទប្រកាន់ទាំងអំបាលម៉ាន់ទៅលើរូបលោក»។ ដោយឡែក នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមហ៊ុន Samsung បាននិយាយថាៈ «ក្រុមមេធាវីរបស់លោក Lee កំពុងត្រៀមសំណុំឯកសារផ្លូវច្បាប់ដើម្បីប្រឆាំងរាល់បទចោទទៅលើរូបលោក។ ដូច្នេះ ការពិតអាចនឹងត្រូវបានប្រកាសឡើងនៅក្នុងកិច្ចដំណើរការនិតិវិធីរបស់តុលារការនៅថ្ងៃអនាគតខាងមុខ»៕

អត្ថបទពាក់ព័ន្ធៈ រឿងអាស្រូវពាក់ព័ន្ធថៅកែក្រុមហ៊ុន Samsung ឈានដល់ការទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូងពីតំណែង

ទាយាទក្រុមហ៊ុន Samsung គ្រុប ត្រូវជាប់ចោទពីបទសូកប៉ាន់ជាផ្លូវការ

ប្រភពព័ត៌មានៈ reuters

មតិយោបល់