ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ ឃឹម ចរិយា បានតំណែងកាលីបក្រៅប៉ុស្ដិ៍

តាំងពីបានហក់ចូលសិល្បៈ ជាលើកទី១ដែលពិធីការិនីប្រចាំទូរទស្សន៍PNN បានប្រារព្ធពិធីខួបកំណើត ដើម្បីជួបជុំមិត្តភ័ក្រ្តក្នុងសិល្បៈ។ ពិធីរបស់នាងត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ មីនា នៅភោជនីយដ្ឋានធំមួយនៅម្ដុំទួលគោ ដោយមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ នាងក៏បានបង្ហើបថាទើបនឹងបានតំណែងជាតារាភាពយន្តលើកដំបូង ដោយខ្សែភាពយន្តភាគដែលនាងសម្ដែងទើបចប់នោះ គឺជាភាពយន្តក្រៅប៉ុស្ដិ៍មិនមែននៅ PNN ដែលនាងបម្រើការនោះឡើយ។

ឃឹម ចរិយា និយាយថាតាំងពីបានជាប់តំណែងជាកញ្ញាឯកលុច្សក្នុងឆ្នាំ២០០៧ នាងមិនដែលទទួលការសម្ដែងភាពយន្តណាមួយនោះទេ ដោយនាងទទួលតែថតស្ពត ធ្វើពិធីការិនី និងថតខារ៉ាអូខេម្ដងម្កាលប៉ុណ្ណោះ។ នាងចេះតែគិតថាខ្លួនឯងមានសមត្ថភាពមិនទាន់ល្អ ទើបមិនដែលសកល្បងការសម្ដែងទាល់តែសោះ ដោយសារតែម៉ាក់ប៉ានាងក៏មិនសូវចង់អោយនាងសម្ដែងរឿង ដែលភាគច្រើនត្រូវបន្តដល់យប់ៗជ្រៅនោះផង។ នាងថាអាជីពសិល្បៈនៅមានកម្រិត ដោយសារតែការខ្លាចរអារ និងមិនទុកចិត្តខ្លួនឯងនោះ ទើបសម្រេចទទួលការសម្ដែងជាលើកទី១ ក្នុងរឿង«ថ្ងៃណាកូនមានម្ដាយ» ដែលជារឿងភាគទូរទស្សន៍ក្រៅប៉ុស្ដិ៍ ត្រៀមចាក់ផ្សាយនៅ CTV8HD ។ នាងថាការសម្ដែងរឿងលើកដំបូងនោះ នាងបានតំណែងជាតួឆ្នាស់ឆ្នើមដល់កំពូល ដោយនាងមិននឹកស្មាននឹងអាចសម្ដែងបាននោះផង។ នោះគឺដោយសារតែនាងមិនដែលទុកចិត្តខ្លួនឯងទាល់តែសោះ គ្រប់ពេលត្រូវសម្ដែង តែបណ្ដាលមកពីនាងទទួលបានការណែនាំពីក្រុមផលិតករ និងហាត់មើលគេមើលឯងមុនពេលសម្ដែង។ នាងថាខ្លួនទទួលសម្ដែងលើកដំបូងក្រៅប៉ុស្ដិ៍ទូរទស្សន៍ គឺដោយសារតែនាងទទួលបានការអនុញ្ញាតិពីPNN ។ តែនាងក៏គ្រោងសម្ដែងជាលើកទី២ ក្នុងរឿងភាគទូរទស្សន៍មួយទៀតនៅក្នុងស្ថាប័នដែលនាងបម្រើការផងដែរ ដើម្បីវាយលុកទីផ្សារសម្ដែងនៅក្នុងសិល្បៈ។ នាងថាក្នុងរឿង«ថ្ងៃណាកូនមានម្ដាយ» នាងសម្ដែងជាតួឡូយឆាយ និងឆ្នាស់ឆ្នើមដល់កំពូល តែនៅចុងបញ្ចប់រឿងក៏យំសោកស្ដាយកំហុសច្រើនដែរ ទើបការសម្ដែងមួយរឿងនោះទទួលបានបទពិសោធន៍ច្រើនផ្នែក បើទោះជាទើបសម្ដែងលើកទី១។ នាងប្រកាសចាប់អាជីពសម្ដែង និងពិធីការិនីអោយជោគជ័យព្រមគ្នា បើទោះជាការសម្ដែងត្រូវចំណាយពេលច្រើន ហើយទទួលបានចំណូលតិចជាងពិធីការិនី។

ខាងក្រោមនេះជាបទសម្ភាសន៍ដោយផ្ទាល់ របស់ឃឹម ចរិយា ពិធីការិនីកម្មវិធីកម្មវិធី«គ្រួសាររីករាយ»របស់PNN ជុំវិញថ្ងៃកំណើត និងឱកាសបានសម្ដែងជាលើកដំបូងក្នុងរឿង៖

https://www.youtube.com/watch?v=PC07Ptb6WNM&feature=youtu.be

មតិយោបល់