លោក Rowan Atkinson ដែលនៅលើពិភពលោកបានស្គាល់លោកថាជា Mr Bean កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចូលរួមពិធីសម្ពោធខ្សែភាពយន្តថ្មីចុងក្រោយរបស់លោក បានដាក់បញ្ចាំងតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចក្រភពអង់គ្លេស Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃច័ន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
តារាកំប្លែងវ័យ ៦២ឆ្នាំ បានគាស់កាយសមត្ថភាពកំប្លែងក្រមិចក្រមើម ដើម្បីសម្ដែងក្នុងខ្សែភាពយន្ដថ្មីសម្រាប់ទស្សនិកជនចិនជាងមួយពាន់ពាន់លាននាក់បានទស្សនាឡើងវិញ បន្ទាប់ពីលោកបានផ្អាកការសម្ដែងរាប់ឆ្នាំ ក្រោយពីមានការលែងលះជាមួយភរិយា លោកស្រី Sunatra មានវ័យ៥៦ឆ្នាំ ដែលធ្លាប់បានរួមរស់ជាមួយអស់រយៈពេល២៤ឆ្នាំ នឹងចំណាយប្រាក់អស់ជាង ៦ លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ ។
គួរបញ្ជាក់ថា ខ្សែភាពយន្តថ្មីខាងលើមានចំណងជើងថា «Top Funny Comedian (កំពូលអ្នកកំប្លែង)» ត្រូវគេរំពឹងទុកថានឹងទទួលបានជោគជ័យយ៉ាងធំធេង ហើយរកចំណូលបានយ៉ាងច្រើន បន្ទាប់ពីរឿង Mr Bean’s Holiday ដែលបានដាក់បញ្ចាំងកាលពីឆ្នាំ២០០៧ និងរកចំណូលបានបីលានដុល្លារនៅក្នុងប្រទេសចិនតែឯងប៉ុណ្ណោះ៕
មតិយោបល់