ព័ត៌មានបច្ចេកវិទ្យា

Galaxy S8 លេចធ្លាយទាំងតម្លៃ និងជម្រើសពណ៌ចំនួន ៣

ពួកយើងធ្លាប់បានឃើញរូបភាពនៃទូរស័ព្ទ Galaxy S8 ជាច្រើនមកហើយ ប៉ុន្តែ សម្រាប់ជម្រើសពណ៌របស់វា គឺមិនធ្លាប់ត្រូវបានបញ្ចេញឱ្យឃើញនៅឡើយទេ លុះមកដល់ថ្ងៃនេះ ទើបឃើញពណ៌ចំនួន ៣ របស់កំពូលទូរសព្ទដែលគ្រោងនឹងបង្ហាញឡើងនាចុងខែមីនា នេះ ត្រូវបានទម្លាយឱ្យឃើញតាមរយ:រូបភាពមួយសន្លឹក។

រូបភាពនេះ បានមកពីលោក Evan Blass ដែលជាអ្នក​ទម្លាយព័ត៌មានទាក់ទងទៅនឹងទូរសព្ទជិតមកដល់ដ៏ល្បីល្បាញ។ វាបានបង្ហាញឱ្យឃើញនូវជម្រើសពណ៍ទូរស័ព្ទ Galaxy S8 ចំនួន ៣ រួមមាន Black Sky (ខ្មៅ), Orchid Grey (ត្របែកព្រៃ) និង Arctic Silver (ទឹកប្រាក់)។

គាត់ក៏បានបង្ហោះសារនៅលើទំព័រ Twitter របស់ខ្លួនថា Galaxy S8 នឹងដាក់លក់នៅតំបន់អឺរ៉ុបក្នុងតម្លៃ ៨៦០ ដុល្លារ ខណ: S8+ មានតម្លៃ ៩៦៧ ដុល្លារ។ ក្នុងសាររបស់លោក ក៏ឃើញមានតម្លៃឧបករណ៍បំពាក់បន្ថែមពីក្រៅទូរស័ព្ទ Galaxy S8 និង​ S8+ ថែមទៀត មានជាអាថ៌ដូចជា វ៉ែនតា GearVR តម្លៃ ១៤០ ដុល្លារ និង កាមេរ៉ា Gear 360 តម្លៃ ២៥០ ដុល្លារ។

គួរបញ្ជាក់ថា Samsung គ្រោងនឹងបើកបង្ហាញទូរស័ព្ទ​ Galaxy S8 នៅថ្ងៃ ២៩ ខែមីនា ហើយវានឹងចេញលក់នៅថ្ងៃទី ២១ ខែមេសា៕

ប្រភពព័ត៌មាន៖ theverge.com

មតិយោបល់