បើទោះជាក្នុងរឿងការពារឧក្រិដជន បានរំលេចតួអង្គស្រីវាយតប់ និងបាញ់បោះនៅក្នុងរឿងនោះ ប៉ុន្តែភាពលេចធ្លោមិនសូវត្រូវបានគេចាប់អារម្មណ៍នោះទេ ដោយសារតែរូបភាពផ្សេងៗមុនពេលបញ្ចាំងរឿងមិនត្រូវបានទម្លាយ។ ប៉ុន្តែបើក្រឡេកមើលតារាស្រីទើបតែងើបពីឈឺនាងពេជ្រ ចរណៃ គឺមានភាពទាក់ទាញតែម្ដង ដោយសារតែនាងរមែងបង្ហោះរូបភាពកាន់កាំភ្លើង បាញ់បោះ និងសកម្មភាពវាយតប់ជាហូរហែរ ដែលធ្វើឲ្យតារាស្រីរូបនេះទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ ក្នុងពេលដែលនាងទើបតែវះខ្នែងពោះវៀន ហើយមានជំងឺដាច់សរសៃប្រើសបេះដូងមួយចំហៀងធ្វើទុក្ខរាល់ថ្ងៃ។ ផលិតករមួយចំនួនដែលមិនធ្លាប់ធ្វើការជាមួយនាង បានឲ្យពិន្ទុនាងថាសមនឹងសម្ដែងជាតួអង្គបែបនេះយ៉ាងកម្រនោះផង។
រូបភាពដែលបានបង្ហាញពីសកម្មភាពបាញ់បោះ និងវាយតប់នេះ គឺជាសកម្មភាពក្នុងរឿង«អាគមស្បែកដាច»ដោយនាងត្រូវសម្ដែងជាតួចោរព្រៃ និងមានសកម្មភាពវាយតប់ជាច្រើនជាមួយនឹងក្រុមប៉ូលិស។ នៅក្នុងរឿងនេះនាងត្រូវផលិតករកំណត់ឲ្យហាត់ក្បាច់គុនល្បុក្កតោ ដល់ទៅ៣ខែផង បន្ថែមពីលើហាត់កាន់កាំភ្លើង និងបាញ់កាំភ្លើងជាមួយក្រុមអ្នកជំនាញដើម្បីសម្ដែងឲ្យសម។ អ៊ីចឹងហើយទើបនាងយល់ថាមិនមែនជាការពិបាកនៅពេលត្រូវសម្ដែងជាតួអង្គនារីវាយតប់ និងបាញ់បោះជាលើកដំបូងនៅក្នុងភាពយន្តខ្នាតធំ។
ក្នុងរឿងនេះនាងត្រូវសម្ដែងជាគូជាមួយលោក ឃីម ហ្សានីត ដែលជាអតីតបុរសឯកប្រចាំឆ្នាំ២០១៦នោះទេ ប៉ុន្តែមកពីការចេញថតមានរយៈពេលយូរ ហើយប៉ះពាល់ដល់ហ្វឹកហាត់ប៉ូលិសរបស់លោក ទើបលោក ឃីម ហ្សានីត សម្រេចចិត្តដកខ្លួន ហើយធ្វើឲ្យលោក ឆឹម សក្កដា មានឱកាសបានគ្រងតំណែងជំនួស និងបានសម្ដែងជាមួយនាងជំនួសវិញ។
ពេជ្រ ចរណៃ ត្រូវបានអ្នកលេងហ្វេសប៊ុក និងក្រុមផលិតករចាប់អារម្មណ៍ចំពោះការសម្ដែងរបស់នាងយ៉ាងខ្លាំង ខណៈដែលក្រុមអ្នកផលិតរឿងច្រើនយ៉ាងច្រើន បានអះអាងថាក្នុងពេលផលិតរឿងជាទម្រង់បាញ់ប្រហារ និងវាយតប់ គឺពេជ្រ ចរណៃ សាកសមបំផុត សម្រាប់តំណែងជាតួសម្ដែង។ ពេជ្រ ចរណៃ និយាយថាក្រោយការវះកាត់ខ្នែងពោះវៀន នាងចាប់ផ្ដើមមានសុខភាពល្អហើយ ប៉ុន្តែបញ្ហាដាច់សរសៃប្រើសបេះដូងដែលបានកើតឡើងតាំងពីតូចក៏មិនទាន់ដោះស្រាយនោះដែរ ទើបនាងសម្រេចចិត្តប្រឹងប្រែងសម្ដែងលើគ្រប់ទម្រង់ដើម្បីសន្សំលុយព្យាបាល។
នាងនិយាយថាមានការងារសិល្បៈប៉ុណ្ណោះដែលជួយមិនឲ្យនាងគិតច្រើន ហើយបើទោះជាការសម្ដែងក្នុងរឿង«អាគមស្បែកដាច»មានការលំបាកមិនដូចរឿងផ្សេងៗដែលនាងបានសម្ដែងក៏នាងមិនបោះបង់ដែរ ដោយរំពឹងថាភាពយន្តមួយនេះ នឹងជួយឲ្យនាងលេចធ្លោ ហើយសម្បូរទីផ្សារសម្ដែងដើម្បីរកលុយឲ្យបានច្រើន។
ពេជ្រ ចរណៃ និយាយថា សម្ដែងរឿងបាញ់បោះលោតហក់ ស៊ីលុយមិនឆ្ងាញ់នោះទេ តែនាងអ្វីដែលនាងចង់បានគឺចង់ឲ្យមហាជនប្លែកភ្នែក និងចង់បានបទពិសោធន៍ក្នុងរឿងប្រភេទនេះ។ ក្នុងពេលដ៏ខ្លីភាពយន្តដែលនាងសម្ដែងនេះ នឹងត្រូវបញ្ចប់សកម្មភាព ហើយដាក់បញ្ចាំងផ្លូវការនៅតាមរោងកុន ដោយនាងអះអាងយ៉ាងមុខមាំថា ការលះបង់ទាំងលំបាករបស់នាងនឹងហុចផលវិជ្ជមានក្នុងក្រសែភ្នែកផលិតករ និងទស្សនិកជន៕
មតិយោបល់