ទើបតែស្ងប់រឿងមានស្នេហាត្រីកោណជាមួយតារាសម្ដែងស្រីម្នាក់ឡើងផ្អើលហ្វេសប៊ុកសោះ ពេលនេះមានដំណឹងថាលោកសុវណ្ណ មករា មានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងម្នាក់ផ្សេងទៀតហើយ ដោយលោក និងនារីនោះត្រូវអ្នកនាងឈិន សុធារី ជាភរិយាតាមទាន់ក្នុងផ្ទះសំណាក់មួយកន្លែង ហើយអ្នកនាងឈិន សុធារី ក៏ត្រូវស្វាមីប្រើដៃធ្ងន់ៗចាប់ឃាត់ បណ្ដាលអោយមានរបួសសព្វកន្លែងពេញខ្លួននោះផង។ ប្រភពដែលទុកចិត្តបាន ថែមទាំងទម្លាយរូបថតរបួសដោយកន្លែងរបស់ឈិន សុធារី អោយភ្នាក់ងារសារព័ត៌មានផុសញូបានឃើញ ជាលក្ខណៈមិនអោយបញ្ចេញឈ្មោះនោះផង។
ប្រភពដែលបានទម្លាយចេញបានអះអាងថា អ្នកនាងឈិន សុធារី បានតាមទាន់លោកសុវណ្ណ មករា យកនារីក្មេងម្នាក់នៅចូលផ្ទះសំណាក់មួយកន្លែងនៅម្ដុំភ្នំពេញថ្មីកាលពីយប់ថ្ងៃទី២៨ មីនា ហើយអ្នកនាងឈិន សុធារី និងលោកសុវណ្ណ មករា ក៏ផ្ទុះជម្លោះគ្នានៅក្នុងបន្ទប់នោះ បណ្ដាលអោយមានការប្រតាបប្រតប់គ្នាកើតឡើង។ គេមិនឃើញលោកសុវណ្ណ មករា ប្រើហិង្សាណាមួយវាយតប់ភរិយានោះទេ ប៉ុន្តែប្រភពនោះប្រាប់ថាលោកបានប្រើដៃធ្ងន់ចាប់ឃាត់ភរិយា និងបានច្រានភរិយាបណ្ដាលអោយនាងរបួសដល់កន្លែងក្នុងហេតុការណ៍នោះ។ អ្នកនាងឈិន សុធារី ត្រូវបានគេដឹងថាចូលព្យាបាលរបួសនៅក្នុងគ្លីនីកមួយនៅជិតផ្ទះម្ដុំទួលគោក ដោយគ្មានវត្តមានស្វាមីមកជាមួយនោះទេ ទើបកាន់តែធ្វើអោយអ្នកនាងឈឺចិត្ត។
ប្រភពដែលអាចទុកចិត្តបានទម្លាយរូបថតរបួសស្នាមជាច្រើនអោយឃើញ ដោយចំណុចដែលអ្នកនាងរបួសធ្ងន់ជាងគេ គឺជង្គង់ និងកែងដៃ តែម្ដង។ អ្នកនាងឈិន សុធារី មិនត្រូវបានទាក់ទងសុំការសម្ភាសន៍បានទេ ខណៈដែលទូរស័ព្ទរបស់លោក សុវណ្ណ មករា ក៏ខលមិនចូល។ យ៉ាងណាមិញ ប្រភពដដែលបន្តថាហេតុការណ៍បណ្ដាលអោយអ្នកនាងឈិន សុធារី រងរបួសនោះ គឺដោយសារតែលោកសុវណ្ណ មករា ដឹកដៃនារីម្នាក់ចូលផ្ទះសំណាក់ ហើយរថភ្លើងក៏បុកគ្នានៅទីនោះ បន្ទាប់ពីភរិយាតាមទាន់។ អ្នកនាងឈិន សុធារី មិនត្រូវបានគេបង្ហើបថាមានគម្រោងដាក់បណ្ដឹងស្វាមីចំពោះនោះទេ បន្ទាប់ពីជម្លោះរបស់អ្នកទាំងពីរផ្ទះឡើងជាថ្មី ឡើងផ្អើលនៅផ្ទះសំណាក់ដែលជាទីកើតហេតុ ហើយនៅគ្លីនីកដែលឈិន សុធារី ដែលនាងទៅលាងរបួសក៏សុទ្ធតែដឹងពីរឿងនេះ។
យ៉ាងណាមិញ ដរាបណាលោកសុវណ្ណ មករា មិនទាន់ចេញមុខបកស្រាយ ហើយឈិន សុធារី ក៏មិនទាន់ឆ្លើយបំភ្លឺបាន គេមិនទាន់ដឹងថាតើឈិន សុធារី ពិតជាមានរបួសពេញខ្លួនដោយសារប្រតាបប្រតប់ជាមួយស្វាមី ឬដោយសារតែហេតុការអ្វីពីក្រោយការទម្លាយហ្នឹងនោះទេ។ តារាសិល្បៈបានអះអាងថា ប្ដីប្រពន្ធឈិន សុធារី និងលោកសុវណ្ណ មករា ចាប់ផ្ដើមផ្ទុះឡើងបញ្ហាមិនចេះចប់ បើទោះជាអ្នកទាំងពីរទើបនឹងត្រូវរ៉ូវគ្នាក្នុងថ្ងៃខួបមួយឆ្នាំរបស់កូនភ្លោះនោះក៏ដោយ៕
មតិយោបល់