ព័ត៌មានជាតិ

ឡិចស៊ីស២គ្រឿងប្រឡះគ្នាមិនអស់ចិត្តជ្រុលទៅបុកចូលហាង ពិភពសុបិន ផ្អើលទាំងយប់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស RX-300 ចំនួន២គ្រឿង បានបើកបុកគ្នានៅចំណុចផ្លូវកែងពេញទំហឹង បណ្ដាលឲ្យរថយន្តមួយគ្រឿង ជ្រុលទៅបុកផ្ទុបហាង ពិភពសុបិន រងការខូចខាតទាំងរថយន្តនិងហាងយ៉ាងដំណំ សំណាងល្អគ្មានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ២៤២ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានឲ្យPost Newsដឹងថា នៅមុនពេលកើតហេតុ គឺគេឃើញមានរថយន្តម៉ាកឡិចស៊ីស RX-300 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6118 បានបើកបរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាកឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W-6368 បានបើកបរតាមបណ្ដោយផ្លូវ២៤២ ទិសដៅកែងគ្នា ក្នុងល្បឿនយ៉ាងលឿនហើយបើកបរមិនប្រុងប្រយ័ត្ន ដល់ផ្លូវកែងខាងលើ ក៏បុក គ្នាចំចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តមួយគ្រឿង ជ្រុលចង្កូតបុកចូលហាង ពិភពសុបន្តិដែលម្ចាស់បិទទ្វាររងការខូចខាតរថយន្តទាំង២គ្រឿង និងទ្វារហាងរបស់គេយ៉ាងដំណំ សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានមកចចារគ្នាដែរ តែមិនត្រូវគ្នា ព្រោះយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់