ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា ត្រូវប្ដីក្មេងវាយហើមមុខ ផ្អើលក្រុងតាខ្មៅ

ព័ត៌មានផ្លូវការបានអះអាងថា អ្នកនាងស្វែង សុជាតា ទើបនឹងត្រូវប្ដីក្មេងជាគ្រូឱសថបុរាណវាយឡើងបែកមុខហើមភ្នែក កាលពីយប់ថ្ងៃទី៩ មេសា នៅក្នុងភូមិកំពង់សំណាញ់ នៅក្រុងតាខ្មៅ ក្នុងពេលដែលអ្នកទាំងពីរទៅលេងផ្ទះបងប្អូននៅទីនោះ។ នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែជាជម្លោះធំដុំឡើងផ្អើលសមត្ថកិច្ចតែម្ដង ខណៈដែលអ្នកនាងស្វែង សុជាតា ដែលប្រកែកមិនរួច ក៏បានទទួលស្គាល់។

ប្រភពពីមន្ត្រីប៉ូលិសនៅឃុំកំពង់សំណាញ់ក្នុងក្រុងតាខ្មៅបានអះអាងថា អ្នកនាងស្វែង សុជាតា និងស្វាមីក្រោយពិតជាឈ្លោះគ្នាមែន ដោយបុរសជាស្វាមីនោះបានប្រើហិង្សាបណ្ដាលអោយអ្នកនាងបែកមុខហើមភ្នែកតែម្ដង។ ប្រភពដដែលបន្តថា ប្រសិនបើគ្មានប្រជាជនជិតខាតជួយទាន់នោះទេ ប្រហែលជាមន្ត្រីប៉ូលិសទៅឃាត់មិនទាន់នោះឡើយ ដោយសារតែក្នុងពេលនោះស្វាមីរបស់អ្នកនាងស្វែង សុជាតា មិនខុសពីមនុស្សកំរោលចូល ហើយគិតតែវាយអ្នកនាង ដោយគ្រាន់តែអ្នកនាងហាមឃាត់តិចតួច។ យ៉ាងណាមិញ មន្ត្រីដដែលបានអះអាងថាក្រោយបើកឆាកវាយប្រពន្ធឡើងផ្អើលអ្នកភូមិនៅតាខ្មៅអស់ប៉ុន្មានម៉ោង ស្វាមីរបស់អ្នកនាងត្រូវបានគេចខ្លួនមុនពេលប៉ូលិសទៅដល់ ហើយបន្ទាប់មកក៏លេចឮថាប្ដីប្រពន្ធអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ។ ហេតុការណ៍វាយតប់អ្នកនាងស្វែង សុជាតានេះ មិនមែនជាលើកទី១ទេ ដោយអ្នករស់នៅម្ដុំស្ទឹងមានជ័យដែលអ្នកនាងជួលផ្ទះគេបើកហាងរកស៊ីជាមួយប្ដីក្មេងក៏ធ្លាប់បញ្ជាក់បែបនេះដែរ ដោយគ្រាន់តែអ្នកនាងស្វែង សុជាតា មិនដែលបង្ហើបចេញពីមាត់។

ក្នុងជំនួបតាមទូរស័ព្ទជាមួយPostnews អ្នកនាងស្វែង សុជាតា ដែលប្រកែកមិនរួចបានអះអាងថាខ្លួនពិតជាមានជម្លោះជាមួយប្ដីក្មេងនៅក្នុងយប់នោះពិតមែន។ យ៉ាងណាមិញ អ្នកនាងថា ខ្លួនមានរបួសមិនច្រើនទេ និងថាហេតុការណ៍ដែលនាំអោយកើតជម្លោះនោះ គឺដោយសារតែស្វាមីខ្លួនត្រូវបានក្មេងៗស្ទាវពីរបីនាក់បបួលទៅផឹកនៅគៀនស្វាយ ហើយអ្នកនាងក៏ខលអោយប្រញាប់មកយកខ្លួននៅកំពង់សំណាញ់ ហើយក៏ត្រូវប្ដីក្មេងខឹងសំបាររួចប្រើហិង្សាទះយកៗតែម្ដង។ អ្នកនាងថាខ្លួនសុខចិត្តត្រូវរ៉ូវដោយសារតែក្រោយស្រវឹងប្ដីនោះសុំទោស និងបានសន្យាថាឈប់ធ្វើអំពើបែបហ្នឹងបន្តទៀត។ អ្នកនាងថាពេលនេះស្វាមីហាក់ដូចជាស្វាងអោយរមទម្យមិនដូចមុន ទើបអ្នកនាងសម្រេចចិត្តត្រូវរ៉ូវ៕

មតិយោបល់