ភ្នំពេញ៖តារាកំប្លែងមានឈ្មោះ បោះសំឡេងល្បីរន្ទឺ និងលេចធ្លោខ្លាំងប្រចាំ ស្ថានីយទូរទស្សន៍ CTN អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានប្រភពព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយឲ្យដឹងថា នាង បញ្ចេញចរិកមើលងាយ លើអាជីករម្នាក់ ក្នុងផ្សារព្រែកព្នៅ រងការរិះគន់ ។
ប្រភពព័ត៌មានក្នុងស្រុកនោះបានចុះផ្សាយបន្តថា តារាកំប្លែង សម្បូរវោហារ អ្នកនាង ខ្ញុង មានភាពរួសរាយរាក់ទាក់ បង្ហាញស្នាមញញឹម បានត្រឹមតែនៅលើកញ្ចក់ ទូរទស្សន៍តែប៉ុណ្ណោះ តែសម្រាប់ជីវិត និងកាយវិការខាងក្រៅឆាករបស់នាងវិញ គឺមានភាពខុសប្លែកខ្លាំង ដោយនាងតែងតែបង្ហាញកាយវិការ វាយឫកឆ្មើងឆ្មៃខ្ពស់ ហួសមេឃ និងប្រើសម្តីមិនសមរម្យ ដាក់អ្នកដែលមានជីវិតអន់ជាងនាងទៀតផង ។ ប្រភពព័ត៌មាននោះបានបន្តថាហេតុការណ៍នេះបានកើតឡើង នៅក្នុងផ្សារព្រែកព្នៅ ដោយសារតែអ្នកលក់ម្នាក់នោះ បានដើរបុកនាង ដោយអចេតនា ហើយភ្លាមនោះស្រាប់តែគេឃើញ តារាកំប្លែងរូបនេះ មានការខឹងសម្បារ ប្រើសម្តីមើលងាយ ទៅលើអ្នកលក់នោះ ដោយមិនប្រណីមាត់ទាល់តែសោះ ។
ជុំវិញបញ្ហានេះរិះគន់ដែលគ្មានប្រភពជាក់លាក់នេះដែរ ត្រូវបានតារាសម្តែង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រាប់សារព័ត៌មាន ដំណឹង ថា “ប្រភពព័ត៌មានក្នុងស្រុកនោះ ចុះចង់តែបានភាពល្បីល្បាញ និង ដើម្បីទាញផលប្រយោជន៍ខ្លួន មូរបង្កាច់កេរ្តិ៍ឈ្មោះរបស់នាង តែមិនថ្វីនោះទេ ខ្ញុំសូមអះអាងថា វាគ្មានហេតុភេទ ឬហេតុការ ឬមួយរឿងរ៉ាវថានាងបានប្រើពាក្យសម្តីទៅ លើអាជីករម្នាក់ ក្នុងផ្សារព្រែកព្នៅនោះឡើយ បើសិនជារឿងនេះវាកើតមែនពិតនោះ ជាក់ណាស់នឹងមានរូបភាពជាច្រើន បង្ហោះទៅលើហ្វេសប៊ុកជាមិនខាន ព្រោះថាសម័យនេះគឺសម័យស្មាតហ្វូន នរណាក៏មានទូរស័ព្ទគ្រប់ដៃ ហើយរូបភាព មិនសមរម្យនោះ វានឹងចេញជាសាធារណៈទៅហើយ ។ មានមូលហេតុអ្វីដែលខ្ញុំទៅប្រើពាក្យមិនសមរម្យទាំងនោះ ទៅលើអាជីវករ ទាំងដែលខ្លួនធ្លាប់ហែលឆ្លងការលំបាកជាច្រើនរាប់មិនអស់” ។នាងបានបន្តទៀតថា ខ្លួនខ្ញុំមិនដឹងថា នាងបានឈ្លោះជាមួយនឹងអាជីវករណា នៅទីណា ពាក់អាវពណ៌អ្វី នឹងឈ្លោះជាមួយនឹងអាជីវករនោះនៅតូបលេខប៉ុន្មានផង។
តារាកំប្លែងរូបនេះបានសង្កត់ធ្ងន់ថា នាងមិនដែលប្រើប្រាស់ពាក្យសម្តីណាមួយទៅលើអ្នកអន់ជាងនាងឡើយ ដោយនាងតែងតែគិតថា អាជីពរបស់នាងល្បីដល់ពេលបច្ចុប្បន្ននេះ គឺបានមកដោយសារតែបងប្អូន ទស្សនិកជនគ្រប់មជ្ឈដ្ឋាន បើនាងធ្វើដូច្នោះមែន ដូចបំផ្លាញឆ្នាំងបាយខ្លួនឯង ។ ម្យ៉ាងវិញទៀត រាល់ថ្ងៃនេះ នាងរវល់ណាស់នឹងការងារសិល្បៈ ទៅមានពេលឯណា ទៅរករឿងអាជីវករលក់ដូរតាមផ្សារទៅ បើមានពេលចឹងមែន ទុកវាថែគ្រួសារ និងកូនប្រសើរជាង។ ជាចុងបញ្ចប់នាងខ្ញុំសូមធ្វើការ បដិសេធទាំងស្រុង ចំពោះព័ត៌មានទាំងអស់នោះ ហើយសូមគោរពអញ្ជើញ ពុក ម៉ែ បងប្អូន ទស្សនា Video Clip របស់នាងខ្ញុំ ដូចខាងក្រោម នេះ និងសូមជួយ Share ដើម្បីគាំទ្ររដល់នាងខ្ញុំក៏ដូចជាសិល្បៈករ ទទៃទៀតផង។ ពុកម៉ែបងប្អូនទាំងអស់ជាបេះដូងរបស់អ្នកសិល្បៈ ! សូមអរគុណ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់