លោករិន សាវ៉េត កាន់តែបង្ហាញអារម្មណ៍អស់សង្ឃឹមចំពោះស្ថានភាពជំងឺរបស់ភរិយាខ្លាំងឡើង បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះជាថ្មីកាលពីមុនចូលឆ្នាំខ្មែរ។ លោកថាក្រោយចាក់ថ្នាំគីមីមួយលើកថ្មី ស្ថានភាពភរិយាលោកកាន់តែធ្វើទុក្ខធ្ងន់ ជាពិសេសបន្ទាប់បានរកឃើញថាភរិយារបស់លោកមានមេរោគមហារីករាលដល់ខួរក្បាល។
លោកនិយាយថាភរិយារបស់លោកនៅក្នុងពេលនេះកាន់តែដុនដាបជាងមួយរយៈមុនឆ្ងាយណាស់ ដោយលោកបានចាត់ទុកថាការបញ្ជូនភរិយាមកសម្រាកមន្ទីរពេទ្យជាថ្មីតាំងពីថ្ងៃទី៩ មេសា គឺជាដំណាក់កាលធ្ងន់នោះផង។ លោកថាភរិយាលោកមានជំងឺមហារីកដើមទ្រូងក្នុងដំណាក់ធ្ងន់ដែលមិនអាចវះកាត់បាន ហើយក្រោយពីបានចេញពីពេទ្យទៅសម្រាកនៅផ្ទះ ក៏មានសភាពធ្វើទុក្ខជាថ្មី ហើយក្រោយពីស្កេនខួរក្បាលក៏មានលទ្ធផលថាមេរោគចូលទៅស៊ីដល់ខួរក្បាល ដែលតម្រូវអោយពេទ្យត្រូវបង្ខំចិត្តចាក់ថ្នាំគីមីសម្លាប់មេរោគនៅខួរក្បាលទៀត។ អាចបណ្ដាលមកពីសុខភាពរបស់ភរិយាលោកចុះខ្សោយទើបក្រោយពីចាក់គីមីបន្ថែមនោះ គឺអ្នកនាងកាន់តែដុនដាបសុខភាពដែលធ្វើអោយលោកឈានដល់អស់សង្ឃឹម។ លោកថាបើទោះជាខាងមន្ទីរពេទ្យរូស្ស៊ីបានសណ្ដោសប្រោសប្រណីព្យាបាលភរិយាលោកមិនគិតប្រាក់ ប៉ុន្តែលោកនៅតែប្រឈមការលំបាកដោយសារតែមិនមានលទ្ធភាពរកចំណូលសម្រាប់ផ្គត់ផ្គង់ការចំណាយផ្សេងពេលសម្រាកនៅពេទ្យ និងថ្លៃបង់ផ្ទះជួលជាដើម។ យ៉ាងណាមិញ លោកថាមិនទុកភរិយាចោលនោះទេ គឺសុខចិត្តកាន់ដៃ និងនៅកំដរភរិយារហូតដល់ដង្ហើមចុងក្រោយ បើទោះជាស្ថានភាពក្នុងពេលនេះតម្រូវអោយលោកធ្លាក់ដល់សភាពរកចំណូលលែងបានព្រោះតែទម្លាក់ចោលរាល់ការងារ។
មតិយោបល់