ហ្វីលីពីនៈ តាមការស្ទង់មតិក្នុងប្រទេស នៅថ្ងៃពុធនេះ បានបង្ហាញថា អត្រាពេញចិត្តនៃចំនួន ប្រជាជនហ្វីលីពីន លើសង្រ្គាមបង្ក្រាបថ្នាំញៀនរបស់ប្រធានាធិបតីលោក Rodrigo Duterte មានការធ្លាក់ចុះ នៅត្រីមាសដំបូង នៅក្នុងឆ្នាំនេះ ដោយមតិពួកគេ សុទ្ធសឹងតែបានលើកទ្បើងថា ភាគច្រើនជនសង្ស័យថ្នាំញៀន ដែលត្រូវប៉ូលិសចាប់ខ្លួន តែងត្រូវបានបាញ់សម្លាប់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
ការស្ទង់មតិដោយ SWS បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ១២០០ នាក់ គឺ ៧៨ % នៃពួកគេបាននពេញចិត្ត លើគោលនយោបាយបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល ហើយបើធៀបទៅនឹងតួលេខកាលពីខែធ្នូ ឆ្នាំមុន មានរហូតដល់ទៅ ៨៥ % ឯណោះ ដែលសបញ្ជាក់ឲ្យឃើញថា ការគ្រាំទ្ររបស់ប្រជាជន គឺមានចំនួនថយចុះជាងមុន។
តាមរយៈលទ្ធផលខាងលើ អាចឲ្យគេសន្និដ្ឋានបានថា ចំនួនប្រជាជនមិនពេញចិត្ត នៅក្នុងការបង្ក្រាបថ្នាំញៀន របស់លោក Duterte អាចនឹងកើនឡើងពី ៨ ទៅ ១២%។
គួរបញ្ជាក់ដែរថា មនុស្សជិត ៩.០០០ នាក់ហើយ ត្រូវបានសម្លាប់ ពាក់ព័ន្ធនឹងការបង្ក្រាបនេះ ក្នុងនោះរួមមានអ្នកប្រើប្រាស់ និងឈ្មួញជួញដូរថ្នាំញៀន ចាប់តាំងពីលោក Duterte បានចូលកាន់តំណែងជាប្រធានាធិបតី នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ ខណៈដែលមន្ត្រីប៉ូលិស បាននិយាយថា ភាគបីនៃជនរងគ្រោះ ត្រូវបានគេបាញ់សម្លាប់ គឺធ្វើទ្បើងក្នុងគោលបំណង ដើម្បីការពារខ្លួន ក្នុងអំឡុងពេលប្រតិបត្ដិការប៉ុណ្ណោះ៕
មតិយោបល់