ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយពាក់មី ប្រកាសចេញពីCTN ជាផ្លូវការ ហើយដោយទាំងបុគ្គលិកសំខាន់ៗ ៣រូបទៀត

នាយពាក់មី ប្រកាសថាខ្លួននឹងចេញពីស្ថានីយទូរទស្សន៍ ស៊ីធីអិន ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយសារមិនពេញចិត្ដនិងអ្នកគ្រប់គ្រងថ្មី។ ប្រតិកម្មនេះធ្វើឡើងតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ ដោយលោកអះអាងថា ក្រៅពីលោកក៏មានអ្នកដឹកនាំ និងតារាកំប្លែងសរុប ៣នាក់ផ្សេងទៀតក៏ត្រូវលាឈប់ដែរ។ លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បញ្ជាក់ថា សម្រាប់រូបលោកនៅតែស្រឡាញ់ និងនៅនឹក ស៊ីធីអិន ព្រោះវាជាកន្លែងផ្ដល់កំណើតសិល្ប:ឲ្យលោក។ លោកថាការដែលអ្នកគាំទ្រឃើញវត្ដមានលោកទៅលេងស្រុកកំណើតនៅខេត្ដស្វាយរៀងញឹកញាប់នោះ ក៏ដោយសារតែលោកពុំសូវមានការងារសិល្ប:ដូចមុន ជាក់ស្ដែងឈ្មោះលោកត្រូវបានគេដកចេញពីកម្មវិធីកប្លែងមួយឈ្មោះ “បាទ មេ” បាត់ទៅហើយ។ ដូច្នេះបើទោះបីជាលោកបន្ដនៅ ស៊ីធីអិន ទៀតក៏គ្មានន័យអ្វីសម្រាប់លោកដែរ។ នាយពាក់មី៖ “បងប្អូនខ្លះកាលខ្ញុំផុសពីមុនថាខ្ញុំថាឲ្យ CTN មិនមែនទេ ស៊ីធីអិន គឺនៅតែជាផ្ទះរបស់ខ្ញុំ អ្នកមានគុណរបស់ខ្ញុំ តែខ្ញុំមិនពេញចិត្ដអ្នកដឹកនាំថ្មីជនជាតិឥណ្ឌា បានខ្ញុំឈប់។ ឥឡូវមិនទាន់បានឈប់ផង គេដកខ្ញុំចេញពីកម្មវិធី “បាទមេ” អីអស់ហើយបងប្អូនអើយ”។

ទាក់ទងបញ្ហានេះមិនទាន់អាចរកប្រភពទាក់ទងអ្នកគ្រប់គ្រងថ្មីជនជាតិឥណ្ឌា ដែលបុគ្គលិកមួយចំនួនក្នុងស្ថាប័ននេះ ធ្លាប់ចោទថាមានការរឹតត្បិតក្នុងការចេញចូល និងរបៀបធ្វើការងារហួសហេតុ ដើម្បីសុំការអត្ថាធិប្បាយលម្អិតបាននៅឡើយទេ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ។ បើតាម នាយពាក់មី ក្រៅពីរូបលោកដែលជាតួអង្គសម្ដែងក្នុងក្រុមកំប្លែងប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន ដ៏សំខាន់ម្នាក់ ក៏មានអ្នកដឹកនាំ និងតារាកំប្លែងមួយចំនួនទៀតក៏សម្រេចចិត្ដដើរចេញដែរ ពោលគឺមានដូចជា៖ លោកតាវ៉ិចទ័រ នាយក្រូច និង នាយគ្រឿន ជាដើម។ ចំណែកថ្ងៃឈប់ជាផ្លូវការ លោកក៏បាន បញ្ជាក់ដែរថា នៅដើមខែកក្កដា។ នៅមុនការប្រកាសដើរចេញពីទ្រនំដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅនេះ គេក៏ឃើញមានបុគ្គលិកផ្នែកកីឡា នៃស្ថានីយទូរទស្សន៍មួយនេះ បានសម្រេចដើរចេញជាផ្លូវការហើយដែរកាលពីចុងខែឧសភា ឆ្នាំ២០២២៕

មតិយោបល់