ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណា វត្តី ចិត្តសឿង អត់ខ្ចីកុងត្រា

ប្រឡូកការសម្ដែងមកទល់ពេលនេះ តារាសម្ដែងនាង វណ្ណា វត្តី ត្រូវគេកត់សម្គាល់មានឱកាសសម្ដែងរឿងបានកាន់តែច្រើននាពេលចុងក្រោយ។ អ្វីដែលគេកត់សម្គាល់គឺនាងលេចមុខយ៉ាងគ្រឡឺមបន្ថែមមួយទៀតនៅក្នុងផលិតកម្ម BN ក្នុងនាមជាតារាចម្រៀងអាជីពនោះផង ដោយបទចម្រៀងរបស់នាងត្រូវគេកត់សម្គាល់មានភាពជោគជ័យ។ យ៉ាងណាមិញ ក្រោយបញ្ចេញ២បទជាប្រភេទបទ Original Song និងមួយបទជាបទតាមលំនាំចម្រៀងដើម តារាស្រីរូបនេះនៅតែប្រកាន់ជំហរមិនទទួលកុងត្រាជាមួយផលិតកម្មដែលនាងបានច្រៀង។

តួស្រីឆ្នាស់ឆ្នើមរូបនេះ និយាយថានាងមិនចង់ឲ្យជាប់កុងត្រាជាមួយផលិតកម្មចម្រៀង ឬជាមួយក្រុមហ៊ុនណាមួយនោះទេ ទើបនាងមិនដែលទទួលយកកុងត្រាទាល់តែសោះ ដោយសូម្បីតែមានក្រុមហ៊ុនជាច្រើន ចង់បាននាងឲ្យផ្ដាច់មុខលើការដើរម៉ូដ លើអាជីពចម្រៀង និងការសម្ដែងរឿង។ នាងថាខ្លួនចង់សម្ដែងឲ្យគ្រប់ផលិតកម្ម ទើបចិត្តសឿងមិនទទួលយកកុងត្រាប្រចាំឲ្យប៉ុស្ដិ៍ណាមួយ ឬផលិតកម្មណាមួយផ្ដាច់មុខដូចគ្នានឹងតារាសម្ដែងមួយចំនួន។ សូម្បីតែការហក់ចូលធ្វើជាតារាចម្រៀងថ្មីៗ ក៏នាងថាសុំចិត្តមិនឲ្យផលិតកម្ម BN តម្រូវឲ្យនាងកុងត្រាផ្ដាច់មុខប៉ុណ្ណេះឆ្នាំឬប៉ុណ្ណោះឆ្នាំនោះដែរ តែមិនមានន័យថានាងចង់ងាយស្រួលដើរចេញពីផលិតកម្មដែលនាងបានច្រៀងនោះទេ។ នាងថាអាជីពចម្រៀងនាងសម្រេចចិត្តត្រាំត្រែងជាមួយតែផលិតកម្ម BN ប៉ុណ្ណោះ ទោះមិនមានកុងត្រា ឬ ផលិតកម្មរយាលបញ្ចេញបទចម្រៀងឲ្យនាងនៅថ្ងៃណាមួយក៏នាងមិនដើរចោលដែរ ដោយសារតែនាងបានគិតរួចហើយថាថាផលិតកម្មដែលផ្ដល់ឱកាសឲ្យនាងដំបូងគេ គឺជាទ្រនំកម្សត់កម្រ។ នាងសម្រេចចិត្តប្រឡូកអាជីពចម្រៀងឲ្យបានខ្លាំងក្លាលប់ការសម្ដែង បន្ទាប់ពីចេញបានចម្រៀង៣បទនៅក្នុងផលិតកម្មBN កាលពីមុន និងអំឡុងចូលឆ្នាំខ្មែរ ហើយទទួលបានការគាំទ្រ។

វណ្ណា វត្តី បានសារភាពថានាងជាតារាមួយរូបដែលទទួលបានជោគជ័យទាំងការងារសិល្ប: និងមុខជំនួញ បើទោះជាស្នេហានាងនៅមិនទាន់ចង់និយាយនៅឡើយ។ នាងថាខ្លួនមានខុនដូរសម្រាប់ជួល និងមានចំណែកក្រុមហ៊ុនដឹកជញ្ជូនទំនិញពីថៃមកភ្នំពេញ និងពីភ្នំពេញទៅកាន់ប្រទេសប្រមាណ៥ឆ្នាំមកហើយ ដោយអាជីវកម្មមួយនេះធ្វើឲ្យនាងមានលុយមានកាន់ និងមានអតិថិជនកុម្ម៉ង់ទំនិញផ្សេងៗច្រើនឡើងនោះផងនាពេលចុងក្រោយ ទើបនាងសុំមិនទទួលកុងត្រា ជាមួយផលិតកម្មណាមួយ ដើម្បីងាយស្រួលឡើងចុះក្រៅស្រុក និងមិនជាប់សម្ពាធណាមួយពេលនាងមមាញឹកដោយអន្លើក្នុងមុខជំនួញ៕

 

//www.youtube.com/watch?v=qM8-wmDYTq0

មតិយោបល់