ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បុកគ្នាហើយរត់ចោលរថយន្ត សមត្ថកិច្ចទៅដល់បែរជារកឃើញឈើធ្នង់និងគ្រញូងជាច្រើនដុំទៅវិញ!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសស្រាល តែភាគីរថយន្តភ័យខ្លួនបានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ពេលសមត្ថកិច្ចទៅដល់មើលក្នុងរថយន្តឃើញឈើធ្នង់ និងគ្រញូងជាច្រើនកំណាត់ ទើបយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅដើម្បីរាយកាណ៍ប្រាប់រដ្ឋបាលព្រៃឈើព្រែព្នៅតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅម្តុំមុខវិទ្យាល័យជម្ពូវ័ន្ត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលដឹកឈើធ្នង់និងគ្រញូងនោះ ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-0324។ រីឯម៉ូតូមិនចាំស្លាកលេខម្ចាស់ប្រញ៉ាប់ទៅធ្វើការក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តខាងលើបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតបុកម៉ូតូ១គ្រឿង ពីក្រោយបណ្តាលឲ្យម៉ូតូកល់ក្រោមទ្រូងរថយន្តផ្នែកខាងមុខ អ្នកជិះរងរបួសស្រាល។

ប្រភពដដែលបន្តថា ខណ:ជួបគ្រោះថ្នាក់ចរាចរណ៍នេះហើយ ម្ចាស់រថយន្តខាងលើទំនងជាភ័យដោយសារតែរថយន្តរបស់ខ្លួនដឹកឈើធ្នង់និងគ្រញូងជាច្រើនកំណាត់ផងនោះ ក៏បើកទ្វាររថយន្តរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចោមចៅបានយករថយន្តខាងលើយកទៅនៅប៉ុស្តិ៍ចោមចៅហើយរាយការណ៍ទៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់