ក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៥ មេសា អ្នកនាងស្វែង សុជាតា បានអះអាងថាអ្នកនាងមិនបានសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលមុខរបួសដែលបង្កពីស្វាមីនោះទេ បើទោះជាអ្នកនាងទទួលស្គាល់ថានៅជាំមុខ និងឈឺថ្គាមមិនទាន់បាត់។ យ៉ាងណាមិញ អ្នកនាងថាខ្លួនកំពុងរត់ចុះរត់ឡើងដើម្បីដាក់បណ្ដឹងអោយចាប់ប្ដីក្មេងរបស់ខ្លួន ខណៈដែលអ្នកនាងបានប្រកាសថាមន្ត្រីសមត្ថកិច្ច មិនត្រឹមតែមិនជួយដល់អ្នកនាងប៉ុណ្ណោះទេ គឺថែមទាំងធ្វើអោយអ្នកនាងចង់ឆ្កួតក្នុងពេលមានទុក្ខនេះនោះផង។
អ្នកនាងនិយាយថា ខកចិត្តយ៉ាងខ្លាំង ដែលបានដាក់បណ្ដឹងអោយចាប់លោក ថោង សុខុម ជាស្វាមីផ្សំថ្នាំពីបទគំរាមសម្លាប់ និងប្រើហិង្សា តែមន្ត្រីប៉ូលិសបានទាមទារអោយអ្នកនាងស្វែងរកភស្ដុតាង និងសាក្សី និងបានប្រកាសថាមិនអាចចាប់ឃាត់ខ្លួនជនត្រូវចោទនោះបានទេ បើគ្មានដីកាចាប់ខ្លួនពីតុលាការ។ អ្នកនាងនិយាយថាក្នុងពេលពួកនាងឈ្មោះគ្នាលើកចុងក្រោយគឺនៅក្នុងផ្ទះ ហើយមិនមានអ្នកក្រៅទៅជួយកើតនោះទេ អ៊ីចឹងតើមានសាក្សីពីណាមក ហើយបើបណ្ដឹងអ្នកនាងមិនត្រូវបានបញ្ជូនដោយក្រុមសមត្ថកិច្ចទៅកាន់តែតុលាការផង តើបានដីការមកពីណា។ អ្នកនាងថាខ្លួនឆ្លេរឆ្លារសុំអោយសមត្ថកិច្ចជួយឃាត់ខ្លួនស្វាមីក្មេងយកមកសួរចម្លើយច្រើនលើកច្រើនសារក្នុងប៉ុន្មានថ្ងៃនេះ ប៉ុន្តែសមត្ថកិច្ចនៅតែផ្ដល់ចម្លើយដដែល ហើយបណ្ដោយអោយអ្នកបង្កហេតុមានសេរីភាពយ៉ាងព្រងើយមកទល់ពេលនេះ។ អ្នកនាងថាមន្ត្រីប៉ូលិសគួរតែចាប់បុគ្គលដែលអ្នកនាងបានដាក់បណ្ដឹងមកសួរចម្លើយ ហើយជួយរៀបចំបណ្ដឹងរបស់អ្នកនាងទៅកាន់តែតុលាការ ប៉ុន្តែផ្ទុយទៅវិញ បែរជាតម្រូវអោយអ្នកនាងទៅដកពាក្យបណ្ដឹងដែលធ្លាប់បានប្ដឹងនៅឯតាខ្មៅដោយខ្លួនឯង និងទាមទារអោយអ្នកនាងទៅរកភស្ដុតាងនិងសាក្សីមកច្រើនបន្ថែមទៀត ទើបអាចចាត់ការ ធ្វើអោយអ្នកនាងយល់ថា បណ្ដឹងរបស់ខ្លួនអត់មានតម្លៃ។ អ្នកនាងបានសារភាពថាខ្លួនចង់ឆ្កួតហើយ ដោយសារតែទៅជួបប៉ូលិសនេះគេទាមទារអ៊ីចេះ ហើយខលទៅប៉ូលិសមួយនោះគេទាមទារអ៊ីចុះ ដោយធ្វើអោយជនល្មើសដែលគំរាមសម្លាប់អ្នកនាង និងប្រើហិង្សាលើអ្នកនាងនៅតែបន្តរួចខ្លួនហើយអ្នកនាងរត់ចុះរត់ឡើង តាំងពីបានដាក់បណ្ដឹង ដោយសមត្ថកិច្ចអង្គុយតាស្ងៀម អត់មានចាត់ការអ្វីជួយទាល់តែសោះ។ អ្នកនាងថាលោកថោង សុខុម មានដំណឹងថាស្ថិតនៅស្ថិតនៅសៀមរាប ហើយអ្នកនាងបានស្នើអោយប៉ូលិសដែលនាងបានប្ដឹងជួយសហការជាមួយប៉ូលិសនៅខេត្តសៀមរាប ដើម្បីឃាត់ខ្លួនជនល្មើស តែ បែរជាខាងប៉ូលិសសង្កាត់ច្រាំងចំរេះ និងខ័ណ្ឌឬស្សីកែវ ឆ្លើយថាទាល់តែមានដីកាទើបអាចចេញវិធានការឃាត់ខ្លួនបែបនេះ។ អ្នកនាងនិយាយថា«ខ្ញុំអត់យល់ចំណាត់ការប៉ូលិសយើងទេ ខ្ញុំរងគ្រោះចង់ងាប់ ខ្ញុំប្ដឹងគាត់ គាត់ទារនេះទារនោះ ហើយប្រើអោយខ្ញុំទៅដកយកឯកសារដែលវាវ៉ៃខ្ញុំនៅតាខ្មៅដែលខ្ញុំប្ដឹងប៉ូលិសនៅហ្នឹងយកមកសិន ហើយបើគាត់អ្នកច្បាប់គាត់អោយតែជនរងគ្រោះធ្វើការមកអោយតែគាត់ស្រាប់ៗចឹងៗខ្ញុំសួរថាគាត់ធ្វើអីក្រោយពេលទទួលពាក្យបណ្ដឹង ខ្ញុំមិនឆ្កួតទេអ្ហី ហើយប្រព័ន្ធប៉ូលិសអត់ចេះទាក់ទងគ្នាទេអ្ហី ឬក៏ទាល់តែវា(ប្ដីក្មេង)មកអារ-កខ្ញុំងាប់បានថាមានភស្ដុតាងគ្រប់គ្រាន់ ទើបចាប់វាកើត!»។ អ្នកនាងថាខកចិត្តដែលខ្លួនបានប្ដឹងសមត្ថកិច្ចតាំងពីប្ដីក្មេងស្ថិតនៅភ្នំពេញ ប៉ុន្តែឥឡូវមិនដឹងចេញពីសៀមរាបទៅដល់ណាទៀតហើយ ក៍នៅតែ លោកប៉ូលិសថាចាំដីកាៗ។
ចំពោះការអះអាងរបស់អ្នកនាង ផុសញូនឹងរង់ចាំ ការបកស្រាយពីមន្ត្រីប៉ូលិសនៅច្រាំងចំរេះ និងខ័ណ្ឌឬស្សីកែវ៕
មតិយោបល់