ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈានដល់ការរិះគន់មន្រ្តីក្រសួងវប្បធម៌ ករណីយករូបអង្គរវត្តទៅប្រើក្នុងរឿងបារមីនាគរាជថៃ

ក្រោយពីចេញព័ត៌មានតារាសិល្បៈក្នុងក្រុម«គ្រួសារតារាកម្ពុជា»ប្រតិកម្មចំពោះទង្វើរថៃយករូបប្រាសាទអង្គរវត្តរបស់ខ្មែរទៅដាក់ជាប៉ាណូក្នុងរឿងព្រេងនាគរាជរបស់ថៃ បានធ្វើអោយដំណឹងមួយនេះកាន់តែឡើងកំដៅពីសំណាក់អ្នកលេងហ្វេសប៊ុក។ អ្វីដែលគេកត់សម្គាល់គឺប្រតិកម្មទាំងនោះបានឈានដល់ការរិះគន់យ៉ាងធ្ងន់ៗដល់ក្រសួងវប្បធម៌ ដោយអ្នករិះគន់ទាំងនោះនិយាយថាតើមន្ត្រីក្រសួងធ្វើអ្វី ឬក៏ចាំតែមហាជនប្រតិកម្មផ្អើលប្រទេសបានចេញវិធានការ។

មហាជនច្រើនឡើង ជាពិសេសតារាសិល្បៈ បានប្រកាសចូលរួមធ្វើញត្តិជំរុញអោយក្រសួងវប្បធម៌ប្រតិកម្មទៅកាន់ប្រទេសថៃ ឬបកស្រាយពន្យល់អោយបងប្អូនខ្មែរបានយល់ថា ហេតុអ្វីបានជាថៃផលិតរឿងនិយាយពីនាគរាជរបស់ថៃ ប៉ុន្តែបានប្រើរូបប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលនាំអោយមានការភាន់ច្រលំថាប្រាសាទមួយនេះជាអតីតរបស់ថៃ។ អ្នករិះគន់ទាំងនោះ និយាយថាបើតារាសម្ដែងដេនីក្វាន់ស្លៀកពាក់ស៊ិចស៊ី បើកកិច្ចប្រជុំម្ដងជាពីរដង ដោយមានសេចក្ដីប្រកាសផង ប៉ុន្តែដល់ពេលផលិតករថៃធ្វើរឿង និងផ្សព្វផ្សាយរឿងរបស់ខ្លួន ដោយយកប្រាសាទរបស់ខ្មែរទៅភ្ជាប់ធ្វើអោយប៉ះពាល់ដល់តម្លៃរបស់កម្ពុជា បែរជាសម្ងំស្ងាត់ឈឹង។

អ្នកនាងខាត់ សុឃីម និយាយថា អ្នកនាងចង់អោយក្រសួងវប្បធម៌ចេញសេចក្ដីជូនដំណឹងថា បើថៃសុំសិទ្ធិក្នុងការថតរឿងហ្នឹង តើគេថតនិយាយពីអី ហើយមានការប៉ះពាល់ឬទេ ហើយបើគេធ្វើដោយមិនមានការសុំច្បាប់វិញ គឺគួរតែចេញប្រតិកម្មផ្លូវការនៅកាន់ទូតថៃ ដើម្បីសុំអោយថៃបកស្រាយ អោយកូនខ្មែរអស់ចិត្ត។ អ្នកនាងថាមិនយល់ទេ ដែលថៃស្លៀកពាក់ថៃ ហើយយកអង្គរបស់ខ្មែរទៅដាក់ពីក្រោយ ដែលមិនខុសពីអង្គរវត្តជារបស់សាសន៍ថៃ។

ពូឃ្លាំង តារាចម្រៀងរ៉េប បានទទូចអោយមន្ត្រីក្រសួងវប្បធម៌ងាកចេញពីការរិះគន់ និងចាប់កំហុសគ្នាឯង ធ្វើកិច្ចការណាមួយដែលមានន័យបំភ្លឺដល់សាធារណជនពីករណីជនជាតិថៃយកប្រាសាទអង្គរទៅដាក់ក្នុងរឿងព្រេងនាគរាជរបស់ខ្លួន។ លោកថាក្រសួងឮតែចាប់កំហុសអ្នកសិល្បៈគ្នាឯង ប៉ុន្តែនៅពេលមានការរឿងផ្អើលនៅលើហ្វេសប៊ុកពីករណីថៃនេះ បែរជាមិនទាន់ឃើញប្រតិកម្មមកទល់នឹងរសៀលថ្ងៃទី២ ឧសភា នេះ។
លោកស៊ុម ភារុណ ម្ចាស់ផលិតកម្មបដិហារ្យភាពយន្ត ដែលបានផលិតរឿង«គំនុំខ្មោចក្រមុំទាំង៣» និងរឿង«លង់ស្នេហ៍អ្នកគ្រូ» បានសរសេរបង្ហោះថា«និយាយអោយត្រង់ខ្ញុំពិតជាស្អប់មន្ត្រីនៅនាយកដ្ឋានភាពយន្តក្រុមគណកម្មការត្រួតពិនិត្យរឿងខ្លាំងណាស់ គឺស្អប់ដល់ឆ្អឹង ក្រុមពួកគាត់ចេះតែចាប់កំហុសផលិតករ និងតារាខ្មែរទេ តែបើភាពយន្តថៃវិញយកមកបញ្ចាំងនៅស្រុកខ្មែរបានតាមចិត្តទោះភាពយន្តនោះថតមកធ្វើអោយមានផល ប៉ះពាល់ដល់ខ្មែរក៏ដោយ វាហាក់បីដូចជាមានអ្វីបាំងភ្នែកពួកគាត់មើលមិនឃើញកំហុសភាពយន្តថៃ ឬ ពួកគាត់ខ្លាចគេ? ខ្ញុំឈឺចិត្តណាស់ និយាយទៅបំភ្លេចមិនទេ ហើយក៏ស្តាយប្រាក់ខែរដ្ឋដែរ។ ពួកគាត់ធ្វើការមិនយុត្តិធម៌ទេ!»។

លោក ម៉ៃ សុគន្ធ នៅតែបន្តការរិះគន់ចំៗចំពោះចំណាត់ការស្ងាត់ស្ងៀមរបស់ក្រសួងវប្បធម៌ ដោយលោកនិយាយថាមិនបានដឹង ឬធ្វើមិនដឹង? លោកថារឿងនេះថៃនិយាយពីបារមីរបស់នាគរាជដែលជនជាតិថៃគោរពជឿជាក់ តែហេតុអ្វីបានជាយកប្រាសាទរបស់ខ្មែរដែលមានទាំងដើមត្នោតផង ទៅភ្ជាប់ជាមួយ។

តារាសិល្បៈផ្សេងទៀតរឹតតែបង្ហាញនូវការរិះគន់ខ្លាំងៗពាក់ព័ន្ធនឹងករណីដែលបានលេចឡើងនេះ។ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថា លោកបានបញ្ជូនព័ត៌មាន នឹងប្រតិកម្មនោះជូនដល់ក្រុមប្រឹក្សារបស់ក្រសួងវប្បធម៌ហើយ តែមិនទាន់ឃើញការលើកឡើងណាមួយពាក់ព័ន្ធនឹងបញ្ហានេះឡើយ។ លោកថាស្នើអោយតារាសិល្បៈ ដែលមានគំនិតចង់លើកគ្នាទៅកាន់ក្រសួងវប្បធម៌ ស្ងប់ស្ងាត់ ដោយរង់ចាំមើលប្រតិកម្មនៅពេលបន្ទាប់វិញ៕

មតិយោបល់