មកទល់ម៉ោងនេះគេកត់សម្គាល់ថា តារាសម្ដែងលោក ឈួន ពន្លឺ ដែលជាម្ចាស់ពានតារាសម្ដែងឆ្នើម របស់ទូរទស្សន៍អប្សរាក្នុងកម្មវិធី Apsara star Zeus 2016 កាន់តែផ្ទុះជម្លោះខ្លាំងឡើងជាមួយអ្នកស្រី សរ កេសារ៉ា ជាតារាជើងចាស់ និងជាផលិតកររឿង «រ៉ូហ្សា៥» ដែលទើបប្រកាសដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកាលពីថ្ងៃទី៤ ឧសភា។ លោកទាមទារឲ្យអ្នកស្រីសុំទោសជាសាធារណៈដល់ម្ចាស់ហាងសំលៀកបំពាក់ Mr.Man ខណៈអ្នកស្រីវិញ បានប្រកាសឲ្យលោកធ្វើការសុំទោសជាសាធារណៈវិញដូចគ្នា បន្ទាប់ពីលោកបានវាយប្រហារអ្នកស្រី ជាសាធារណៈនៅលើហ្វេសប៊ុក ដោយអ្នកស្រីចាត់ទុកលោកធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរឿងរបស់ខ្លួន។
លោកឈួន ពន្លឺ បានអះអាងថា ក្នុងពេលបម្រើការជាអ្នកចាត់ការទូទៅក្នុងរឿង «រ៉ូហ្សា៥» លោកគឺជាអ្នកចចារ ជាមួយហាងខោវអាវ Mr.Man ដើម្បីឲ្យហាងមួយនេះ ឧបត្ថម្ភសំលៀកបំពាក់ទាំងស្រុងដល់តារាសម្ដែងក្នុងរឿងនេះ តាំងពីដើមរឿងរហូតដល់បញ្ចប់រឿង ដែលោកចាត់ទុកថា នេះជារឿងទី១ ដែលមានសំណាង បានហាងមួយយល់ព្រមផ្ដល់សំលៀកបំពាក់យ៉ាងសន្ធឹកឲ្យប្រើ ក្នុងពេលដែលខោអាវមួយចំនួនក៏ត្រូវដាច់រហែក និងប្រឡាក់លក់លែងបាន ក្រោយពេលយកទៅសង។ លោកថាអ្នកស្រី សរ កេសារ៉ា ជាម្ចាស់ផលិតកម្ម បានយល់ព្រមទាំងអស់ថានឹងធ្វើការផ្សព្វផ្សាយដោយដាក់ Logo ឲ្យ Mr.Man មិនថាលើ Poster ដែលបង្ហោះលើហ្វេសប៊ុក ក្នុងប៉ាណូពេលសម្ពោធរឿង និងក្នុងកុន។ ប៉ុន្តែចុងក្រោយអ្នកស្រីបានត្រឹមតែដាក់ Logo អរគុណនៅក្រោយបញ្ចប់រឿងក្នុងពេលបញ្ចាំងចប់ប៉ុណ្ណោះ ទើបលោកថា ទទួលយកមិនបាន ដោយសារតែលោកចាត់ទុកថា ការដាក់ត្រឹមប៉ុណ្ណឹងគឺមិនមានអ្នកចាប់អារម្មណ៍មើល។
លោកថាខ្លួនបានតវ៉ាដល់អ្នកស្រីច្រើនលើកច្រើនសារមុនពេលសម្ពោធរឿង ដើម្បីឲ្យដាក់ Logo ទៅតាមលក្ខណ្ឌគ្រប់យ៉ាង ដែលបានព្រមព្រៀង ប៉ុន្តែអ្នកស្រីក្រៅពីមិនឆ្លើយតប ក៏ធ្វើមិនដឹងមិនឮផងដែរ រហូតទាល់តែថ្ងៃសម្ពោធនៅតែមិនឃើញធ្វើតាមសន្យាទើបលោកសម្រេចចិត្តបង្ហោះជាសាធារណៈ ហើយត្រូវជំនួយការអ្នកស្រីគំរាមឲ្យលុប និងឲ្យសុំទោសជាសាធារណៈ។
លោកថាក្រៅពីបន្តបង្ហោះពីភាពមិនទទួលខុសត្រូវរបស់ម្ចាស់ផលិតកម្មរូបនេះ ក៏នឹងធ្វើរហូតទាល់តែអ្នកស្រី សរ កេសារ៉ា ប្រកាសសុំទោសជាសាធារណៈចំពោះម្ចាស់ហាង Mr.Man ផងដែរ។ លោកថាខ្លួនមិនឲ្យខូចឈ្មោះ ជាមួយម្ចាស់ហាង Mr.Man ដោយសារតែភាពមិនទទួលខុសត្រូវរបស់អ្នកស្រីបានទេ ក្នុងពេលដែលលោកធ្វើជាអ្នកចាត់ការរឿងឲ្យអ្នកស្រីមួយចប់រឿង ក៏ទទួលបានតែ២០០ដុល្លារ ជាថ្នូរនឹងការគោរព និងជួយដល់អ្នកស្រីដែលចង់ផលិតមួយរឿងនោះទៅទៀត។
អ្នកស្រី សរ កេសារ៉ា បានបញ្ជាក់ថា ខ្លួនមិនបានដឹងថា ការបង្ហោះ Poster រឿងនៅលើហ្វេសប៊ុក ឬលើផេក ក៏ជាចំណុចដែលនៅស្រុកខ្មែរចង់បានសម្រាប់ដាក់ Logo ដល់ម្ចាស់អ្នកឧបត្ថម្ភនោះទេ ទើបអ្នកស្រីមិនបានដាក់។ អ្នកស្រីថា គម្រោងដាក់ Logo ឲ្យក្នុងព្រឹត្តិការណ៍សម្ពោធ ប៉ុន្តែដោយសារតែខាងរោងភាពយន្ត មិនត្រូវឲ្យដាក់ក្រៅពីម្ចាស់អ្នកឧបត្ថម្ភនៅថ្ងៃសម្ពោធរឿងនេះ ទើបក្នុងកម្មវិធីសម្ពោធរឿងកាលពីថ្ងៃតី៤ ឧសភា មិនបានដាក់។ អ្នកស្រីថាខ្លួននឹងមានវិធានការតបតទៅលោកពន្លឺ ប៉ុន្តែមិនទាន់បង្ហើបថាជាអ្វីទេ៕
មតិយោបល់