បន្ទាប់ពីលោកឈុន សុវណ្ណភក្ដី កូនប្រុសថៅកែផលិតកម្ម BKS ផ្ដល់បទសម្ភាសន៍រឿងពាក់ព័ន្ធនឹងបទ«រាត្រីឯកា»ថាតារាចម្រៀងនៅផលិតកម្ម Zoomរបស់លោក ម៉ៃ សុគន្ធ លួចយកទៅផលិត ទើបធ្វើអោយមានការយល់ច្រលំថាបទនោះជាOriginal Song មួយតែច្រៀង២នាក់ លោកម៉ៃ សុគន្ធ បានអះអាងថាហេតុផលដែលនាំអោយមានកិច្ចសម្ភាសន៍នោះឡើយ គឺអាចបណ្ដាលមកពីលោក ឈុន សុវណ្ណភក្ដីមានគំនុំកាលពីអតីតកាលជាមួយខ្លួន។ លោកថាខ្លួននឹងទម្លាយរឿងនោះ ប្រសិនបើលោក ឈុន សុវណ្ណភក្ដី បន្តផ្ដល់សម្ភាសន៍បន្ថែមទៀត បណ្ដាលអោយប៉ះពាល់ដល់ផលិតកម្មលោកបន្តទៀត។
លោកម៉ៃ សុគន្ធ និយាយថាក្រោយពេលផ្ទុះឡើងចម្រូងសម្រាស់រឿងបទ«រាត្រីឯកា»លោក និងលោក ឈុន សុវណ្ណភក្ដី បានជជែកគ្នាតាមទូរស័ព្ទរួចហើយ ថាបញ្ចប់ដោយភាពស្ងប់ស្ងាត់ដោយមិនមានភាគីខាងណាលើកឡើងណាមួយបណ្ដាលអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគ្នានោះទេ ប៉ុន្តែក្រោយទម្លាក់ទូរស័ព្ទបានប៉ុន្មានម៉ោង លោកស្រាប់តែឃើញព័ត៌មានមួយចេញផ្សាយ ដោយគេដកស្រង់បទសម្ភាសន៍របស់ម្ចាស់ផលិតកម្មBKS រូបនេះទាំងស្រុង និយាយវាយប្រហារដល់ផលិតកម្មរបស់លោកជាសាធារណៈ។ លោកថាផលិតកម្ម Zoom ពិតជាបានផលិតបទ«រាត្រីឯកា» និងចេញបង្ហោះលើYoutube មុនBKS ពិតមែន បន្ទាប់ពីអតីតតារាចម្រៀងរបស់BKS ដែលផ្លាស់មកច្រៀងនៅ Zoom បានអះអាងថាបទនោះគឺគេជាអ្នកផលិត។ លុះដល់បទនោះដាក់បង្ហោះ ហើយមានប្រតិកម្មពីខាងលោក ឈុន សុវណ្ណភក្ដី លោកក៏បានស្នើសុំទិញយក តែត្រូវលោកឈុន សុវណ្ណភក្ដី បដិសេធ និងទាមទារអោយលុប ដោយថាបទនោះជាបទដែលBKS ចំណាយលុយផលិតគ្រោងអោយតារាចម្រៀងរបស់លោកដែលកាលនោះនៅជាតារាចម្រៀងរបស់ BKS ច្រៀង ប៉ុន្តែបានប្រគល់ទៅអោយតារាចម្រៀងលោកចឺមច្រៀងវិញ ដើម្បីដាក់លក់នៅសាន់ដេ។ លោកសារភាពថាក្រោយពីបទមួយនេះត្រូវនាយចឺមចេញច្រៀង លោកពិតជាបានបញ្ចេញទស្សនៈមួយចំនួនពីករណីដណ្ដើមបទគ្នានោះមែន ដោយសារតែលោកស្មានថាបទនោះមានការរួមចំណែកនិពន្ធដោយផ្ទាល់ពីតារាចម្រៀងរបស់លោកដូចអ្វីដែលតារាចម្រៀងលោករបស់អះអាង។ ប៉ុន្តែក្រោយពេលលោក ឈុន សុវណ្ណភក្ដី ប្រតិកម្ម ហើយបានពន្យល់តាមទូរស័ព្ទ ទើបលោកដឹងថាតារាចម្រៀងរបស់លោកកុហក និងបានព្រមព្រៀងជាមួយលោក ឈុន សុវណ្ណភក្ដីថាមិនមានការវាយប្រហារគ្នាណាមួយនោះទេ ដើម្បីកុំអោយមានរឿងខ្ចរខ្ចាយ ដោយលោកថាលោកឈុន សុវណ្ណភក្ដី ក៏យល់ព្រមទទួលយកដើម្បីទុកមុខរាប់គ្នា។ អ៊ីចឹងហើយទើបលោកខកចិត្តក្នុងពេលដែលឃើញបទសម្ភាសន៍នោះត្រូវបានធ្វើឡើង។ លោកនិយាយថា«ខ្ញុំនិយាយមិនល្អពីរឿងបទហ្នឹង ខ្ញុំនិយាយត្រឹមតែក្នុងគ្រុបប៉ុណ្ណោះ ហើយក៏អត់បានបង្ហោះនៅលើហ្វេសប៊ុកដែរ ហើយនៅពេលភក្ដីគាត់ខលមកខ្ញុំ ខ្ញុំក៏បានទទួលយកការពន្យល់របស់គាត់ ដោយពួកយើងសម្រេចថាបញ្ចប់ត្រឹមការជជែកគ្នានឹង តែមិនដូចសន្យាគាត់បែរអោយសម្ភាសន៍ទៅគេ ហើយនិយាយវាយប្រហារតារាចម្រៀងZoom និងផលិតកម្មជាសាធារណៈ»។ លោកថាហេតុផលដែលលោកឈុន សុវណ្ណភក្ដី មិនព្រមលក់បទនោះអោយខ្លួនអោយពេលផលិត និងបង្ហោះនៅលើYoutube រួចហើយ និងក្រោយពីបានជជែកគ្នានៅតែផ្ដល់សម្ភាសន៍បំបាក់មុខលោក គឺអាចបណ្ដាលមកពីលោកឈុន សុវណ្ណភក្ដី មានគំនុំកាលពីអតីតកាល។ លោកបដិសេធបង្ហើបអោយដឹងថាអ្វីជាបញ្ហាគំនុំនោះ ដោយគ្រាន់តែបានបង្ហបថា គឺជាករណីដែលធ្វើអោយមុខមុខមាត់របស់លោកឈុន សុវណ្ណភក្ដី និងគ្រួសាររងការអាម៉ាស់។ លោកថាខ្លួនមានឯកសារពាក់ព័ន្ធនឹងរឿងអាស្រូវនោះ នឹងថាបើលោកឈុន សុវណ្ណភក្ដី បន្តនិយាយប៉ះពាល់ដល់លោក និងផលិតកម្ម Zoom ទៀត គឺលោកនឹងបញ្ចេញ។
លោកឈុន សុវណ្ណភក្ដី បញ្ជាក់ថា ហេតុផលដែលលោកផ្ដល់សម្ភាសន៍នោះក្រោយការចចារត្រូវរ៉ូវ គឺដោយសារតែមានអ្នកគាំទ្រច្រើនពេក យល់ថានាយចឺមច្រៀងបទ«រាត្រីឯកា»តាមគេប៉ុណ្ណោះ។ លោកថាដ្បិតថាបទ«រាត្រីឯកា»របស់Zoom បានលុបពីYoutube តែអ្នកធ្លាប់ស្ដាប់បទនេះ នៅតែយល់ថានាយចឹមចេញបទក្រោយគេ ទើបលោកសម្រេចចិត្តផ្ដល់សម្ភាសន៍ដើម្បីបកស្រាយ៕
https://www.youtube.com/watch?v=vCOC4NUg38A
មតិយោបល់