ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ លីដា សប្បាយចិត្តនឹងMV Original Song ដំបូងរបស់ប្អូនប្រុស

គ្មានអ្នកណាមិនដឹងនោះទេថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ ប្អូនប្រុសរបស់កញ្ញាពៅ លីដា បានចេញបទ Original Song មួយបទ ក្រោមចំណងជើងថា «អ្នកមានគុណ» ដែលជាបទផលិតដោយលោកសាវិន ហ្វីលីព ដើម្បីរំលឹកពីប្រវត្តិរបស់លោកដែលបានរឹងមាំដោយគ្មានឪពុកតាំងពីតូច។ ក្រោយការចេញបង្ហោះបទនេះទទួលបានការគាំទ្រភ្លាមៗ ជាពិសេសគឺសន្ទុះចាប់អារម្មណ៍ចំពោះMV ដែលទើបតែចេញបង្ហោះនោះតែម្ដង ទើបកញ្ញាពៅ លីដា បង្ហាញនូវមោទនភាពចំពោះស្នាដៃដំបូងរបស់ប្អូនប្រុស។

កញ្ញា និយាយថា ប្អូនប្រុសរបស់នាងមិនធ្លាប់ស្រម៉ៃថាបានច្រៀងបទដំបូងហើយជាប្រភេទបទOriginal Song នោះទេ បើទោះជាលោកចង់ក្លាយជាអ្នកចម្រៀងម្នាក់មុនពេលហក់ចូលអាជីពសម្ដែង។ នាងថាគ្រួសារ និងសាមីខ្លួនដែលជាម្ចាស់សំឡេងផ្ទាល់សប្បាយចិត្តដោយសារតែលោកសាវិន ហ្វីលីព ដែលជាម្ចាស់បទ«អ្នកមានគុណ»ពេញចិត្តឲ្យប្អូនប្រុសរបស់នាងច្រៀង ដែលមិនខុសពីជួយលើកមុខលើកមាត់របស់ប្អូននាងនៅក្នុងវិថីសិល្ប:។ កញ្ញាថា ក្នុងMV របស់ពៅ ពិសិដ្ឋ នាងរឹតតែសប្បាយចិត្ត ដោយសារតែបានសម្ដែងជាមួយម្ដាយបង្កើតរបស់ខ្លួន ដែលមិនខុសពីអនុស្សាវរីយ៍មួយសម្រាប់សមាជិកគ្រួសារ។ នាងថាលោកសាវិន ហ្វីលីព បានជ្រើសប្អូនប្រុសនាងឲ្យច្រៀងដោយសារតែស្រឡាញ់រាប់អាន និងចង់លើកស្ទួយ ហើយលោកក៏បានផ្ដល់កិត្តិយសឲ្យនាងសម្ដែងធ្វើជាតួភរិយា និងឲ្យទាំងម្ដាយរបស់នាងសម្ដែងជាតួម្ដាយលោកផង។ នាងទទូចឲ្យគាំទ្រដល់MVរបស់ប្អូនប្រុសដែលទើបចេញផ្សាយ ដោយក្នុងពេលខាងមុខនាងក៏ប្រហែលជាមានគម្រោងឲ្យលោកពៅ ពិសិដ្ឋ ផលិតបទច្រៀងផ្ទាល់ខ្លួនបែបនេះដើម្បីស្ទាបស្ទង់ទីផ្សារចម្រៀងបន្តទៀតផងដែរ។

លោកសាវិន ហ្វីលីព និយាយថាបទដែលបានផលិតឡើងនេះ គឺលោកចង់រំលឹកពីអតីតរបស់លោកដែលមានតែម្ដាយ ហើយម្ដាយតស៊ូចិញ្ចឹមបីបាច់លោកទម្រាំបានក្លាយជាបុគ្គលដែលជោគជ័យម្នាក់នៅក្នុងសង្គម។ លោកថាខ្លួននឹងមានគម្រោងផលិតបទទី២ដែលមាខ្លឹមសារឆ្លុះបញ្ចាំងពីជិវិតអតីតកាល នឹងជាប់ពាក់ព័ន្ធនឹងបទ«អ្នកមានគុណ»នេះទៀត ដើម្បីឲ្យមានសាច់រឿងប្រទាក់ក្រឡាគ្នា។ យ៉ាងណាលោកថាបទទី២បន្ទាប់ពី«អ្នកមានគុណនោះ»មិនតម្រូវឲ្យតារាប្រុសច្រៀងទៀតទេ គឺជាបទOriginal Song បទស្រីម្ដង៕

មតិយោបល់