យោងតាមការបង្ហើបអោយដឹងបានអះអាងថាភាពយន្តរឿង«អាមោកលក់ម៉ាំ!»ដែលសម្ដែងតួឯកដោយលោកប៉ែន ចំរ៉ុង មិនសូវមានការគាំទ្រពីអ្នកទស្សនានោះទេ ចាប់តាំងពីបានដាក់បញ្ចាំងកាលពីថ្ងៃទី១៨ ឧសភា។
នេះជារឿងទី១របស់ផលិតកម្មមហាហង្ស ដែលម្ចាស់ផលិតកម្មទទួលស្គាល់ដូចគ្នាថានឹងមិនមានរំពឹងថាអាចស្រង់ដើមមកវិញ បើទោះជាអះអាងថានេះជារឿងមានគុណភាព និងល្អមើលជាងរឿង«ស៊ុបពើម៉ាំ»ដែលទទួលបានការកោតសរសើរខ្ពស់។
ប្រភពពីអ្នកគ្រប់គ្រងការលក់សំបុត្រនៅតាមរោងកុន បានអះអាងថារឿង«អាមោកលក់ម៉ាំ»ទទួលបានការគាំទ្រតិចតួចហួសពីការស្មាន ដោយក្នុងថ្ងៃមួយទទួលបានអ្នកទស្សនាត្រឹមតែរង្វង់១ពាន់នាក់ប៉ុណ្ណោះនៅគ្រប់បណ្ដាគ្រប់រោងទាំងភ្នំពេញ និងខេត្តសៀមរាប ខណៈដែលតួលេខអ្នកទស្សនាក៏បន្តធ្លាក់ចុះគួរអោយកត់សម្គាល់ទៅទៀត។ មន្ត្រីដែលពាក់ព័ន្ធនឹងការចែកចាយរឿងនេះ បង្ហាញពីការខកចិត្តដោយសារតែរឿងទាំងមូលសុទ្ធតែមានការសរសើរថាមានគុណភាព និងល្អមើល តែមិនដឹងយ៉ាងមិចបែរជាមានសញ្ញាណធ្លាក់ទឹកដល់ម្លឹង។ មានការបន្ទោសថាហេតុផលដែលរឿងនេះមិនសូវមានអ្នកទស្សនាច្រើន គឺអាចដោយសារតែតួសម្ដែងក្នុងរឿងគឺលោកប៉ែន ចំរ៉ុង ដែលត្រូវបានមហាជនរិះគន់រឿងស្នេហាប្រេះឆាជាមួយនឹងអ្នកនាង ភិន សុដាលីស ដែលសុខចិត្តរត់ចោលផ្ទះ ចោលឪពុកចោលម្ដាយទៅរួមរស់ជាមួយ តែចុងក្រោយបានបោះបង់នាង។ ប៉ុន្តែមនុស្សមួយក្រុមទៀតបានទម្លាក់កំហុសថាបណ្ដាលមកពីផលិតកម្មមហាហង្សផ្ដល់សិទ្ធិចែកចាយអោយក្រុមហ៊ុនមួយផ្សេងទៀត ហើយមិនជួយបំផុសអោយមានការចាប់អារម្មណ៍មុនពេលដាក់បញ្ចាំង។
លោកអ៉ិន ច្រានចោលចំពោះការលើកឡើងនោះ ដោយលោកថាទោះលោកមិនចូលចិត្តលោក ប៉ែន ចំរ៉ុង តែលោកក៏បានប្រឹងប្រែងផ្សព្វផ្សាយតាមផេក និងបានប្រសិទ្ធិអោយក្រុមហ៊ុនទទួលសិទ្ធិចែកចាយធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដូចគ្នា។ លោកថារឿងនេះលោកចំណាយការផលិតអស់ដល់រាប់ម៉ឺនដុល្លារ ។ ដូច្នេះមិនមានហេតុផលណាមួយដែលលោកមិនជួយរួមចំណែកដើម្បីអោយមានការចាប់អារម្មណ៍មុនពេលបញ្ចាំងរឿងនោះទេ បើទោះជាលោកបានប្រគល់សិទ្ធិចែកចាយអោយក្រុមហ៊ុនពូព្រហ្ម ព្រោះតែរវល់ផលិតរឿងមិនមានពេលផលិតចាត់ចែងផ្ទាល់ខ្លួន។ លោកថាខ្លួនបានចំណាយលុយបំបុកលើផេក ក្នុងការប្រូម៉ូដTrailer រឿង ប៉ុន្តែលោកកត់សម្គាល់ថាចំណាប់អារម្មណ៍ហាក់មិនមានច្រើនទេ ដោយតួលេខចែកចាយបន្តមានចំនួនតិច បើធៀបនឹងTrailer របស់រឿងផ្សេងទៀត ដែលលោកចំណាយលុយបំបុកលើផេកដូចគ្នា ដែលមានអ្នកទស្សនាដល់រាប់លានដង។ លោកសារភាពរឿង«អាមោកលក់ម៉ាំ»មានអ្នកទស្សនាតិចជាងការរំពឹងទុក ដោយលោកមិនទាន់បានទទួលព័ត៌មានផ្លូវការពីការលកក់សំបុត្រនៅឡើយទេ តែលោកបានដំណឹងថាមានអ្នកទស្សនាមិនច្រើនក្នុងប៉ុន្មានថ្ងៃនេះ។ លោកថារឿងមួយនេះចំណាយមិនតិចជាង៥ម៉ឺនដុល្លារនោះទេ ដោយសារតែលោកចំណាយលុយអញ្ជើញសុទ្ធតែតួល្បីៗអោយសម្ដែងកាលជំនាន់លោកប៉ែន ចំរ៉ុងឡើងកូដ និងបានសម្រាំងគុណភាពរឿងអោយល្អឥតខ្ចោះ ប៉ុន្តែមកដល់ថ្ងៃនេះលោកថាទទួលបានចំណូលមិនច្រើន មិនខុសពីអ្វីដែល«ផុសកម្សាន្ត»ចោទសួរ។ យ៉ាងណាមិញ លោកនៅតែជឿជាក់ខ្សែរឿងមួយនេះនឹងមានក្ដីរំពឹងថាមានអ្នកទស្សនាច្រើនមុនពេលទម្លាក់ចេញពីរោង ដោយសម្អាងថាភាពយន្តរឿង«អាមោកលក់ម៉ាំ»មានសាច់រឿងល្អ។ លោកទទូចកុំអោយអ្នកទស្សនាយល់ថាទាល់តែរឿងតួអ្នកនេះទើបមើល ហើយរឿងតួអ្នកនោះមិនមើល ដោយស្នើអោយផ្ដោតលើគុណភាពរឿង និងសាច់រឿងវិញ។ លោកថាសប្បាយចិត្តដែលអ្នកទស្សនាសុទ្ធតែសរសើរថារឿងនេះល្អមើល តែចម្លែកត្រង់រឿងមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចង់ទិញសំបុត្រទស្សនា៕
មតិយោបល់