ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាំងប្ដីទាំងប្រពន្ធ ចេញមុខការពារចំណងស្នេហ៍ ក្រោយល្បីថាមានការលែងគ្នាស្ងាត់ៗ

តបនឹងព័ត៌មាន ដែលបានព្រលយថា តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya និងស្វាមីក្មេង បានលែងលះគ្នាស្ងាត់ៗ គូស្នេហ៍មួយគូនេះ ទាំងប្ដីទាំងប្រពន្ធ ចេញមុខប្រតិកម្មព្រមគ្នាតែម្ដង ដើម្បីប្រកាសថា ចំណងស្នេហ៍របស់ខ្លួនរឹងមាំ។ អ្នកទាំងពីរបានទាំងព្រលយថា ដើមចមនៃដំណឹងអកុសលដែលមិនអាចទទួលយកបាននេះ ទំនងបណ្ដាលពីមានអ្នកឈ្នានីសបញ្ចេញព័ត៌មានមិនពិត ឬអាចមានអ្នកជួលឲ្យបង្ខូចឈ្មោះអ្នកនាង និងស្វាមីនោះផង។

នៅក្នុងម៉ោង Live កាលពីថ្ងៃទី១៨ ខែមិថុនា អ្នកនាង Love Riya ដែលត្រូវគេស្គាល់ថា ជាអ្នកលក់អនឡាញដ៏ល្បីល្បាញ ជាពិសេសផលិតផលម្សៅ លេ ថ្នាំសម្រកទម្ងន់ និងផលិតផលសាច់ស្អាតជាដើម បានបញ្ជាក់ថា រវាងអ្នកនាង និងស្វាមី អត់មានរឿងរ៉ាវមិនចុះសម្រុងនឹងគ្នាក្រោយពេលរៀបការ និងរឹតតែមិនមានតែម្ដង សម្រាប់ការបង្ខូចថា ស្វាមីអ្នកនាងដើរដាច់យប់ជាប្រចាំ រហូតដល់ថ្នាក់នាងបណ្ដេញចេញ ហើយស្វាមីរត់ទៅផ្ទះម្ដាយក្មេកនោះទេ។ អ្នកនាងថាកាន់តែហួសចិត្តខ្លាំង ដែលអ្នកនាងក៏រវល់ ហើយស្វាមីដែលជានិស្សិតពេទ្យ មានការងារចុះស្ដារ និងការងារផ្ទាល់ខ្លួន ត្រូវចេញក្រៅប្រទេសផងក៏រវល់ មិនសូវបានដើរទៅណាមកណាក្នុងប៉ុន្មានថ្ងៃចុងក្រោយ ស្រាប់តែមានដំណឹងថា អ្នកនាង និងស្វាមីបែកបាក់គ្នាបែបនេះ។ អ្នកនាងថា នោះគឺជាដំណឹងដែលចង់បង្ខូចឈ្មោះស្វាមីរបស់អ្នកនាង និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនដែលមិនអាចទទួលយកបាន។ យ៉ាងណាមិញអ្នកនាងបង្ហើបថា មិនមានគម្រោងដាក់បណ្ដឹងពីបទបង្ខូចកិត្តិយស និងបំផ្លើសការពិតនោះទេ ដោយសារតែអ្នកនាង រកតែពេលនាំចូល និងផ្សាយលក់ផលិតផលរបស់អ្នកនាងមិនចង់ទាន់។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya ក៏ចេញមុខប្រតិកម្មដូចគ្នាដែរថា លោកមិនដែលដើរលេងដាច់យប់ និងរឹតតែមិនធ្លាប់មានរឿងមិនចុះសម្រុងជាមួយនឹងភរិយា ដោយមានតែអាណិតភរិយាទ្វេរដង ដែលពរពោះផង នៅប្រឹងរកលុយតាមអនឡាញយ៉ាងសកម្ម។ លោកថាខ្លួននៅឆ្ងាយពីភរិយា តែពេលមានធុរៈចុះស្ដារ ពេលរៀនពេទ្យ និងពេលទៅក្រៅម្ដងៗ តែបើក្រៅពីនោះ គឺមិនដែលនៅឆ្ងាយពីភរិយាឡើយ។ លោកថា អ្នកនាង Love Riya ដ្បិតថាមានវ័យច្រើនជាងលោកបន្តិចមែន ប៉ុន្តែបើលោកក្មេងតែអាយុ ហើយសង្ហារតែរូបរាង ខ្វះគំនិត ក៏ភរិយារបស់លោក មិនយកធ្វើប្ដីនោះដែរ។ លោកចាត់ទុកថា ព័ត៌មានដែលបង្ខូចឈ្មោះលោក មានបំណងចង់បំបែកបំបាក់ទំនាក់ល្អរវាងខ្លួន និងភរិយា ខណៈដែលគ្រាន់តែចេញដំណឹងអកុសលនោះភ្លាម អ្នកខ្លះមិនដឹង ក៏មាក់ងាយលោក និងភរិយា ដោយស្មានថាពួកខ្លួន មិនចេះរក្សាចំណងអាពាហ៍ពិពាហ៍ក្រោយរៀបការ។ លោកថា មិនត្រូវការប្ដឹងផ្ដល់នោះទេ ប៉ុន្តែបើមានការបង្ខូចឈ្មោះណាមួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសទៀត លោក និងភរិយា នឹងមានវិធានការ៕

មតិយោបល់