មកទល់ពេលនេះមានការទទួលស្គាល់កាន់តែច្រើនថាព្រឹត្តិការណ៍កម្រាលព្រំក្រហមសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ឧសភា នៅស្ដាតអូឡាំពិកគឺព្រឹត្តិការណ៍ធំកម្រមួយ ដោយសារតែមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាៗ និងផលិតករល្បីរហូតទៅដល់ជាង១០០នាក់នៅលើកម្រាលព្រំ។ នេះជាជោគជ័យមួយដែលតារាសិល្បៈនៅក្នុងប្រទេសកម្ពុជារួមគ្នាសម្រេចបានខណៈព្រឹត្តិការណ៍នេះត្រូវបានគ្រួសារតារាកម្ពុជា ប្រកាសរៀបចំអោយបានមួយឆ្នាំម្ដង និងពង្រីកខ្លួនអោយកាន់តែធំ ដើម្បីលើកស្ទួយដល់មុខមាត់អ្នកសិល្បខ្មែរ និងដើម្បីស្វែងរកជំនួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ទិដ្ឋភាពដែលនឹងបង្ហាញនេះគ្រាន់តែជាឈុតមួយក្នុងវគ្គបង្ហាញខ្លួនរបស់តារាសម្ដែងល្បីៗបន្ថែមពីលើការច្រៀងរាំ និងកំប្លែងរបស់តារាល្បីៗប៉ុណ្ណោះ ប៉ុន្តែទិដ្ឋភាពនេះត្រូវគេចាត់ទុកថាមានការរៀបចំបានរស់រវើក និងធ្វើអោយតារាសិល្បៈដែលបានចូលរួមទទួលបាននូវកិត្តិយសគួរជាទីមោទន។ តារាៗដែលបានបង្ហាញខ្លួនដើរម៉ូដនៅក្នុងពិធីនោះ សុទ្ធតែបង្ហាញពីអារម្មណ៍រំភើប ក្នុងពេលដែលគណអធិបតីដូចជាលោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងយុគ ចិន្តា កញ្ញាឌួង ហ្សូររីដា និងលោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្សដែលបានឡើងប្រគល់ប័ណ្ណសរសើរជូនដល់តារាៗនៅក្នុងវគ្គនេះ ក៏បង្ហាញពីអារម្មណ៍រំជួលចិត្តសម្រាប់ការបង្ហាញខ្លួននៅលើកម្រាលព្រំនាថ្ងៃនោះ។ យ៉ាងណាមិញលោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានប្រកាសថាថវិកាដែលទទួលបានពីការបរិច្ចាគនៅក្នុងពិធីនោះមិនទទួលបានច្រើននោះទេ ដោយសារតែមានភ្លៀងមួយមេធំ បណ្ដាលអោយប្រតិភូដែលត្រូវបានអញ្ជើញភាគច្រើនអវត្តមាន ហើយសកម្មភាពរៃអង្គាសថវិកាពីសំណាក់អ្នកទស្សនាក៏មានចំនួនតិច។ លោកថាព្រឹត្តិការណ៍នេះ មិនត្រូវបានយកថវិកាដែលប្រមូលបាននៅថ្ងៃពិធីទៅស៊ីសងលើការចំណាយនោះទេ ដោយសារតែសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាដែលដៃគូសហការគឺជាអ្នករ៉ាប់រងការចាត់ចែងនោះ។
https://www.youtube.com/watch?v=rl-Nd757TnA
មតិយោបល់