កណ្ដាលៈ ស្ត្រីម្នាក់នៅតែចោទប្រកាន់ថា បុរសម្នាក់បានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច តែបុរសជនជាប់ចោទបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ តុលាការខេត្តកណ្ដាល បានចំណាយពេលពេញមួយរសៀលថ្ងៃទី២៣ ខែឧសភា ដើម្បីសួរដេញដោលសំណុំរឿងស្រីប្រកាន់ ប្រុសប្រកែកនេះ ។ ទីបំផុត លោក សាយ សម្ផស្សសេរី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចថា នឹងប្រកាសសាលក្រមរឿងនេះ នាព្រឹកថ្ងៃទី៣ ខែមិថុនា ខាងមុខ។
អនុរក្សពន្ធនាគារ ថ្លែងថា ជនជាប់ចោទឈ្មោះ ឃឹម ម៉ៅ អាយុ៣៣ឆ្នាំ ជាប់ចោទពីបទ”រំលោភសេពសន្ថវៈ” ប្រព្រឹត្តនៅភូមិតាគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំ ទៅ១០ឆ្នាំ ។
ក្នងសវនាការស្ត្រីរងគ្រោះអាយុជាង៣០ឆ្នាំ នៅតែចោទប្រកាន់ថា បុរសជាប់ចោទពិតជាបានរំលោភសេពសន្ថវៈលើរូបនាងរហូតបានសម្រេចប្រាកដមែន ។ នាងស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៥០០០ដុល្លារអាមេរិក ។ រីឯបុរសជាប់ចោទ បដិសេធថា ខ្លួនពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ សូមឲ្យតុលាការរកយុត្តិធម៌ផង ។
លោកស្រី ស៊ូ សុជាតា ជាតំណាងអយ្យការ សន្និដ្ឋានថា ពិតជាមានបទល្មើសរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះពិតប្រាកដមែន ស្នើក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ ។
មេធាវីការពារជនជាប់ចោទ អះអាងថា ការចោទប្រកាន់នេះជាទម្រង់គ្មានភស្តុតាង ស្ថិតនៅជាការស្រពិចស្រពិល ឬ មានវិមតិសង្ស័យ ដោយស្នើតុលាការលើកលែងការចោទប្រកាន់លើកូនក្ដី ។
ដោយឡែកលោកស្រី ជាតិ សុខា មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណី សន្និដ្ឋានថា មានបទល្មើសរំលោភសេពសន្ថវៈមែន មិនមែនជាការប្រឌិតទេ ព្រោះតែជនជាប់ចោទបានចាប់រំលោភហើយ ថែមសើចចំអកដល់ស្ត្រីរងគ្រោះ ទើបឈានដល់ការប្តឹងផ្តល់នេះ ។
បើតាមមន្ត្រីតុលាការ ជនជាប់ចោទ ឃឹម ម៉ៅ នៅមានសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈមួយករណីទៀត កាលពីចុងឆ្នាំ២០១៦ ដែលប្រព្រឹត្តលើស្ត្រីរងគ្រោះដដែល ៕
មតិយោបល់